ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានឱ្យដឹងកាលពីថ្ងៃអង្គារថា អាមេរិក នឹងប្រកាសពីកញ្ចប់ទណ្ឌកម្មដ៏ធំថ្មីមួយប្រឆាំងនឹងរុស្ស៊ី នៅថ្ងៃសុក្រ ខាងមុខ ដើម្បីជាការឆ្លើយតបទៅនឹងការស្លាប់របស់មេបក្សប្រឆាំងរុស្ស៊ី លោក អេឡិចហ្ស៊ី ណាវ៉ាល់នី (Alexei Navalny) និងគម្រប់ខួប ២ ឆ្នាំនៃការឈ្លានពានអ៊ុយក្រែន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោកបៃដិនបានបង្ហើបពីបញ្ហានេះ ទៅកាន់អ្នកសារព័ត៌មាន នៅពេលលោកចេញដំណើរទៅរដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។
យ៉ាងណាមិញ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក ជេក ស៊ូលីវ៉ាន (Jake Sullivan) បាននិយាយថា ការដាក់ទណ្ឌកម្មចុងក្រោយបំផុតប្រឆាំងនឹងរុស្ស៊ី នឹងកំណត់លើគោលដៅជាច្រើន រួមទាំងវិស័យការពារជាតិ និងឧស្សាហកម្មក៏ដូចជាប្រភពចំណូលសេដ្ឋកិច្ចនៃប្រទេសនេះ។
បន្ថែមពីលើនេះ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក ចន ឃឺរប៊ី បានថ្លែងថា កញ្ចប់ទណ្ឌកម្មថ្មី ធ្វើឱ្យរុស្ស៊ីមានទំនួលខុសត្រូវសម្រាប់អ្វីដែលបានកើតឡើងចំពោះលោក ណាវ៉ាល់វី និងសម្រាប់សកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា កញ្ចប់ទណ្ឌកម្មមួយ ត្រូវបានគ្រោងរួចរាល់ហើយ ដើម្បីប្រារព្ធខួបលើកទី ២ នៃសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែក្រោយមក អាមេរិកក៏បានពិចារណាឡើងវិញ ដើម្បីបន្ថែមទណ្ឌកម្មឆ្លើយតបនឹងការស្លាប់របស់លោក ណាវ៉ាល់នី។
កន្លងមក រដ្ឋាភិបាលអាមេរិកក៏បានដាក់ទណ្ឌកម្មផងដែរលើរុស្ស៊ី ពាក់ព័ន្ធនឹងការបំពុល និងការចាប់ដាក់គុក លោក ណាវ៉ាល់នី ក្នុងឆ្នាំ ២០២០ ដោយទណ្ឌកម្មទាំងនោះផ្តោតទៅលើមនុស្ស ដែលមានទំនាក់ទំនងជាមួយសេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី និងមន្ត្រីដទៃទៀត។
លោក ណាវ៉ាល់នី បានស្លាប់កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រោយដួលសន្លប់ក្នុងគុកនៅតំបន់អាកទិក។ នេះបើតាមមន្ត្រីពន្ធនាគារនៅទីនោះ។ យ៉ាងណាមិញ ក្រុមអ្នករិះគន់បានចោទប្រកាន់រដ្ឋាភិបាលរុស្ស៊ីថាជាអ្នកសម្លាប់លោក ណាវ៉ាល់វី ហើយទាមទារឱ្យមានតម្លាភាពលើការស្លាប់នេះ។ រដ្ឋាភិបាលរុស្ស៊ីបានច្រានចោលការចោទប្រកាន់៕