ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ បាន​​ឱ្យ​ដឹង​ថា​ អាជ្ញាធរ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​ បាន​ចោទ​ប្រកាន់​មេ​ដឹក​នាំ​ក្រុម​ឧក្រិដ្ឋកម្ម​ជប៉ុន​ម្នាក់​ពី​បទ​សម​គំនិត​ក្នុង​ការ​ចរាចរ​សម្ភារ​នុយក្លេអ៊ែរ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ ​ដោយ​រំពឹង​​បញ្ជូន​បន្ត​ទៅ​​អ៊ីរ៉ង់​ ​ដើម្បី​ប្រើ​ប្រាស់​ក្នុង​អាវុធ​នុយក្លេអ៊ែរ​។ ​

លោក​ស្រី​ Anne Milgram ​ដែល​ជា​ប្រធាន​រដ្ឋបាល​អនុវត្ត​បទ​ល្មើស​គ្រឿង​ញៀន​ នៃ​ក្រសួង​យុត្តិធម៌​ បាន​និយាយ​ថា​ ​មេ​ក្លោង​​ក្រុម​ឧក្រិដ្ឋកម្ម​ លោក​​ Takeshi Ebisawa ​អាយុ​៦០​ ឆ្នាំ​ និង​​ជន​ជាប់​ចោទ​​​មួយ​រូប​ទៀត​ជា​ជន​ជាតិ​ថៃ​ គឺ​លោក​Somphop Singhasiri ​អាយុ​​៦១​ ឆ្នាំ​បាន​ជួញ​ដូរ​គ្រឿង​ញៀន​ អាវុធ​ និង​សម្ភារនុយក្លេអ៊ែរពី​ប្រទេស​មីយ៉ាន់ម៉ា។ 

សម្ភារ​នុយក្លេអ៊ែរ ​​ដែល​​រំពឹង​បញ្ជូន​ទៅ​ឱ្យ​អ៊ីរ៉ង់​ដើម្បី​ប្រើ​ប្រាស់​​ក្នុង​ការ​ផលិត​អាវុធ​នុយក្លេ​អ៊ែរ​​នោះ​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​រឹប​អូស​បាន​។ ក្រោយ​មក ​អាជ្ញាធរ​ថៃបាន​​​ប្រគល់​ទៅ​ឱ្យ​អ្នក​ស៊ើប​អង្កេត​អាមេរិក​ ដែល​រក​​ឃើញ​ថា​ ​ ​សម្ភារ​ទាំង​នោះ​​ រួម​មាន​​​សារធាតុ​អ៊ុយរ៉ាញ៉ូម​ និង​ប្លាតូនីញ៉ូម​ក្នុង​ «កម្រិតដែល​អាច​យក​ទៅ​​ផលិត​​អាវុធនុយក្លេអ៊ែរ​​បាន»​។ 

​បើ​តាម​ជំនួយការ​អគ្គ​មេធាវី​អាមេរិក​ លោក​ Matthew Olsen បានឱ្យដឹងថា​ លោក ​Ebisawa បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​ការ​លក់សារធាតុ​​នុយក្លេអ៊ែរ ​និង​គ្រឿង​ញៀន​ប្រភេទ​​ណាកូទិក​​​ពី​ប្រទេស​មីយ៉ាន់ម៉ា។ ជាមួយ​គ្នា​នេះ​ លោកក៏​​រង​ការ​ចោទ​ប្រកាន់​ពី​បទ​​​​ទិញ​អាវុធ​យោធា​​ដ៏​ច្រើន​ ​ក្នុង​នាម​ក្រុម​បះ​បោរ​ប្រដាប់​អាវុធ​មួយ ​ក្នុង​ប្រទេសដដែល​នេះផង​ដែរ​​​​។​​

បុរស​ទាំង​​២​នាក់​ដដែល​ ​បាន​រង​ការ​​ចោទ​ប្រកាន់​នៅ​​ឆ្នាំ​​ ២០២២ រួច​មក​ហើយ​​​ពី​បទ​ជួញដូរ​គ្រឿង​ញៀន​អន្តរជាតិ​ និង​បទ​ល្មើស​ទាក់​ទង​នឹង​ប្រដាប់​​​អាវុធ​។ ​​ប្រសិន​បើ​កាត់​ទោស​ជាមួយ​នឹង​បទ​ចោទ​ថ្មី​ លោក​ Ebisawa ​ ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។

បើ​តាម​អាជ្ញាធរ​អាមេរិក​ ​លោក Ebisawa ​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​Brooklyn ។ លោក​គឺ​ជា​មេក្លោង​នៃ​ក្រុម​រៀប​ចំ​ឧក្រិដ្ឋកម្ម​ជប៉ុន​ ឈ្មោះ​​Yakuza ដែល​ធ្វើ​​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ផ្សេង​ៗ​ទៀត​រួម​មាន​ស្រី​លង្កា ​មីយ៉ាន់ម៉ា ​ថៃ ​និង​សហរដ្ឋ​អាមេរិក​ជា​ដើម​៕​