ប្រទេសចិនកាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅថ្មីៗនេះបានប្រឈមនឹងការព្រមានអាកាសធាតុធ្ងន់ធ្ងរដែលបានកើតឡើងនៅទូទាំងប្រទេសចិន ខណៈសីតុណ្ហភាពនៅទូទាំងភាគខាងត្បូងបានធ្លាក់ចុះខ្លាំងហើយទីក្រុងប៉េកាំងបានក្របដណ្តប់ដោយព្រិល។
អាជ្ញាធរចិនបានជូនដំណឹងជាថ្មីកម្រិតពណ៌ទឹកក្រូចដែលស្ថិតក្នុងកម្រិតខ្ពស់បំផុតនៅក្នុងប្រព័ន្ធទាំង៣របស់ប្រទេសដោយព្រមានថាសីតុណ្ហភាពជាមធ្យមអាចធ្លាក់ចុះចន្លោះពី៦ទៅ១២អង្សាសេបន្ថែមទៀត ត្រឹមថ្ងៃទី២៣ខែកុម្ភៈនៅភាគខាងត្បូងខណៈបច្ចុប្បន្នវាមានសីតុណ្ហភាពប្រហែល០អង្សាសេ។
ដោយឡែកមជ្ឈមណ្ឌលឧតុនិយមជាតិចិន (NMC) បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថានៅតំបន់ខ្លះសីតុណ្ហភាពអាចធ្លាក់ចុះលើសពី២០អង្សាសេ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានឱ្យដឹងថា NMC បានអំពាវនាវឱ្យរដ្ឋាភិបាលក្នុងតំបន់ចាត់វិធានការប្រុងប្រយ័ត្នប្រឆាំងនឹងអាកាសធាតុត្រជាក់ណែនាំសាធារណជនឱ្យរក្សាកម្តៅនិងអំពាវនាវឱ្យមានវិធានការចាំបាច់ដើម្បីការពារដំណាំនិងផលិតផលជលផលផងដែរ។
នៅទីក្រុងប៉េកាំងឯណោះវិញជាកន្លែងដែលសីតុណ្ហភាពចុះត្រជាក់ខ្លាំងកាលពីថ្ងៃទី២១ខែកុម្ភៈប្រជាជនក្នុងតំបន់ភ្ញាក់ដឹងខ្លួនពីដំណេកក៏ឃើញរដ្ឋធានីត្រូវបានគ្របដណ្តប់ដោយពណ៌សក្រោយពីព្រិលធ្លាក់ឥតឈប់ពេញ១យប់។
ចំណែកចរាចរណ៍លើផ្លូវហាយវេក្នុងទីក្រុងអាចធ្វើដំណើរបានយឺតបំផុតខណៈដែលផ្លូវក្រាលដោយធូលីព្រិលបង្កគ្រោះថ្នាក់សម្រាប់អ្នកធ្វើដំណើរនិងអ្នកជិះកង់។ស្របពេលជាមួយគ្នានេះអាជ្ញាធរក្រុង ក៏បាននិយាយថាព្រិលធ្លាក់រហូតដល់៤.១សង់ទីម៉ែត្រនៅតំបន់ជាយក្រុងមួយចំនួន។
រដ្ឋាភិបាលទីក្រុងប៉េកាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធឺណិតកាលពីថ្ងៃទី២០ខែកុម្ភៈផ្ដល់អនុសាសន៍ឱ្យប្រជាពលរដ្ឋក្នុងតំបន់ឱ្យធ្វើដំណើរដោយប្រើប្រាស់មធ្យោបាយរថយន្តក្រុងសាធារណៈនិងរថភ្លើងក្រោមដីហើយប្រសិនបើកបររថយន្តផ្ទាល់ខ្លួនគួរបើកយឺតៗនិងយកចិត្តទុកដាក់បំផុតដាក់ចំពោះសុវត្ថិភាព៕