​ទោះបី​មានការ​អះអាង​ពី​នាយក​​រដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថា​វី​ស៊ីន ថា ក្រោយ​ការដោះលែង​ឱ្យនៅ​ក្រៅ​ការឃុំ​ឃាំង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​ក្លាយជា​ប្រជាជន​សាមញ្ញ​ម្នាក់ ប្រជា​ប្រិយភាព និង​ឥទ្ធិពល​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ នៅតែ​អង្រួន​សង្គម​ថៃ​ឱ្យមាន​ការជជែក ដេញដោល​ពី​ភាពត្រឹមត្រូវ​នៃ​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល  ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ​។​

​ក្រោយ​ការដោះលែង​ឱ្យនៅ​ក្រៅ​ការឃុំ​ឃាំង​ពី​មន្ទីរពេទ្យ​ប៉ូលិស ​កាល​ថ្ងៃទី​​ ១៨ ខែកុម្ភៈ ​តាមរយៈ​ការអនុវត្ត​ព្យួរទោស គណបក្ស​ឆ្ពោះទៅមុខ (Move Foreward Party) ដែលជា​បក្ស​ឈ្នះឆ្នោត​ភាគច្រើន ប៉ុន្តែ​បរាជ័យ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ ហើយ​ក្លាយជា​បក្សប្រឆាំង​ធំ​បំផុត​របស់​ប្រទេស​ថៃ បាន​ប្រើប្រាស់​បណ្តាញ​សង្គម ចែក​​រំលែក​សារ ដែល​ចោទសួរ​ភាព​​ត្រឹមត្រូវ​នៃ​ការអនុវត្ត​ច្បាប់​។​

​អតីតមន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋា​ភិ​បាល​ដឹកនាំ​ដោយ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា  ​លោក  Phumtham Wechayachai ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ថៃ ដែលជា​ឧបនាយករដ្ឋមន្ត្រី​ផងដែរ​នោះ បាន​ច្រានចោល ការជជែក​ទាំងឡាយ​អះអាងថា អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ដែល​ទើប​ដោះលែង​នៅក្រៅ​ឃុំ នឹង​ចាប់ផ្តើម​ប្រើ​ឥទ្ធិពល​លើ​រដ្ឋបាល​របស់​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ សារព័ត៌មាន The Nation​ បាន​ដកស្រង់​សម្តី លោក​រដ្ឋមន្ត្រី Phumtham ដែល​និយាយ​នៅ​ថ្ងៃទី​ ១៩ ខែកុម្ភៈ​ថា អ្នក​ទាំងឡាយណា​ដែលមាន​ក្តី​បារម្ភ​លើ​ឥទ្ធិពល​របស់​អតីត​​នាយករដ្ឋមន្ត្រី គឺ​ជាប់គាំង​នៅក្នុង​រឿង​អតីតកាល​។​

​លោក ថាក់ស៊ីន ជា​ស្ថាបនិក​នៃ​គណបក្ស ថៃ​ស្រឡាញ់​ថៃ ឬ​ហៅថា (Thai Rak Thai) ដែល​ក្រោយមក​ក្លាយជា​បក្ស​ភឿ​ថៃ នាពេល​បច្ចុប្បន្ន​ត្រូវបាន​គេ​ជឿថា មានការ​គោរព​ចំពោះ​សមាជិក​សំខាន់ៗ ដែល​ធ្លាប់​បម្រើការ​ងារ​ដឹកនាំ​ដោយ​លោក​ថាក់ស៊ីន រួមទាំង លោក Phumtham ដែល​កាន់​តួនាទី​ជាន់ខ្ពស់​នៅ​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​។​

​លោក ថាក់ស៊ីន បាន​វិលត្រឡប់​ទៅកាន់​ភូមិគ្រឹះ​ផ្ទាល់​របស់លោក​វិញ កាល​ថ្ងៃទី ១៨ ខែកុម្ភៈ បន្ទាប់​ពី​បាន​ឃុំខ្លួន​នៅ​មន្ទីរពេទ្យ​ប៉ូលិស​រយៈពេល ​១៨០​ ថ្ងៃ ក្រោយពេល​លោក​ត្រឡប់មក​មាតុភូមិ​វិញ​ពី​ការ​និរទេស​ខ្លួនឯង ១៥ ​ឆ្នាំ​។​

​នៅពេល​អ្នកសារព័ត៌មាន​សួរ​អំពី​លទ្ធភាព​ដែល​លោក​ថាក់​​ស៊ីន​នឹង​ជួយ​ពង្រឹង​បក្ស​ភឿ​ថៃ​ឬ​យ៉ាងណា​? លោក Phumtham បាន​និយាយថា គណបក្ស​មាន​ភាពរឹងមាំ និង​ប្តេជ្ញាចិត្ត​ក្នុងការ​​ថែរក្សា​ប្រជាជន​រួចហើយ​។​

​លោក​បាន​ថ្លែងថា​៖ «​កម្លាំង​របស់​គណបក្ស​ភឿ​ថៃ​មិន​អាស្រ័យ​លើ​បុគ្គល​ណា​ម្នាក់​ទេ​»​។​

​ចំពោះ​សំណួរ​ដែល​លើកឡើង​ដែរ​ថា​តើ​លោក​ថាក់ស៊ីន​នឹង​ដើរតួ​ក្នុង​ការងារ​របស់​រដ្ឋា​ភិ​បាល​ដែរឬទេ​? លោក Phumtham បាន​និយាយថា អតីត​នាយក​រដ្ឋ​មន្ត្រី​បានបញ្ជាក់​រួចហើយ​ថា​លោក​ចង់​ចំណាយ​ពេលដែល​នៅសល់​ជាមួយ​គ្រួសារ​របស់គាត់​។

លោក​បញ្ជាក់ថា​៖ «​សូមកុំ​បារម្ភ ហើយ​កុំ​ធ្វើ​នយោបាយ​ក្នុង​រឿងនេះ​។ កុំ​បារម្ភ​ថា​នឹងមាន​នាយករដ្ឋមន្ត្រី ២ ​នៅក្នុង​រដ្ឋាភិបាល​រប​ស់​យើង​»​។​

​ជុំវិញ​ការដោះលែង លោក ថាក់ស៊ីន លោក Phumtham បាន​និយាយថា វា​នឹងមិន​ប៉ះ​​ពាល់​ដល់​ប្រព័ន្ធយុត្តិធម៌​របស់​ប្រទេស​ទេ ព្រោះ​លោក​ថាក់​ស៊ីន​ត្រូវបាន​ដោះលែង​ស្រប​តាមច្បាប់​។​

​លោក​បាន​បន្ថែមថា អ្នក​រិះគន់​មានការ​រើសអើង​ខ្លាំងពេក​ចំពោះ​លោក​ថាក់ស៊ីន​។​តាម​ការ​ស្រង់​សម្តី​របស់ ​The Nation សមាជិក​ព្រឹទ្ធសភា លោក Kittisak Ratanawaraha បាន​រិះគន់​ការដោះលែង​នេះ ហើយ​ថា លោក​ថាក់ស៊ីន​មិនបាន​ចំណាយពេល​សូម្បី​ ១ ​ថ្ងៃ​នៅក្នុង​កន្លែង​ឃុំខ្លួន​ផង ហើយ ការឈឺ​ក​អាចជា​រឿង​មិន​ពិត​ផងដែរ​។ លោក​និយាយថា​៖ «​នេះ​ជា​រឿង​អយុត្តិធម៌​ចំពោះ​អ្នកទោស​ជាង ​២០ ​ម៉ឺន​នាក់​ផ្សេងទៀត​»៕