ទីភ្នាក់ងារសន្តិសុខអេស្តូនី បានឱ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនបានចាប់ខ្លួនមនុស្ស ១០ នាក់ ដែលជាប់ការសង្ស័យថាបានប្រព្រឹត្តអំពើបំផ្លិចបំផ្លាញ បង្កការភ័យខ្លាច និងបង្កើនភាពតានតឹងក្នុងប្រទេសបាល់ទិកមួយនេះ ក្រោមប្រតិបត្តិការដែលសម្របសម្រួល ដោយភ្នាក់ងារចារកម្មរុស្ស៊ី។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
សេវាសន្តិសុខផ្ទៃក្នុងអេស្តូនី បាននិយាយថា ក្នុងចំណោមជនសង្ស័យ ដែលឃុំខ្លួននៅចន្លោះខែធ្នូ និងខែកុម្ភៈ មានមួយចំនួនបានជាប់ពាក់ព័ន្ធនឹងការវាយបំបែកកញ្ចក់រថយន្តរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេស្ដូនី លោក Lauri Laanemets និងអ្នកកាសែតអេស្តូនីម្នាក់ កាលពីខែធ្នូ ឆ្នាំមុន។
ភ្នាក់ងាររដ្ឋាភិបាលដដែលនិយាយយ៉ាងដូច្នេះថា៖ «ព័ត៌មានដែលប្រមូលបាននាពេលបច្ចុប្បន្នក្នុងដំណើរការនីតិវិធីព្រហ្មទណ្ឌបង្ហាញថាភ្នាក់ងារចារកម្មរុស្ស៊ីបានសម្របសម្រួលប្រតិបត្តិការកូនកាត់ (ប្រតិបត្តិការដែលប្រើប្រាស់វិធីសាស្រ្តផ្សេងៗរួចបញ្ចូលគ្នា) ប្រឆាំងនឹងសន្តិសុខនៃសាធារណរដ្ឋអេស្តូនី ដោយពាក់ព័ន្ធនឹងជនសង្ស័យដែលត្រូវបានឃាត់ខ្លួន»។
ភ្នាក់ងារបន្តថា៖«អ្វីដែលសេវាសន្តិសុខផ្ទៃក្នុងអេស្តូនីដឹង គោលបំណងរបស់សកម្មភាពរបស់ពួកគេ គឺដើម្បីបង្កការភ័យខ្លាច និងបង្កើតភាពតានតឹងនៅក្នុងសង្គមអេស្តូនី»។
ទំនាក់ទំនងរបស់អេស្តូនីជាមួយរុស្ស៊ីដែលនៅជិតខាង ស្ថិតក្នុងភាពមិនស៊ីចង្វាក់គ្នារាប់តាំងពីអេស្តូនីទទួលឯករាជ្យពីសូវៀតក្នុងឆ្នាំ ១៩៩១ មក។ អេស្ដូនី ដែលមានជនជាតិដើមរុស្ស៊ីរស់នៅជាច្រើននោះ បច្ចុប្បន្នជាសមាជិករបស់អង្គការណាតូ និងសហភាពអឺរ៉ុប ខណៈរុស្ស៊ីតែងនៅមិនសុខចំពោះវត្តមានជាប់របងបែបនេះរបស់ណាតូ៕