មហាអំណាចសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តគាំទ្រដ៏សំខាន់របស់អ៊ីស្រាអែល ជាថ្មីម្តងទៀតបានបោះឆ្នោត «វេតូ» លើសេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលទាមទារឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ដែលព្រាងនឹងស្នើឡើងដោយប្រទេសអាល់ហ្សេរី។
ការបោះឆ្នោតវេតូលើកទី ៣ រួមទាំងលើកនេះ របស់សហរដ្ឋអាមេរិក កើតមានចាប់តាំងពីការចាប់ផ្តើមសង្គ្រាមនៅតំបន់ហ្គាហ្សានាថ្ងៃទី ៧ ខែតុលា ២០២៣ ដែលផ្តើមដោយក្រុមហាម៉ាស់វាយឆ្មក់ចូលអ៊ីស្រាអែល សម្លាប់មនុស្ស ១ ២០០ នាក់ និងចាប់ចំណាប់ខ្មាំង ២៤០ នាក់។
ខណៈដែលខ្លួនបានរុញច្រានឱ្យស្ថាប័នដែលមានសមាជិកចំនួន ១៥ អំពាវនាវឱ្យមានបទឈប់បាញ់បណ្តោះអាសន្ន ភ្ជាប់ទៅនឹងការដោះលែងចំណាប់ខ្មាំងរបស់ក្រុមហាម៉ាស់។
សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន ១៣ ប្រទេសក្នុងចំណោម ១៥ ប្រទេសបានបោះឆ្នោតគាំទ្រលើសេចក្តីសម្រេចដែលព្រាងដោយប្រទេសអាល់ហ្សេរី ខណៈដែលចក្រភពអង់គ្លេសបានអនុប្បវាទ។
យោងការផ្សាយរបស់រ៉យទ័រ ឯកអគ្គរដ្ឋទូតរបស់អាល់ហ្សេរីប្រចាំអង្គការសហប្រជាជាតិ លោក Amar Bendjama បានប្រាប់ UNSC មុនពេលបោះឆ្នោតថា៖«ការបោះឆ្នោតគាំទ្រសេចក្តីព្រាងដំណោះស្រាយនេះគឺជាការគាំទ្រដល់សិទ្ធិរស់រានមានជីវិតរបស់ប៉ាឡេស្ទីន។ ផ្ទុយទៅវិញ ការបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយនេះបង្កប់ន័យយល់ព្រមឱ្យមានអំពើហិង្សាដ៏ឃោរឃៅ និងការដាក់ទណ្ឌកម្មជាសមូហភាពមកលើពួកគេ»។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានផ្តល់សញ្ញាកាលពីថ្ងៃទី ១៧ ខែកុម្ភៈថា សហរដ្ឋអាមេរិកនឹងវេតូលើសេចក្តីព្រាងដំណោះស្រាយនេះ ជុំវិញការព្រួយបារម្ភថា វាអាចប៉ះពាល់ដល់កិច្ចចរចារវាងសហរដ្ឋអាមេរិក អេហ្ស៊ីប អ៊ីស្រាអែល និងកាតា ដែលស្វែងរកការផ្អាកសង្គ្រាម និងការដោះលែង ចំណាប់ខ្មាំងដែលឃុំខ្លួនដោយក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា។
អ្នកស្រី Thomas-Greenfield បានប្រាប់ក្រុមប្រឹក្សាមុនការបោះឆ្នោតថា៖«ការទាមទារឱ្យមានបទឈប់បាញ់ភ្លាមៗដោយគ្មានលក្ខខណ្ឌ ដោយគ្មានកិច្ចព្រមព្រៀងដែលតម្រូវឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងនឹងមិននាំមកនូវសន្តិភាពយូរអង្វែងទេ។ ផ្ទុយទៅវិញ វាអាចបន្តការប្រយុទ្ធរវាងហាម៉ាស់ និងអ៊ីស្រាអែល»។
សេចក្តីសម្រេចដែលព្រាងដោយអាល់ហ្សេរី ដែលត្រូវបានវេតូដោយសហរដ្ឋអាមេរិក មិនបានភ្ជាប់បទឈប់បាញ់ទៅនឹងការដោះលែងចំណាប់ខ្មាំងទេ។ វាបានទាមទារដាច់ដោយឡែកពីគ្នានូវបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
លោក Barbara Woodward ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ចក្រភពអង់គ្លេស ដែលជាសមាជិកអចិន្រៃ្តយ៍នៅ UNSC បានប្រាប់ក្រុមប្រឹក្សាបន្ទាប់ពីការបោះឆ្នោតថា៖«គ្រាន់តែអំពាវនាវឱ្យមានបទឈប់បាញ់ ដូចដែលដំណោះស្រាយនេះធ្វើ នឹងមិនធ្វើឱ្យវាកើតឡើងទេ»។
លោក Barbara Woodward បាននិយាយថា៖«មធ្យោបាយដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ហើយអាចបញ្ឈប់វាពីការកើតឡើងសង្គ្រាមជាថ្មី គឺត្រូវចាប់ផ្តើមដោយការផ្អាកសង្គ្រាមមួយដើម្បីដកចំណាប់ខ្មាំងចេញ និងដាក់ជំនួយចូលទៅ»៕