សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងដកទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើប្រទេសនីហ្សេ ខណៈប្លុកស្វែងរកយុទ្ធសាស្រ្តថ្មីដើម្បីកុំឱ្យរដ្ឋដឹកនាំដោយរបបយោធាចំនួន៣ រួមទាំងនីហ្សេ ដកខ្លួនចេញប្លុក ដែលអាចគំរាមកំហែងដល់សមាហរណកម្មក្នុងតំបន់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
មេដឹកនាំ ECOWAS បានជួបប្រជុំគ្នាដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុងតំបន់ ដែលរងនូវការធ្វើរដ្ឋប្រហារ ដោយនីហ្សេ ប៊ួគីណាហ្វាសូ និងម៉ាលី កាលពីខែមករា បានសម្រេចចិត្តប្រកាសដោយឯកតោភាគីក្នុងការដកខ្លួនចេញពីប្លុក ដែលមានសមាជិកសរុប ១៥ ប្រទេស។
ក្រោយកិច្ចពិភាក្សាបិទទ្វារកាលពីថ្ងៃសៅរ៍ ECOWAS បាននិយាយថា ខ្លួនបានសម្រេចចិត្តដកទណ្ឌកម្មលើនីហ្សេ ដែលរួមមានទាំងទណ្ឌកម្មលើការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាល និងរដ្ឋ និងផ្អាកប្រតិបត្តិការពាណិជ្ជកម្មជាដើម។ វិធានការដកនេះ ចូលមានប្រសិទ្ធភាពភ្លាមៗ។
ECOWAS លើកឡើងថា ការដកនេះធ្វើឡើងក្រោមហេតុផលមនុស្សធម៌ ប៉ុន្តែគេមើលឃើញថា វាជាការលួងចិត្តកុំឱ្យនីហ្សេ ដកចេញពីប្លុក ខណៈ ECOWAS ព្យាយាមបញ្ចុះបញ្ចូលរដ្ឋយោធាទាំង៣ ឱ្យបន្តនៅក្នុងសម្ព័ន្ធភាព ដែលបង្កើតឡើងជិត ៥០ឆ្នាំ មកហើយ។
ការដកខ្លួនចេញរបស់នីហ្សា ប៊ួគីណាហ្វាសូ និងម៉ាលី នឹងនាំមកនូវភាពច្របូកច្របល់ពីលំហូរពាណិជ្ជកម្ម និងសេវាកម្មរបស់ប្លុក ដែលមានតម្លៃជិត ១៥០ ពាន់លានដុល្លារក្នុង១ឆ្នាំ៕