ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) ដែលជាអង្គការអន្តរជាតិឃ្លាំមើលការលាងលុយកខ្វក់ បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងដកប្រទេសអារ៉ាប់ចេញពីបញ្ជីប្រផេះរបស់ខ្លួន ដែលមិនត្រូវចាត់វិធានការពេញលេញក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម។
ទីភ្នាក់ងារសារព័ត៌មាន AP បានផ្សាយថា ការប្រកាសនេះធ្វើឡើងក្រោយកិច្ចប្រជុំពេញអង្គរបស់ FATF នៅទីក្រុងប៉ារីស។ FATF បានស្វាគមន៍ចំពោះ«វឌ្ឍនភាពដ៏សំខាន់របស់អារ៉ាប់រួមក្នុងការកែលម្អ» គោលនយោបាយប្រឆាំងការលាងលុយកខ្វក់ និងការផ្តល់ហិរញ្ញប្បទានប្រឆាំងភេរវកម្ម។
ក្រៅពីអារ៉ាប់រួម ប្រទេសអ៊ូហ្គង់ដា កោះបាបាដូស និងតំបន់ហ្ស៊ីប្រាល់តា ក៏នឹងត្រូវបានដកចេញបញ្ជីប្រផេះផងដែរ។ FATF និយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសទាំងនោះនឹង «លែងជាកម្មវត្ថុនៃដំណើរការត្រួតពិនិត្យរបស់ FATF ទៀតហើយ»។
ការដកចេញអារ៉ាប់រួមចេញពីបញ្ជី ធ្វើឡើងរយៈពេល២ឆ្នាំ ក្រោយប្រទេសនេះត្រូវបានដាក់បញ្ចូល ដែលធ្វើឱ្យមានការព្រួយបារម្ភពីអង្គការមួយចំនួន។ អង្គការតម្លាភាពអន្តរជាតិ និយាយប្រាប់កាសែត Wall Street Journal ថា ការផ្លាស់ប្តូរនេះធ្វើឡើងឆាប់ៗពេក ព្រោះអារ៉ាប់រួម ត្រូវធ្វើសកម្មភាពបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាលុយកខ្វក់ក្នុងប្រទេស។
ការស្ថិតក្នុងបញ្ជីពណ៌ប្រផេះរបស់អ្នកឃ្លាំមើល អាចបំភ័យអ្នកវិនិយោគ និងអ្នកផ្ដល់ប្រាក់កម្ចីផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់ការនាំចេញ ទិន្នផល និងការប្រើប្រាស់ទំនិញ។ វាក៏អាចធ្វើឱ្យធនាគារពិភពលោកមានការប្រុងប្រយ័ត្ន ក្នុងការធ្វើជំនួញជាមួយប្រទេសណាមួយ ដែលជាប់ក្នុងបញ្ជីផងដែរ៕