រយៈពេល ៣ ថ្ងៃមកហើយ ដែលវិស័យសុខាភិបាលរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ ខណៈដែលគ្រូពេទ្យ សិក្ខាកាមបានប្តេជ្ញាថានឹងឈប់ធ្វើការ ដើម្បីតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនការចូលរៀននៅសាលាវេជ្ជសាស្ត្រ ដោយពួកគេជំរុញឱ្យរដ្ឋាភិបាលគិតគូរពីការដំឡើងប្រាក់ខែ និងកែសម្រួលលក្ខខណ្ឌការងារជាមុនសិន។
ការតវ៉ាពីសំណាក់វេជ្ជបណ្ឌិតវ័យក្មេងស្ទើរតែពីរភាគបីនៃប្រទេសបានចាប់ផ្តើមតាំងពីដើមសប្តាហ៍នេះ បានបង្ខំឱ្យមន្ទីរពេទ្យមិនអាចទទួលអ្នកជំងឺ និងច្រានចោលប្រតិបត្តិការវះកាត់ បង្កឱ្យមានការព្រួយបារម្ភខ្លាំង ដល់ប្រព័ន្ធវេជ្ជសាស្ត្រ ប្រសិនបើជម្លោះបន្តអូសបន្លាយ។
ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានឱ្យដឹងថា រហូតមកដល់ពេលនេះ មានវេជ្ជបណ្ឌិតជាង ៨ ៤០០ នាក់ បានចូលរួមក្នុងយុទ្ធនាការតវ៉ានេះ ហើយមិនមានសញ្ញានៃការដោះស្រាយភ្លាមៗនោះទេ ខណៈអ្នកជំងឺ និងអ្នករបួសមួយចំនួនបានសម្តែងការព្រួយបារម្ភអំពីការព្យាបាល។
លើសពីនេះ រដ្ឋាភិបាលកូរ៉ខាងត្បូងនៅថ្ងៃទី ២២ ខែកុម្ភៈ ក៏បានគំរាមចាប់គ្រូពេទ្យដែលដឹកនាំការតវ៉ានេះផងដែរ។
បើតាមសំឡេងពីក្រុមគ្រូពេទ្យវិញបាននិយាយថា បញ្ហាពិតគឺប្រាក់ខែ និងលក្ខខណ្ឌការងារ។ លោក Park Dan ប្រធានសមាគមអ្នកហាត់ការ និងអ្នករស់នៅកូរ៉េខាងត្បូង ដែលកំពុងចូលរួមក្នុងការតវ៉ាបាននិយាយថា លោកសុខចិត្តឱ្យសមត្ថកិច្ចចាប់ខ្លួន ដូច្នេះការទាមទាររបស់វេជ្ជបណ្ឌិតត្រូវបានដឹងឮ។
លោក Park Dan បាននិយាយនៅក្នុងបទសម្ភាសន៍តាមវិទ្យុថា គ្រប់គ្នាខឹងនិងខកចិត្តដូច្នេះពួកគេទាំងអស់គ្នាចាកចេញពីមន្ទីរពេទ្យ និងចង់ឱ្យរដ្ឋាភិបាលស្តាប់យោបល់របស់ពួកគេ។ យ៉ាងណាលោកបន្ថែមថា ក្រុមរបស់ខ្លួននឹងបើកចំហសម្រាប់ការសន្ទនាប្រសិនបើរដ្ឋាភិបាលស្តាប់ការទាមទាររបស់ពួកគេ។
វេជ្ជបណ្ឌិតមួយចំនួននិយាយថា ការបង្កើនការចូលរៀននឹងធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃការអប់រំផ្នែកវេជ្ជសាស្ត្រ។ ដោយសារក្តីព្រួយបារម្ភនេះ វេជ្ជបណ្ឌិត និងនិស្សិតមហាវិទ្យាល័យវេជ្ជសាស្ត្រចំនួន ២០០ នាក់ នៅក្នុងខេត្តភាគនិរតីចាប់ផ្តើមតវ៉ាក្នុងតំបន់របស់ខ្លួនឥតឈប់ឈរ។
ដកស្រង់សម្តីពីទីភ្នាក់ងារសារព័ត៌មាន Yonhap លោក Um Chul ប្រធានសមាគមវេជ្ជសាស្ត្រ Jeonbuk បានលើកឡើងថា៖ «យើងបិទផ្លូវបែបនេះ ដោយសារតែយើងព្រួយបារម្ភថា ប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូង ដែលជាប្រព័ន្ធដ៏គួរឱ្យច្រណែន បំផុតមួយក្នុងពិភពលោកនឹងដួលរលំ»។
នៅក្នុងទីក្រុងសេអ៊ូលឯណោះវិញ វេជ្ជបណ្ឌិតប្រហែល ៣០០ នាក់ បានធ្វើការប្រមូលផ្តុំគ្នានៅជិតការិយាល័យប្រធានាធិបតីដោយអំពាវនាវឱ្យរដ្ឋាភិបាលលុបចោលផែនការរបស់ខ្លួន៕