​វេជ្ជបណ្ឌិត​​ហាត់ការជាង ១៦០០ នាក់ ​នៅតាម​បណ្ដា​មន្ទីរពេទ្យសំខាន់ៗ របស់​កូរ៉េខាងត្បូង​ នៅ​ពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០២៤ បាននាំគ្នា​រៀបចំ​បាតុកម្ម​ប្រឆាំងនឹង​សំណើ​របស់​រដ្ឋាភិបាល​ដែល​ចង់​បង្កើន​ចំនួន​សិស្ស​និស្សិត​ពេទ្យ​បន្ថែម ឱ្យចូល​រៀន​នៅ​សាលា​វេជ្ជសាស្ត្រ។ ព្រឹត្តិការណ៍​នេះ​បាន​បង្កឱ្យមាន​ក្តីបារម្ភ​អំពី​ភាពយឺតយ៉ាវ​ក្នុងការ​វះកាត់​ព្យាបាល និង​ការថែទាំ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ។

រដ្ឋាភិបាល​កូរ៉េខាងត្បូង​គ្រោង​នឹង​បង្កើន​ចំនួន​សិស្ស​ចូលរៀន​នៅ​សាលា​ពេទ្យ​ចំនួន ២០០០ នាក់ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​សិក្សា ២០២៥ និង​ឆ្ពោះទៅកាន់​គោលដៅ​ចំនួន​សរុប ១០០០០ នាក់​នៅ​ឆ្នាំ ២០៣។ ជាការ​ឆ្លើយតប គ្រូពេទ្យ​និង​អ្នក​ហាត់​ការប្រមាណ​ជា ៦៤០០ នាក់​ក្នុងចំណោម ១៣០០០ នាក់​នៅ​មន្ទីរពេទ្យធំៗ បានដាក់​ពាក្យ​លាឈប់​ពី​ការងារ។ គិត​ត្រឹម​ម៉ោង ១១ យប់ ​ថ្ងៃ​ចន្ទ​ ចំនួន​គ្រូពេទ្យ​ប្រហែល ១៦៣០ នាក់​បាន​លាឈប់​ដោយ​ជោគជ័យ នេះ​បើ​យោងតាម​ក្រសួងសុខាភិបាល​កូរ៉េខាងត្បូង។

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យូ​ន ស៊ុ​ក​យ៉ុ​ល (Yoon Suk Yeol) បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថា ការបង្កើន​ចំនួន​សិស្ស​នៅ​សាលា​ពេទ្យ​មាន​សារៈសំខាន់​ណាស់​ សម្រាប់​ការទទួលបាន​ការថែទាំ​សុខភាព​កាន់តែ​ប្រសើរឡើង​នៅតាម​តំបន់​ដាច់ស្រយាល និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿនលឿន។ លោក​បាន​សង្កត់ធ្ងន់ថា កិច្ចការ​នេះ​មិនអាច​ពន្យារ​បាន​ទៀត​ទេ។

បើទោះបីជា​មានការ​ណែនាំ​ពី​រដ្ឋាភិបាល​ឲ្យ​ក្រុមគ្រូពេទ្យ និង​វេជ្ជបណ្ឌិត បន្ត​បំពេញ​មុខងារ​របស់ខ្លួន​ក៏ដោយ ក៏​ពួកគេ​នៅតែ​បន្តធ្វើ​កូដកម្ម។ ជា​លទ្ធផល មន្ទីរពេទ្យធំៗត្រូវ​កែសម្រួល​កាលវិភាគ​វះកាត់ និង​ការ​ណាត់ជួប​អ្នកជំងឺ​ជាដើម។ ឧទាហរណ៍ លោក ផាក គី​ជូ (Park Ki-joo) អាយុ ៦៥ ឆ្នាំ​ ត្រូវ​ចំណាយពេល​មួយ​យប់​នៅ​ទីក្រុង​សេ​អ៊ូ​ល​ជាមួយ​កូនស្រី​អាយុ ៩ ឆ្នាំ​របស់គាត់​ដែល​បានគ្រោង​នឹងធ្វើ​ការវះកាត់​នៅ​មន្ទីរពេទ្យ​ធំ​មួយ។

លោក ផាក​ដែលជា​ពលរដ្ឋ​រស់នៅក្នុង​ទីក្រុង​ឆេ​វ៉ន (Cherwon) ភាគ​ខាងជើង​ប្រទេស បាន​និយាយប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ(Reuters)ថា ៖ «ខ្ញុំ​មិនមែន​អ្នករស់នៅ​ទីនេះ​ទេ ដូច្នេះ​ខ្ញុំ​ត្រូវ​រក​កន្លែង​ស្នាក់នៅ​សិន​ដើម្បី​រង់ចាំ។ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​បារម្ភ​ជាង​នេះ​គឺ​វា​អាច​ត្រូវការ​ពេល​យូរ​ជាង​នេះ​សម្រាប់​កូនស្រី​ខ្ញុំ​ក្នុង​ការទទួល​ការវះកាត់​ព្យាបាល»។

ដោយឡែក នាយករដ្ឋមន្ត្រី លោក​ហាន ឌុ​ក​ស៊ូ (Han Duck-soo) បាន​អំពាវនាវ​ឱ្យ​ក្រុមគ្រូពេទ្យ​កុំ​យកអាយុ​ជីវិត​មនុស្ស​ទៅធ្វើជា​ចំណាប់ខ្មាំង ហើយ​លោក​បានប្រកាស​ដាក់ចេញ​ឱ្យ​អនុវត្ត​វិធានការ​សង្គ្រោះបន្ទាន់ ដូចជា​ការហៅ​ទូរ​សព្ទ ការបង្កើន​ប្រតិបត្តិការ​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​ការបើក​គ្លីនិក​យោធា​ជាដើម។

កាលពី​សប្តាហ៍​មុន ការស្ទង់មតិ​របស់ Gallup Korea បាន​បង្ហាញថា​ប្រហែល ៧៦% នៃ​ប្រជាជន​កូរ៉េខាងត្បូង ​គាំទ្រ​សំណើរ​ដើម្បី​បង្កើន​ចំនួន​និស្សិត​ពេទ្យ។ ការបង្កើន​ចំនួន​និស្សិត​ពេទ្យ​នេះ​កើតឡើង​ដោយសារតែ​មានការ​ព្រួយបារម្ភ​អំពី​កង្វះ​វេជ្ជបណ្ឌិត ជាពិសេស​វេជ្ជបណ្ឌិត​ផ្នែក​កុមារ ផ្នែក​អង្គភាព​សង្គ្រោះបន្ទាន់ និង​គ្លីនិក​នៅ​ខាងក្រៅ​តំបន់​ទីក្រុង​សេ​អ៊ូ​ល។

គិត​ត្រឹម​ឆ្នាំ ២០២២ កូរ៉េខាងត្បូង​ មាន​ចំនួន​ប្រជាជន​សរុប ៥២ លាន​នាក់ និង​មាន​វេជ្ជបណ្ឌិត​ត្រឹមតែ ២,៦ នាក់ ​ក្នុងចំណោម​ប្រជាជន ១០០០ នាក់​ប៉ុណ្ណោះ ដែល​ចំនួន​នេះ ទាប​ជាង​មធ្យមភាគ​របស់​ក្រុម​ប្រទេស ​OECD ដែលមាន ៣,៧ នាក់។យ៉ាងណាក៏ដោយ ក្រុម​វេជ្ជបណ្ឌិត និង​ក្រុមនិស្សិត​ពេទ្យ​បានប្រកែក​ថា បច្ចុប្បន្ននេះ​មាន​គ្រូពេទ្យ​គ្រប់គ្រាន់​ហើយ ហើយ​ការបង្កើន​ចំនួន​និស្សិត​ពេទ្យ អាច​បណ្តាលឱ្យ​កើតមាន​នីតិវិធី​វេជ្ជសាស្ត្រ​មិនចាំបាច់ និង​ធ្វើឱ្យប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​នៃ​ផែនការ​ធានារ៉ាប់រង​សុខភាព​ជាតិ។

ក្រុម​វេជ្ជបណ្ឌិត​ក៏បាន​រិះគន់​រដ្ឋាភិបាល​ផងដែរ​ថា ​មិនបាន​ពិគ្រោះ​យោបល់​ជាមួយ​ពួកគេ។ លោក ផាក ដាន (Park Dan) ដែលជា​ប្រធាន​សមាគម​អ្នក​ហាត់​ការ និង​អ្នករស់នៅ​ប្រទេស​កូរ៉េ បានប្រកាស​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​លោក​បានដាក់​ពាក្យ​លាឈប់​ពី​តំណែង​កាលពី​ថ្ងៃ​ចន្ទ ដោយសារតែ​លោក​មិន​ពេញ​ចិត្តនឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល៕