អូស្ត្រាលី នឹងសិក្សាលើសំណើមួយដែលទើបដាក់ចេញដោយក្រុមប្រឹក្សា ដោយមានបំណងបង្កើនចំនួនសិស្សពេញវ័យដែលមានកម្រិតសាកលវិទ្យាល័យ ឬវិជ្ជាជីវៈ រួមទាំងការបង្កើតមូលនិធិចំនួន ៨,៨ ពាន់លានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធអប់រំ។
ក្រុមប្រឹក្សាដែលដឹកនាំដោយរដ្ឋាភិបាល រួមទាំងនាយកប្រតិបត្តិ Macquarie Group លោក Shemara Wikramanayake បានផ្តល់អនុសាសន៍ថានៅឆ្នាំ២០៥០ ភាគរយនៃចំនួនប្រជាជនក្នុងវ័យធ្វើការរបស់ប្រទេស ដែលមានការអប់រំកម្រិតឧត្តមសិក្សា ដូចជាសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាប័ត្រទាក់ទងនឹងការងារគួរតែកើនឡើងដល់យ៉ាងហោចណាស់ ៨០ ភាគរយពី កម្រិតបច្ចុប្បន្ន ៦០ភាគរយ។
នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese បានប្រាប់ទូរទស្សន៍ Nine Network នៅថ្ងៃទី២៥ខែកុម្ភៈនេះថា៖«យើងត្រូវរៀបចំផែនការសម្រាប់ការងារនាពេលអនាគត ហើយនោះមានន័យថាផ្តល់ឱ្យមនុស្សនូវជំនាញ និងចំណេះដឹងដែលពួកគេត្រូវការ»។
ក្នុងចំណោមកំណែទម្រង់ចំនួន៤៧ដែលត្រូវបានស្នើឡើងគឺជាអនុសាសន៍របស់ក្រុមប្រឹក្សាដែលថាមូលនិធិអនាគតឧត្តមសិក្សាត្រូវបានបង្កើតឡើងដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងអន្តេវាសិកដ្ឋានរបស់និស្សិត។
មូលនិធិនេះគួរតែរួមបញ្ចូលការរួមចំណែកពីសាកលវិទ្យាល័យ និងរដ្ឋាភិបាលក្នុងគោលបំណងឈានដល់ទឹកប្រាក់សរុបយ៉ាងតិចំនួន ៨,៨ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី២៥ខែកុម្ភៈ។
របាយការណ៍បាននិយាយថា ការកែលម្អនឹងគាំទ្រដល់ការអប់រំកម្រិតវិទ្យាល័យដែលមានការចុះឈ្មោះចូលរៀនពីនិស្សិតអន្តរជាតិដែលបង់ថ្លៃជាង ៤៥ម៉ឺននាក់ក្នុងឆ្នាំ២០២២ ហើយត្រូវបានរាប់បញ្ចូលជាវិស័យនាំចេញធំជាងគេទី៤របស់អូស្ត្រាលី។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក Jason Clare បាននិយាយនៅថ្ងៃទី២៥ ខែកុម្ភៈ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលរបស់លោក Albanese នឹងសិក្សាការរកឃើញរបស់ក្រុមនេះ។