សមាជិកសហភាពអឺរ៉ុបនៅថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២៤បានសម្រេចដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីបន្ថែមជាលើកទី១៣ប្រឆាំងនឹងការឈ្លានពានទឹកដីអ៊ុយក្រែនពីសំណាក់រុស្ស៊ី។ទណ្ឌកម្មនេះបានដាក់ទៅលើក្រុមហ៊ុន និងបុគ្គលសរុបជិត២០០ ស្ថាប័ន/នាក់ ដោយសហភាពអឺរ៉ុបបានចោទប្រកាន់ពួកគេថាបានជួយរុស្ស៊ីក្នុងការទិញអាវុធហើយខ្លះមានជាប់ពាក់ព័ន្ធនឹងការចាប់ពង្រត់កុមារនៅអ៊ុយក្រែន។
ប្រទេសបែលហ្ស៊ិកដែលមានតួនាទីជាប្រធានសហភាពអឺរ៉ុបបានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានយល់ព្រមជាគោលការណ៍ ទៅលើការដាក់ទណ្ឌកម្មជុំទី១៣ប្រឆាំងនឹងរុស្ស៊ីចំពោះការឈ្លានពានទឹកដីអ៊ុយក្រែន។ បែលហ្ស៊ិកបានពណ៌នាថា វិធានការលើកនេះគឺជាសំណុំទណ្ឌកម្មដ៏ធំបំផុតដែលសហភាពអឺរ៉ុបបានអនុម័តរួចស្រេចហើយ។
វិធានការដាក់ទណ្ឌកម្មថ្មីនេះបានរៀបរៀងឈ្មោះក្រុមហ៊ុន ស្ថាប័ន និងបុគ្គលចំនួន១៩៣ ទៅក្នុងបញ្ជីហាមឃាត់មិនឱ្យធ្វើដំណើរចូលឬធ្វើអាជីវកម្មនៅក្នុងសហភាពអឺរ៉ុបឡើយ។យ៉ាងណាក៏ដោយគេមិនឃើញមានការដាក់ទណ្ឌកម្មដែលផ្តោតទៅលើវិស័យសេដ្ឋកិច្ចរុស្ស៊ីជាក់លាក់នោះទេ។នេះបើយោងតាមប្រភពការទូតមួយរបស់សហភាពអឺរ៉ុប។
យោងតាមប្រភពមួយចំនួនបានឱ្យដឹងថា បញ្ជីរាយឈ្មោះនោះបានបែងចែកជា២គឺ ឈ្មោះរបស់ក្រុមហ៊ុន និងឈ្មោះរបស់បុគ្គលដែលពួកគេមានទំនាក់ទំនងជាមួយយោធារបស់រុស្ស៊ីនិងមានជាប់ពាក់ព័ន្ធនឹងការជួញដូរនិងចាប់ពង្រត់កុមារនៅអ៊ុយក្រែន។លើសពីនេះ នៅក្នុងបញ្ជីដាក់ទណ្ឌកម្មនោះក៏មានឈ្មោះក្រុមហ៊ុនមួយមកពីកូរ៉េខាងជើងនិងក្រុមហ៊ុនមួយមកពីបេឡារុសផងដែរ។
កាលពីខែមីនា ឆ្នាំ២០២៣ប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិបាននិយាយថារុស្ស៊ីបានបញ្ជូនកុមាររាប់រយនាក់ចេញពីមណ្ឌលកុមារកំព្រានិងកន្លែងមើលថែនៅក្នុងតំបន់ទឹកដីអ៊ុយក្រែនដែលខ្លួនកាន់កាប់។ កុមារភាគច្រើនត្រូវបានគ្រួសាររុស្ស៊ីយកទៅធ្វើជាកូនចិញ្ចឹម។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចោទប្រកាន់មន្ត្រីពាក់ព័ន្ធរួមទាំងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin)ពីបទចាប់ជំរិតកុមារអ៊ុយក្រែនដោយចាត់ទុកថាវាជាឧក្រិដ្ឋកម្មសង្គ្រាម។ប៉ុន្តែ ទីក្រុងម៉ូស្គូបានបដិសេធការចោទប្រកាន់នេះដោយអះអាងថាខ្លួនបានយកកុមារចេញពីតំបន់ជម្លោះ ដើម្បីការពារសុវត្ថិភាពរបស់ពួកគេតែប៉ុណ្ណោះ។អ៊ុយក្រែនបានអះអាងថារុស្ស៊ីបានបញ្ជូនកុមារជាង៤ពាន់នាក់ចូលទៅទឹកដីរុស្ស៊ី។
ទណ្ឌកម្មថ្មីនេះផងដែរ ក៏កំណត់គោលដៅទៅលើភាគីពាក់ព័ន្ធនឹងការគាំទ្រដល់យោធារបស់រុស្ស៊ីជាពិសេសខ្សែច្រវាក់ផ្គត់ផ្គង់ផលិតយន្តហោះគ្មានមនុស្សបើកទៅឱ្យរុស្ស៊ី។ឈ្មោះក្រុមហ៊ុនចំនួន២៧ត្រូវបានបញ្ចូលទៅក្នុងឧបសម្ព័ន្ធទី៤ហើយបានចែងហាមឃាត់ក្រុមហ៊ុនអឺរ៉ុបទាំងអស់ ធ្វើការទិញលក់ទំនិញជាមួយពួកគេ។
យោងតាមប្រភពមួយចំនួនបានឱ្យដឹងថាភាគច្រើននៃក្រុមហ៊ុនទាំងនោះ គឺជាក្រុមហ៊ុនរុស្សីប៉ុន្តែក៏មាន ៣ ក្រុមហ៊ុនមកពីចិនដីគោកនិង ១ ក្រុមហ៊ុនមកពីហុងកុង។ ទណ្ឌកម្មនេះនឹងត្រូវអនុម័តជាផ្លូវការក្នុងពេលជាមួយគ្នានឹងខួបលើកទី២នៃការឈ្លានពានរបស់រុស្ស៊ីទៅលើទឹកដីអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈ។
លោកអូស៊ូឡា វ៉ុនដេ ឡេយ៉េន (Ursula von der Leyen) ប្រធានគណៈកម្មការអឺរ៉ុបបានលើកឡើងនៅលើបណ្ដាញសង្គមXថា៖"យើងត្រូវបន្តធ្វើឱ្យប្រតិបត្តិការយោធារបស់ពូទីនចុះខ្សោយ ហើយយើងក៏កំពុងកាត់ផ្ដាច់រុស្ស៊ីពីលទ្ធភាពទទួលបានការនាំចូលយន្តហោះគ្មានមនុស្សបើកបន្ថែមទៀត"។ សហភាពអឺរ៉ុបក៏បានបន្តរយៈពេលដាក់ទណ្ឌកម្មដែលមានស្រាប់ដែលរួមមានបុគ្គលនិងក្រុមហ៊ុនប្រមាណជា២០០០ ស្ថាប័ន/នាក់សម្រាប់រយៈពេល ៦ខែទៀត៕