ទីភ្នាក់ងារសារព័ត៌មានរដ្ឋបេឡារុស BelTA បានរាយការណ៍នៅថ្ងៃអាទិត្យថា មេដឹកនាំបេឡារុស លោក Alexander Lukashenko បាននិយាយថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីម្តងទៀតនៅឆ្នាំ ២០២៥។
លោក Lukashenko ដែលបានកាន់អំណាចរបស់ប្រទេសបេឡារុសអស់រយៈពេល៣០ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៤ បានប្រាប់អ្នកសារព័ត៌មាននៅការិយាល័យបោះឆ្នោតមួយ បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកសភា និងក្រុមប្រឹក្សាមូលដ្ឋានថា៖«ប្រាប់ពួកគេ (ក្រុមប្រឆាំងដែលត្រូវបាននិរទេស) ថាខ្ញុំនឹងបន្តឈរឈ្មោះ»។
ទីភ្នាក់ងាររ៉យទ័រស្រង់សម្តីបន្ត ដូចលោកបាននិយាយថា៖«គ្មាននរណាម្នាក់ គ្មានប្រធានាធិបតីដែលទទួលខុសត្រូវនឹងបោះបង់ប្រជាជនរបស់ខ្លួនដែលខំដើរតាមចូលក្នុងសមរភូមិទេ»។
លោក Lukashenko ដែលមានអាយុ ៦៩ ឆ្នាំ បានគ្រប់គ្រងប្រទេសបេឡារុសតាំងពីឆ្នាំ១៩៩៤ និងជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន (Vladimir Putin)។
លោក Lukashenko បានឆ្លើយតបទៅនឹងសំណួររបស់ ទីភ្នាក់ងារព័ត៌មាន BelTA បានរាយការណ៍ថា៖«យើងនៅសល់មួយឆ្នាំទៀតពីការបោះឆ្នោតប្រធានាធិបតី។ អ្វីៗជាច្រើនអាចផ្លាស់ប្តូរ»។
សេចក្តីរាយការណ៍បានស្រង់សម្តីដូចបាននិយាយថា៖«តាមធម្មជាតិ ខ្ញុំ និងយើងទាំងអស់គ្នា សង្គមយើងនឹងមានប្រតិកម្មចំពោះការផ្លាស់ប្តូរដែលនឹងកើតឡើងនៅក្នុងសង្គមរបស់យើង និងស្ថានភាពដែលយើងនឹងខិតជិតការបោះឆ្នោតក្នុងរយៈពេលមួយឆ្នាំ»៕