ព្រឹត្តិការណ៍សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ដែលផ្តើមឡើងដោយការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានឈានដល់ខួប ២ ឆ្នាំនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដោយបន្សល់ទុកនូវសោកនាដកម្ម ការបំផ្លិចផ្លាញ ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ ការបែកបាក់ក្នុងអង្គការសហប្រជាជាតិ អសន្តិសុខសកលលោក ការទាញទម្លាក់សេដ្ឋកិច្ចសកល ហើយ គ្មានសញ្ញាណាមួយឈានទៅបញ្ចប់សង្គ្រាមមួយនេះនៅឡើយរហូតពេលនេះ។
ឈានដល់ខួប ២ ឆ្នាំនៃសង្គ្រាមដែលភាគីអ៊ុយក្រែន និងរុស្ស៊ី ប្រើប្រាស់គ្រប់មធ្យោបាយដែលខ្លួនមាន ដូចជាសង្គ្រាមតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក និងបច្ចេកវិទ្យា ហាក់បានបង្កើនល្បឿនជាថ្មី ខណៈអ៊ុយក្រែនដែលពឹងដង្ហើមជំនួយបស្ចិមប្រទេស បានដង្ហោយសុំជំនួយយោធាដើម្បីតតាំងប្រយុទ្ធជាមួយសត្រូវធំរុស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរ និងតែងគំរាមប្រើប្រាស់ក្នុងស្ថានភាពសង្គ្រាមដែលខ្លួនលំបាកខ្លាំង។
អ៊ុយក្រែនដែលក្លាហានក្នុងសង្គ្រាមប្រឆាំងរុស្ស៊ីដោយសារការគាំទ្រសព្វាវុធ និងហិរញ្ញវត្ថុពីលោកខាងលិចជាពិសេសសហរដ្ឋអាមេរិក បានដង្ហោយរកជំនួយកាន់តែខ្លាំងឡើងៗក្នុងចុងខួបនៃសង្គ្រាម ២ ឆ្នាំនេះ បន្ទាប់ពីភាពមិនច្បាស់លាស់នៃជំនួយយោធាពីអាមេរិក។
ចាប់តាំងពីត្រីមាសទី៣ នៃឆ្នាំមុន រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបានស្នើកញ្ចប់ជំនួយយោធា និងសន្តិសុខទូទាំងសកលលោកដែលមានតម្លៃជាង ១០៥ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ៦០ ពាន់លានដុល្លារ ជាង ១០ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល និងក្រៅពីនោះ សម្រាប់ការផលិតគ្រាប់ដាក់ក្នុងឃ្លាំងវិញ និងសម្រាប់សន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក មានការជ្រោមជ្រែងតៃវ៉ាន់ជាដើម ប៉ុន្តែការស្នើច្បាប់ចាយថវិកាទាំងនោះ ត្រូវបានរារាំងដោយរដ្ឋសភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋដែលជាគូប្រជែងនយោបាយ ដែលមានសិទ្ធិចង្អុលឱ្យប្រធានាធិបតីចាយ។
គ្មានជំនួយអាមេរិក អ៊ុយក្រែនច្បាស់ណាស់ជួបផលវិបាក ទោះបីជាសហភាពអឺរ៉ុបដែលមានសមាជិក ២៧ បានសម្រេចទម្លាក់ជំនួយជាង ៥០ ពាន់លានដុល្លារដល់អ៊ុយក្រែនសម្រាប់ការចាយវាយក្នុងប្រព័ន្ធរដ្ឋបាល ប្រាក់សោធននិវត្តន៍ និងសេវាកម្មស៊ីវិលផ្សេងៗទៀតមានការទំនុកបម្រុងជនភៀសសឹករាប់លាននាក់ជាដើម រហូតដល់ ២០២៧។
ប៉ុន្មានថ្ងៃមុនថ្ងៃគម្រប់ខួប ២ ឆ្នាំនៃសង្គ្រាម លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បាននិយាយថា ទីក្រុងម៉ូស្គូកំពុងទាញយកការពន្យារពេលក្នុងការផ្តល់ជំនួយយោធារបស់លោកខាងលិច ដោយហៅស្ថានភាពនាពេលនេះថា «ពិបាកខ្លាំងណាស់»។
ការវាយលុកដ៏ខ្លាំងក្លារបស់រុស្ស៊ីនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន បានមើលឃើញថា កងកម្លាំងរបស់រុស្ស៊ីដណ្តើមបានទីប្រជុំជនសំខាន់នៃតំបន់ Avdiivka ភាគខាងកើតអ៊ុយក្រែនបន្ទាប់ពីមានការប្រយុទ្ធជាច្រើនខែ។
យោងតាមការដកស្រង់របស់ AFP លោក ហ្សេឡេនស្គី បាននិយាយនៅលើហ្វេសប៊ុកនៅថ្ងៃទី ២០ ខែកុម្ភៈថា៖ «វាមានរយៈពេល ១០ ឆ្នាំហើយចាប់តាំងពីការប៉ុនប៉ងបំផ្លាញពួកយើង និងឯករាជ្យភាពរបស់យើង ប៉ុន្តែយើងបានឈរយ៉ាងរឹងមាំកាលពី ១០ ឆ្នាំមុន ហើយបន្តធ្វើដូច្នេះនៅថ្ងៃនេះ»។
ដើម្បីលួងចិត្តប្រធានាធិបតីអ៊ុយក្រែន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលថ្ងៃទី ១៨ កុម្ភៈ បានប្រាប់លោកហ្សេឡេនស្គីថា លោកមានជំនឿចិត្តថា សភាអាមេរិកនឹងអនុម័តច្បាប់កញ្ចប់ជំនួយដែលត្រូវការបំផុត។
យោងព័ត៌មានដែលផ្សព្វផ្សាយដោយស្ថានទូតរុស្ស៊ីប្រចាំក្រុងភ្នំពេញក្នុងសន្និសីទសារព័ត៌មានអំពីស្ថានភាពសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន កាលថ្ងៃទី ២១ កុម្ភៈ រហូតដល់ពេលនេះ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបំផ្លាញសមត្ថភាពបច្ចេកទេសរបស់អ៊ុយក្រែនដូចជា យន្តហោះ ៥៧២ គ្រឿង និងឧទ្ធម្ភាគចក្រ ២៦៦ គ្រឿង រថពាសដែកគ្មានមនុស្សបើក ១២ ៩៤៣ គ្រឿង ប្រព័ន្ធកាំជ្រួចការពារដែនអាកាស ៤៧១ កន្លែង រថក្រោះ ១៥ ១២៣ គ្រឿង រថពាសដែក និងរថពាសដែក និងកាំភ្លើងត្បាល់ចំនួន ៨១១៨ ដើម៕