អង្គការសុខភាពពិភពលោក (WHO) បានសម្តែងការព្រួយបារម្ភអំពីការរីករាលដាលដ៏ឆាប់រហ័សនៃជំងឺកញ្ជ្រឹល។កាលពីឆ្នាំ ២០២៣ ជំងឺកញ្ជ្រឹលជាង ៣០៦ ០០០ ករណី បានកើតឡើងនៅទូទាំងពិភពលោក ពោលគឺកើនឡើង រហូតដល់ ៧៩% ធៀបឆ្នាំ ២០២២។
លោកស្រី Natasha Crowcroft ទីប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកខាងផ្នែកជំងឺកញ្ជ្រឹល និងស្អូច បាននិយាយថា៖«យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាកញ្ជ្រឹលនៅលើពិភពលោក»។
លោកស្រីបានសង្កត់ធ្ងន់ថា ករណីជំងឺកញ្ជ្រឹលច្រើនតែត្រូវបានរាយការណ៍តិចតួច មានន័យថា ចំនួនពិតប្រាកដទំនងខ្ពស់ជាងតួលេខដែលបានបង្ហាញផ្លូវការ។ ដើម្បីបង្កើនភាពត្រឹមត្រូវ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បានប៉ាន់ប្រមាណតួលេខជារៀងរាល់ឆ្នាំ ដោយតាមការប៉ាន់ប្រមាណចុងក្រោយបង្អស់បានបង្ហាញថា មានអ្នកកើតកញ្ជ្រឹលចំនួន ៩,២ លានករណី និងការស្លាប់ដោយជំងឺកញ្ជ្រឹលចំនួន ១៣៦ ២១៦ នាក់ក្នុងឆ្នាំ ២០២២។
លោកស្រី Natasha បានកត់សម្គាល់ថា កំណើនករណីកញ្ជ្រឹលនៅឆ្នាំមុនមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។ លោកស្រីបានគូសបញ្ជាក់ថា នៅឆ្នាំ ២០២២ ការស្លាប់មានការកើនឡើង ៤៣% បើធៀបនឹងឆ្នាំ ២០២១។ ជាមួយនឹងការកើនឡើងនៃអ្នកកើតកញ្ជ្រឹលជាបន្តបន្ទាប់ លោកស្រីបាននិយាយទៅកាន់អ្នកកាសែតនៅទីក្រុងហ្សឺណែវថា ចំនួនអ្នកស្លាប់ដោយសារជំងឺកញ្ជ្រឹលនៅឆ្នាំ ២០២៣ ទំនងជាបានកើនឡើងដែរ។
លោកស្រីបានព្រមានថា៖ «ឆ្នាំនេះនឹងមានបញ្ហាប្រឈមជាច្រើន ដោយជាងពាក់កណ្តាលនៃប្រទេសទាំងអស់នៅទូទាំងពិភពលោកបច្ចុប្បន្នត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់នៃការផ្ទុះជំងឺកញ្ជ្រឹលនៅចុងឆ្នាំ ២០២៤»។
បន្ថែមលើនេះ កុមារប្រហែល ១៤២ លាននាក់ ត្រូវបានគេសន្និដ្ឋានថាងាយនឹងកើតជំងឺនេះ។ កញ្ជ្រឹល គឺជាប្រភេទជំងឺដែលអាចប៉ះពាល់ដល់កុមារយ៉ាងខ្លាំង និងងាយឆ្លងទៅពួកគេទៀតផង ដោយសារតែវាបង្កឡើងដោយវីរុស។ ផលវិបាកធ្ងន់ធ្ងររបស់ជំងឺនេះរួមមានដូចជា ពិការភ្នែក ហើមខួរក្បាល រាក និងការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរ។
លោកស្រី Natasha បានសន្មតថាចំនួនកើនឡើងនៃអ្នកកើតជំងឺនេះ មានន័យថា លទ្ធភាពក្នុងការផ្ដល់ការចាក់ថ្នាំបង្ការធ្លាក់ចុះ។ ដើម្បីទប់ស្កាត់ការរាតត្បាត យ៉ាងហោចណាស់ ៩៥% នៃកុមារនៅក្នុងតំបន់មួយត្រូវតែទទួលថ្នាំបង្ការឱ្យបានពេញលេញដើម្បីប្រឆាំងនឹងជំងឺនេះ ប៉ុន្តែអត្រានៃការចាក់វ៉ាក់សាំងជាសកលបានធ្លាក់ចុះរហូតដល់ទៅ ៨៣%។
ករណីកើតជំងឺកញ្ជ្រឹល និងការស្លាប់ពីប្រទេស ១ ទៅប្រទេស ១ ឬពីតំបន់ ១ ទៅតំបន់ ១ មិនដូចគ្នាទេ។ នៅកន្លែងខ្លះមានអ្នកកើតជំងឺនេះ និងការស្លាប់ច្រើនជាងធម្មតា បើធៀបទៅនឹងតំបន់ផ្សេងទៀតក្នុងសកលលោក៕