នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Rishi Sunak ថ្មីៗនេះ បាន​និយាយថា ប្រទេស​លោកខាងលិច​គួរតែមាន​ភាពក្លាហាន​ក្នុងការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី ដែល​ពួកគេ​បាន​បង្កក​បន្ទាប់ពី​ការ​លុកលុយ​ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ២០២២។

នៅក្នុង​អត្ថបទ​បោះពុម្ពផ្សាយ​ពិសេស​ដំបូង​របស់​កាសែត Sunday Times របស់​ចក្រភព​អង់គ្លេស​ដើម្បី​រំឭក​ខួប ២ ឆ្នាំ​ ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជម្លោះ លោក Sunak បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​ត្រូវការ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​បន្ថែមទៀត រួមទាំង​យន្​តហោះ​គ្មាន​មនុស្ស​បើក និង​គ្រាប់បែក ក៏ដូចជា​ជំនួយ​ផ្សេងទៀត។

លោក Sunak បាន​ថ្លែង​ដូច្នេះ​ថា៖«យើង​ត្រូវតែមាន​ភាពក្លាហាន​ក្នុងការ​វាយលុក​សេដ្​ឋកិច្ច​សង្គ្រាម​រុស្ស៊ី ហើយ​យើង​ត្រូវតែមាន​ភាពក្លាហាន​ក្នុងការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី​រាប់រយ​ពាន់​លាន​ដែល​បាន​បង្កក»។

ដោយឡែក​កាលពី​ខែ​មុន រដ្ឋមន្ត្រី​វិនិយោគ​អង់គ្លេស លោក Dominic Johnson បាន​ជួប​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​រត​នាគារ​អាមេរិក លោក Wally Adeyemo ដើម្បី​ពិភាក្សា​អំពី​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី ដែល​បាន​បង្កក ប៉ុន្តែ​សង្កត់ធ្ងន់ថា ចាំបាច់​ត្រូវធ្វើ​តាមច្បាប់​អន្តរជាតិ។

សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និង​កាណាដា បាន​បង្កក​ទ្រព្យសម្បត្តិ​ធនាគារកណ្តាល​រុស្ស៊ី ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ ៣០០ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ២០២២ ពោល​ជា​ពេលដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ដំបូង។

ក្រុម​ប្រទេស G7 នៅពេលនេះ បាននិងកំពុង​សិក្សា​លទ្ធភាព​នៃ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ដែល​អាចជា​មធ្យោបាយ​មួយ​ដើម្បីឱ្យ​រុស្ស៊ី​បង់ប្រាក់​សម្រាប់​ការខូចខាត​ការ​លុកលុយ​របស់ខ្លួន​ដែល​បង្កឡើង​នៅ​អ៊ុយ​ក្រែ​ន។

ស្របពេល​ជាមួយគ្នានេះដែរ លោក Sunak ក៏បាន​ជំរុញ​ឱ្យ​អាមេរិក​បន្ត​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ និង​យោធា​សម្រាប់​អ៊ុយ​ក្រែ​ន។

នាយករដ្ឋមន្ត្រី​អង់គ្លេស​រូបនេះ​ បាន​សរសេរ​នៅក្នុង​អត្ថបទ៖ «យើង​មិនគួរ​មើលស្រាល​អ្វីដែល​អាមេរិក​បានធ្វើ​សម្រាប់​អ៊ុយ​ក្រែ​ន និង​សម្រាប់​សន្តិសុខ អឺរ៉ុប- អា​ត្ល​ង់​ទិ​ក​នោះទេ។ ខ្ញុំ​ជំរុញ​ឱ្យ​ពួកគេ​បន្ត​ការគាំទ្រ​នេះ ហើយ​ខ្ញុំ​ជឿជាក់ថា ពួកគេ​នឹងធ្វើ​វា»។

កាលពី​ថ្ងៃ​សៅរ៍ ក្រសួងការពារជាតិរ​បស់​ចក្រភព​អង់គ្លេស​ ក៏បាន​ប្រកាស​ផ្តល់ជំនួយ​ចំនួន ២៤៥ លាន​ផោន ដើម្បី​ផ្តល់​ជា​មូលនិធិ​សម្រាប់​គ្រាប់កាំភ្លើង​ធំ​ដល់​អ៊ុយ​ក្រែ​ន៕