Emily Hollenbeck ជា​ស្ត្រី​ម្នាក់​ដែល​រស់នៅ​ជាមួយ​ជំងឺ​បាក់​ទឹកចិត្ត (Depression) តាំងតែ​ពី​វ័យក្មេង​ហើយ​ដែល​កន្លងមក​នាង​ធ្លាប់​សាកល្បង​ទទួល​នូវ​ការព្យាបាល​ជាច្រើនលើក​ប៉ុន្តែ​មិនមាន​បច្ចេកវិទ្យា​ណាមួយ​ដែល​អាច​ព្យាបាល​ជំងឺ​របស់ខ្លួន​បាន​នោះទេ។

បើទោះបីជា​យ៉ាងណាក៏ដោយ​លោកស្រី​នៅតែ​មិន​រារែក​ក្នុង​ការទទួល​ការព្យាបាល​តាម​បច្ចេកទេសថ្មីៗដែល​អ្នកស្រាវជ្រាវ​បាន​រកឃើញ។ជាក់ស្ដែង​បច្ចេកវិទ្យា​ចុងក្រោយ​ដែល​ស្ត្រី​រូបនេះ​បាន​សាកល្បង​គឺជា​ការ​រំញោច​ខួរក្បាល (Deep brain stimulation- DBS)។

វិធីសាស្ត្រ DBS នេះដែរ​ក៏​ធ្លាប់បាន​ជួយ​ព្យាបាល​ប្រជាជន​អាមេរិក​ប្រមាណ​ជា៣លាន​នាក់​រួចមកហើយ​ដែល​ពួកគេ​ទាំងនោះ​មាន​ជំងឺ​ស្រដៀង​នឹង​ជំងឺ​បាក់​ទឹកចិត្ត​ដែរ។

ដោយឡែក​ការព្យាបាល​ប្រភេទ​នេះ​តម្រូវឱ្យ​ប្រើប្រាស់​ចរន្ដអគ្គិសនី​ដើម្បី​ភ្ញោ​ច​ខួរក្បាល​របស់​អ្នកជំងឺ​ក្នុងការ​បង្កើនល្បឿន​នៃ​មុខងារ​របស់​ខួរក្បាល។

លោកស្រី Hollenbeck ដែលជា​អ្នកជំងឺ​និង​ជា​ផ្នែក​មួយ​នៃ​គម្រោង​ស្រាវជ្រាវ​នេះ​បាន​និយាយថា៖«ខ្ញុំ​ភ្ញាក់ផ្អើល​មែនទែន​ក្រោយ​បាន​ឭ​អំពី​ដំណើរការ​នៃ​ការព្យាបាលដោយ​វា​ប្រៀបបាន​ទៅនឹង​ការ​វះ​ខួរក្បាល​ដើម្បី​ដាក់​បង្កប់​ខ្សែភ្លើង​ដូច្នេះ​ដែរតែ​យ៉ាងណា​ខ្ញុំ​ប្ដេជ្ញា​ថា​ចូលរួម​ប្រឹងប្រែង​ក្នុងការ​ពិសោធនេះហើយ​លទ្ធផល​យ៉ាងណា​ក៏​មានតែ​រង់ចាំ​មើល​បន្ត​ទៀត»។

Hollenbeck បានកើត​ជំងឺ​បាក់​ទឹកចិត្ត​តាំងតែ​ពី​វ័យ​កុមារ​ដោយ​លោកស្រី​ធំធាត់​ឡើង​ក្នុង​គ្រួសារ​ដែលមាន​ជីវភាព​ក្រីក្រ​លំបាក។ការលេចឡើង​ដំបូង​នៃ​ជំងឺ​បាក់​ទឹកចិត្ត​នេះ​គឺ​នៅពេលដែល​ឪពុក​របស់​លោកស្រី​បានធ្វើ​អត្តឃាត​ក្នុង​ឆ្នាំ២០០៩។ក្រោយពី​នោះមក​ជំងឺ​បាក់​ទឹកចិត្ត​នេះ​តែងតែ​កើតឡើង​នៅពេលដែល​លោកស្រី​ជួប​បញ្ហា​ណាមួយ​ក្នុង​ជីវិត។

លោកស្រី​បាន​រៀបរាប់​ឱ្យដឹងថា៖«ខ្ញុំ​ធំធាត់​ឡើង​ដោយ​ត្រូវ​ដោះស្រាយ​ជាមួយ​ជំងឺ​នេះ​រាល់ថ្ងៃ​មានពេលខ្លះ​ក៏ប្រក្រតី​ធម្មតា​តែមាន​ពេលខ្លះទៀត​ត្រូវ​ប្រើប្រាស់​ថ្នាំ​ទើប​អាច​ទប់ទល់​បាន»។

ទោះបីជា​សុខភាព​មិន​អំណោយផល​យ៉ាងនេះ​ក្ដី​លោកស្រី​បាន​ស្វះស្វែង​រៀនសូត្រ​រហូត​ទទួលបាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​ផ្នែក​ចិត្ត​វិទ្យា។ប៉ុន្តែ​ក្រោយមក​លោកស្រី​ក៏បាន​បាត់បង់​ម្ដាយ​ម្នាក់ទៀត​ដែល​សឹងតែ​ធ្វើឱ្យ​លោកស្រី​បញ្ចប់ជីវិត​របស់ខ្លួន​ម្ដងម្កាល​ដែរ។

ម្ល៉ោះ​ហើយ​សម្រាប់​លោកស្រី​គឺ​មិនមាន​ជម្រើស​អ្វី​ផ្សេងទៀត​ក្រៅពី​ចូលរួម​ក្នុងការ​ពិសោធព្យាបាល​នោះទេ។

សម្រាប់​ការព្យាបាល​នាពេលនេះ​លោកស្រី​បាន​ក្លាយជា​អ្នកជំងឺ​ម្នាក់ក្នុងចំណោម ២០០ទៅ ៣០០ ​នាក់​ប៉ុណ្ណោះ​ដែល​ទទួលយក​ការព្យាបាល​ដោយ​ប្រើ​វិធីសាស្ត្រ DBS ដើម្បី​ព្យាបាល​ជំងឺ​បាក់​ទឹកចិត្ត។

លោក​វេជ្ជបណ្ឌិត Brian Kopell ដែលជា​នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​Mount Sinai បានដាក់​បង្កប់​បន្ទះ​អេ​ឡិច​ត្រូ​និ​ក​ស្ដើង​មួយ​នៅក្នុង​ខួរក្បាល​របស់ Hollenbeck ដែល​បន្ទះ​នោះ​អាច​គ្រប់គ្រង​នូវ​អារម្មណ៍​របស់​អ្នកជំងឺ​ជាពិសេស​គឺ​អារម្មណ៍​សោកសៅ​តែម្ដង។

បន្ទះ​អេ​ឡិច​ត្រូ​និ​ក​ដែល​នៅក្នុង​ខួរក្បាល​របស់លោក​ស្រី Hollenbeck ត្រូវបាន​ភ្ជាប់​ជាមួយនឹង​ឧបករណ៍​មួយ​ផ្សេងទៀត​ដែល​បង្កប់​នៅក្រោម​ស្បែក​នៅ​បរិវេណទ្រូង​ហើយ​មាន​សមត្ថភាព​គ្រប់គ្រង​បរិមាណ​នៃ​ការ​រំញោច​ទៅកាន់​ខួរក្បាល។

ឧបករណ៍​ទាំង២​នេះ​អាច​ដំណើរការ​ទៅបាន​ដោយ​វា​អាចយ​ល់ពី​ភាសា​របស់​ខួរក្បាល​ដូច្នេះ​វា​អាច​ក្លាយជា​ឧបករណ៍​ជំនួយ​ដ៏​សំខាន់​មួយ​សម្រាប់​អ្នកជំងឺ​ផ្លូវចិត្ត​ធ្ងន់ធ្ង​រ។

លោក​វេជ្ជបណ្ឌិត​បានឱ្យ​ដឹង​ទៀតថា​នៅក្នុង​ខួរក្បាល​មនុស្ស​ធម្មតា​អារម្មណ៍​នានា​បាន​លេចឡើង​ហើយក៏​បាត់​ទៅវិញ​ដោយ​មិនមាន​អ្វី​មករា​រាំង​ឡើយ​តែ​សម្រាប់​ខួរក្បាល​មនុស្ស​ដែលមាន​ជំងឺ​បាក់​ទឹកចិត្ត​ចលនា​នៃ​ការគិត​និង​បញ្ជូន​អារម្មណ៍​ហាក់​នៅជាប់​គាំង​១កន្លែងហើយ​បច្ចេកវិទ្យា DBS នេះ​គឺជា​អ្នកជំរុញ​សកម្មភាព​ទាំងនោះ​ឱ្យ​ដំណើរការ​ឡើងវិញ។

យ៉ាងណាមិញ​១ថ្ងៃ​បន្ទាប់ពី​ការវះកាត់Hollenbeck បាន​ឱ្យដឹងពី​ការផ្លាស់ប្ដូរ​ជាច្រើន​ដែល​មិន​ធ្លាប់មាន​ពីមុនមក។ក្នុង​ថ្ងៃទី១នោះលោកស្រី​ស្រាប់តែ​អាច​រីករាយ​នឹង​ម្ហូបអាហារ​ដែល​ខ្លួន​បរិភោគ​ជា​លើកដំបូង​ចាប់តាំងពី​ខ្លួន​មាន​ជំងឺ​នេះ​មកហើយ​លោកស្រី​ក៏បាន​តុបតែង​រៀបចំផ្ទះ​របស់ខ្លួន​បាន​យ៉ាង​ស្អាតបាត​ផងដែរ។

អ្វីដែល​ធ្វើឱ្យ​លោកស្រី​សប្បាយចិត្ត​បំផុត​នោះ​គឺ​លោកស្រី​បានទទួល​អារម្មណ៍​រីករាយ​ជាមួយ​នឹង​តន្ត្រី​ម្ដងទៀត​ខណៈពេលដែល​កន្ល​ង​មក​លោកស្រី​មិនអាច​ស្ដាប់​តន្ត្រី​បានទេ។មិនអាច​ស្ដាប់​បាន​ព្រោះ​តន្ត្រី​ដែល​ពីរោះ​សម្រាប់​មនុស្ស​ជាច្រើនបែរជា​លោកស្រី​មាន​អារម្មណ៍​ថា​ខ្លួន​កំពុង​ស្ដាប់​វិទ្យុ​ដែល​គ្មាន​មនោសញ្ចេតនា​ទៅវិញ។

យ៉ាងណាក៏ដោយ​គិត​មកដល់ពេលនេះ​ការស្រាវជ្រាវ​បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​២ទសវត្ស​ន៍​មកហើយ​ទម្រាំ​តែ​ទទួលបាន​ជោគជ័យ​នាពេលថ្មីៗនេះ។តាមរយៈ​ភាពជោគជ័យ​នេះ​សាធារណជន​កំពុងតែ​ជំរុញ​ឱ្យ​ដាក់​បច្ចេកវិទ្យា​នេះ​ទៅក្នុង​វិស័យ​សុខាភិបាល៕