បច្ចុប្បន្ន ការប្រយុទ្ធគ្នារវាងរដ្ឋអំណាចយោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមកងទ័ពជនជាតិភាគតិច Arakan Army នៅឯភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា កាន់តែមានភាពតានតឹងកាន់តែខ្លាំងដោយចំនួនអ្នកស្លាប់ និងរបួសបាន និងកំពុងកើនឡើងជាបន្តបន្ទាប់។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមឧទ្ទាមទាំងនោះនៅតែជម្នះឈ្លានពានចូលព្រំដែនប្រទេសមីយ៉ាន់ម៉ា និងព្យាយាមតតាំងដើម្បីកាន់កាប់តំបន់នានាផងដែរ ហើយជាលទ្ធផលគេសង្កេតឃើញក្រុមនេះចាប់ផ្ដើមមានប្រៀបលើក្រុមយោធាបណ្ដើរៗ។
យ៉ាងណាមិញ បង់ក្លាដែសជាប្រទេសដែលមានប្រជាជនកាន់សាសនាអ៊ិស្លាមច្រើនជាងគេ ហើយមានព្រំប្រទល់ប្រវែង ២៧១គីឡូម៉ែត្រ ជាមួយនឹងប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាជនកាន់សាសនាព្រះពុទ្ធ។
បង់ក្លាដែសក៏សឹងតែក្លាយជាផ្ទះទី២របស់ក្រុមជនជាតិភាគតិចមូស្លីម រ៉ូហ៊ីងយ៉ា បន្ទាប់ពីភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ ជាពិសេសនៅក្នុងអំឡុងពេលនៃប្រតិបត្តិការបោសសម្អាតប្រឆាំងនឹងក្រុមជនជាតិភាគតិចនេះ កាលពីឆ្នាំ ២០១៧។
ដោយឡែក នៅក្នុងជ័យជម្នះរបស់ក្រុម Arakan Army ប្រឆាំងនឹងរដ្ឋអំណាចមីយ៉ាន់ម៉ានាពេលថ្មីៗនេះ បានធ្វើឱ្យក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាមានការត្រេកអរបន្តិចដែរ។
តែយ៉ាងណា ក្រុមជនជាតិភាគតិច អ៊ិស្លាមនៅតែមិនទាន់ទុកចិត្តថាខ្លួននឹងអាចទទួលបានសញ្ជាតិរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាវិញ ប្រសិនបើក្រុម Arakan Army វាយដណ្ដើមយកបានផ្នែកមួយចំនួននៃប្រទេសមីយ៉ាន់ម៉ា។
មិនទាន់ទុកចិត្តព្រោះក្រុម Arakan Army ក៏ជាអ្នកកាន់សាសនាព្រះពុទ្ធដែរ គ្រាន់តែថាកន្លងមក ខ្លួន និងក្រុមនេះ មិនដែលមានជម្លោះជាមួយគ្នានោះទេ។
លោក M Sakhawat Hossain អ្នកជំនាញសន្តិសុខបង់ក្លាដែសនៅតែបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ចំពោះលទ្ធភាពដែលជនជាតិភាគតិច រ៉ូហ៊ីងយ៉ា អាចត្រឡប់ទៅរស់នៅប្រទេសមីយ៉ាន់ម៉ាវិញ។ ក្នុងនោះ លោកបានលើកឡើងអំពីការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមដើម្បីធានាការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាពរវាងបង់ក្លាដែស ជាមួយនឹងរដ្ឋប្រជាធិបតេយ្យមីយ៉ាន់ម៉ា នៅមុនការធ្វើរដ្ឋប្រហារ។
អ្នកជំនាញរូបនេះបានបន្តឱ្យដឹងទៀតថា ប្រសិនបើក្រុម Arakan Army អាចដណ្ដើមបាននូវជ័យជម្នះពីរដ្ឋាភិបាលយោធា កិច្ចព្រមព្រៀងនានាដែលបានចែងជាមួយរដ្ឋប្រជាធិបតេយ្យមីយ៉ាន់ម៉ានាពេលនោះ ទំនងជាអាចដំណើរការឡើងវិញ ហើយដែលជនជាតិភាគតិចរ៉ូហ៊ីងយ៉ា អាចនឹងទទួលបានការរស់នៅដែលប្រសើរជាងបច្ចុប្បន្ន។
ក្នុងន័យនេះ លោកបានអះអាងថា បង់ក្លាដែស ចាំបាច់ក្នុងការបង្កើតទំនាក់ទំនងក្រៅផ្លូវការជាមួយក្រុម Arakan Army ដើម្បីដោះស្រាយបញ្ហានានាក្នុងពេលអនាគត។
ទន្ទឹមនឹងនេះ វាក៏អាចជាការប្រថុយប្រថានមួយសម្រាប់បង់ក្លាដែសផងដែរ ដោយម្ខាងត្រូវបញ្ចៀសនូវរាល់បញ្ហានានាជាមួយយោធាមីយ៉ាន់ម៉ាដើម្បីសន្តិសុខរបស់ខ្លួន និងម្ខាងទៀតត្រូវជួយដោះស្រាយបញ្ចូនក្រុមជន ជាតិភាគតិចរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ។
បង់ក្លាដែស បច្ចុប្បន្ននេះមានការឆ្អែតឆ្អន់ក្នុងការទទួលជនភៀសខ្លួនហើយ ដោយនៅតាមបណ្ដារដ្ឋជាប់ព្រំដែនរបស់ខ្លួន មានជនជាតិរ៉ូហ៊ីងយ៉ា ជាច្រើននាក់កំពុងស្នាក់នៅ ម្យ៉ាងទៀត វត្តមានរបស់ជនជាតិភាគតិចបែបនេះ អាចនឹងនាំបញ្ហាដល់ប្រជាជនស៊ីវិលរបស់បង់ក្លាដែសផងដែរ៕