ក្រសួងការបរទេសអាមេរិក កាលពីចុងសប្តាហ៍នេះ បាននិយាយថា មន្ត្រីកំពូលរបស់សហរដ្ឋអាមេរិក១ រូប ទទួលបន្ទុកកិច្ចការប្រទេសកូរ៉េខាងជើងបានបើកកិច្ចពិភាក្សាតាមវីដេអូមួយជាមួយប្រេសិតរបស់ប្រទេសចិន ស្តីពីកិច្ចការឧបទ្វីបកូរ៉េ ដែលក្នុងនោះពួកគេបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធាដែលកំពុងកើនឡើងរវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង។
មន្ត្រីជាន់ខ្ពស់អាមេរិកទទួលបន្ទុកកូរ៉េខាងជើង លោក Jung Pak និងសមភាគីចិនលោក Liu Xiaoming បានលើកឡើងនិយាយពីអាកប្បកិរិយាដែលកំពុងបង្កអស្ថិរភាព និងបង្កបញ្ហាខ្លាំងឡើងៗរបស់កូរ៉េខាងជើង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអាមេរិកបាននិយាយថា កិច្ចសហប្រតិបត្តិការយោធាដែលកំពុងកើនឡើងរវាងរុស្ស៊ី និងកូរ៉េខាងជើងគឺ«រំលោភលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
ចំណែក សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបាននិយាយថា៖ «ដើម្បីផលប្រយោជន៍រួមនៃតំបន់ សហគមន៍អន្តរជាតិ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ យើងជំរុញឱ្យមានដំណើរការនៃដំណោះស្រាយនយោបាយ»។
ក្រសួងការបរទេសចិនបញ្ជាក់បន្ថែមថា៖ «ភាគីពាក់ព័ន្ធគួរតែដោះស្រាយកង្វល់របស់គ្នាទៅវិញទៅមកក្នុងលក្ខណៈសមស្រប គឺតាមរយៈការសន្ទនាប្រកបដោយអត្ថន័យ ហើយប្រទេសចិន និងសហរដ្ឋអាមេរិកបានយល់ព្រមបន្តចាប់ដៃគ្នាដោះស្រាយលើបញ្ហានេះ»។
ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់កូរ៉េខាងជើងថាបានផ្គត់ផ្គង់ឱ្យរុស្ស៊ីនូវគ្រាប់កាំភ្លើងធំ និងមីស៊ីល ដើម្បីឱ្យរុស្ស៊ីប្រើក្នុងប្រទេសអ៊ុយក្រែន។ ចំណែកទីក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាង តែងតែបដិសេធរឿងនេះ ប៉ុន្តែបែរជាប្តេជ្ញាបង្កើន ទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងគ្នាទៅវិញ។
សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក បាននិយាយថា ការអំពាវនាវរួមជាមួយប្រទេសចិន ជាលទ្ធផលកើតឡើងពីកិច្ចប្រជុំកាលពីថ្ងៃទី១៦ ខែកុម្ភៈរវាងរដ្ឋមន្ត្រីការបរទេសលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ដែលគ្រានោះពួកគេបានបញ្ជាក់ជំហររួមពីសារៈសំខាន់នៃការបន្តទំនាក់ទំនង ដើម្បីដោះស្រាយលើបញ្ហាកូរ៉េខាងជើងនៅគ្រប់កម្រិតទាំងអស់»។
ទំនាក់ទំនងចិន-អាមេរិក បានបង្ហាញពីសញ្ញានៃភាពប្រសើរឡើងវិញក្នុងរយៈប៉ុន្មានខែថ្មីៗនេះ ជាមួយនឹងជំហានដើម្បីបង្កើតបណ្តាញទំនាក់ទំនងឡើងវិញ បន្ទាប់ពីទំនាក់ទំនងនៃប្រទេសទាំង២ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ទោះយ៉ាងណា ចំណុចប៉ះទង្កិចគ្នាជាច្រើននៅតែកើតមាន រួមទាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសចិនជុំវិញបញ្ហាសន្តិសុខ និងសិទ្ធិមនុស្ស ខណៈលោក Wang Yi បានប្រាប់ Blinken ថាចំណុចទាំងនេះគួរតែត្រូវបានលើកលែង៕