ប្រទេសម៉ាឡេស៊ី គ្រោងនឹងចម្លងនូវវិធីសាស្រ្តថ្មីជាច្រើន ដែលជប៉ុនប្រើប្រាស់សម្រាប់គ្រប់គ្រងគ្រោះមហន្តរាយ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) និងទិន្នន័យធំ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់នៅក្នុងប្រទេស។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានជាតិម៉ាឡេស៊ី Bernama នៅថ្ងៃព្រហស្បតិ៍។
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ahmad Zahid Hamidi ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន បានថ្លែងប្រាប់សារព័ត៌មានម៉ាឡេស៊ីពីទីក្រុងអូសាកា ក្រោយពីបានសិក្សាស្វែងយល់ពីរបៀបដែលជប៉ុនគ្រប់គ្រងគ្រោះមហន្តរាយថា វិធីសាស្រ្តជប៉ុន បានបង្ហាញពីប្រសិទ្ធភាពក្នុងការដោះស្រាយគ្រោះមហន្តរាយធម្មជាតិ ជាពិសេសក្នុងរយៈពេលវែង។
ដូចនេះហើយ លោកAhmad Zahid ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយជាតិម៉ាឡេស៊ីផងដែរនោះ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងប្រើប្រាស់វិធីសាស្រ្តបែបជប៉ុន នឹងត្រូវបានសម្របសម្រួលដោយទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NADMA) និងនាយកដ្ឋានធារាសាស្ត្រ និងប្រព័ន្ធលូ (JPS) របស់ប្រទេស។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំជឿថា បទពិសោធន៍នៅទីក្រុងអូសាកានេះ មានសារៈសំខាន់សម្រាប់ពួកយើងក្នុងការរៀបចំផែនការរយៈពេលវែង ដើម្បីគ្រប់គ្រងបញ្ហាទឹកជំនន់ប្រកបដោយប្រសិទ្ធភាព»។
លោកបន្តថា៖ «ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ យើងមិនគិតតែលើការផ្តល់សុខុមាលភាពដល់ជនរងគ្រោះដោយសារទឹកជំនន់ប៉ុណ្ណោះទេ ប៉ុន្តែក៏វាទាក់ទងនឹងការអនុវត្តរួមគ្នាដោយប្រើបច្ចេកវិទ្យាថ្មីៗ លើការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធលូ និងការគ្រប់គ្រងទឹកជំនន់ផងដែរ»។
លោក Ahmad Zahid មិនបានគូសបញ្ជាក់លម្អិតពីរបៀបដែលគេប្រើបច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាទេ ប៉ុន្តែបានកត់សម្គាល់ថា អ្វីដែលបានរៀនពីអាជ្ញាធរមូលដ្ឋានក្នុងទីក្រុងអូសាកា អាចយកទៅអនុវត្តបានក្នុងប្រទេសម៉ាឡេស៊ី រួមទាំងក្នុងការកាត់បន្ថយទឹកជំនន់ និងការដំឡើងម៉ាស៊ីនបូមទឹកដែលមានសមត្ថភាពធំ ដែលអាជ្ញាធរក្រុងអូសាកាប្រើប្រាស់អស់រយៈពេល ៤៥ឆ្នាំមកហើយ។
ម៉ាឡេស៊ីតែងតែជួបបញ្ហាទឹកជំនន់ទ្រង់ទ្រាយធំជារៀងរាល់ឆ្នាំ ដែលត្រូវការវិធីសាស្រ្តកាន់តែប្រសើរដើម្បីគ្រប់គ្រងលើបញ្ហានេះ។ លោកAhmad Zahid លើកឡើងថា៖ «បញ្ហាទាក់ទងនឹងដំណោះស្រាយរយៈពេលវែង ត្រូវតែបំផុសចេញឡើង» ហើយថា ដំណោះស្រាយលើបញ្ហានេះប្រហែលជាត្រូវចំណាយច្រើន ប៉ុន្តែវាសមស្របទៅនឹងអ្វីដែលវានឹងផ្ដល់ឱ្យក្នុងរយៈពេលយូរទៅមុខទៀត៕