នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានប្រាប់ភ្នាក់ងារអន្តោប្រវេសន៍ឱ្យពិចារណាលើការលើកលែងទិដ្ឋាការរយៈពេលពី ៦-១២ ខែ សម្រាប់ប្រជាជនមកពីបណ្តាប្រទេសអ្នកមានទាំងឡាយ ដើម្បីជំរុញការស្តារវិស័យទេសចរណ៍ឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnEpress កាលពីថ្ងៃសៅរ៍។
លោក Minh Chinh បាននិយាយក្នុងសេចក្តីណែនាំមួយ ចេញផ្សាយនៅថ្ងៃសុក្រថា វៀតណាមត្រូវពង្រីកបញ្ជីនៃប្រទេស ដែលទទួលបានការលើកលែងទិដ្ឋាការ។ បច្ចុប្បន្ន មានប្រទេស ចំនួន ១៣ ដែលស្ថិតនៅក្នុងបញ្ជីនោះ រួមមាន អាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ អង់គ្លេស រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ដាណឺម៉ាក ស៊ុយអែត ន័រវែស ហ្វាំងឡង់ និងបេឡារុស។
នាយករដ្ឋមន្ត្រីដដែល ក៏បានណែនាំដល់ទីភ្នាក់ងារនានា ឱ្យពិចារណាលើការចេញទិដ្ឋាការរយៈពេលវែង និងច្រើនដងពី ១២ ទៅ ៣៦ ខែ ដើម្បីទាក់ទាញអ្នកចូលនិវត្តន៍បរទេសមានៗ មកពីអឺរ៉ុប អាស៊ីឦសាន អាមេរិកខាងជើង ឥណ្ឌា និងប្រទេសមជ្ឈិមបូព៌ាមួយចំនួនផងដែរ។
ការពិចារណាលើការលើកលែងទិដ្ឋាការនេះ ធ្វើឡើងក្នុងបរិបទដែលប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដូចជាថៃ និងម៉ាឡេស៊ី បានប្រកួតគ្នាលើវិស័យទេសចរណ៍ក្នុងតំបន់ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសជាពិសេសពីចិន ជាមួយនឹងគោលនយោបាយគ្មានទិដ្ឋាការ។
បច្ចុប្បន្ន វៀតណាមបានលើកលែងទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចំនួន ២៥ បើធៀបម៉ាឡេស៊ី និងសិង្ហបុរី មាន ១៦២ ប្រទេស រីឯហ្វីលីពីនមាន ១៥៧ ប្រទេស និងថៃមាន ៦៤ ប្រទេស។
ឆ្នាំមុន វៀតណាមទទួលភ្ញៀវអន្តរជាតិចំនួន ១២,៦ លាននាក់ ដែលស្មើនឹង ៧០ ភាគរយ នៃចំនួនភ្ញៀវទៅលេងវៀតណាមមុនវិបត្តិកូវីដ ហើយប្រទេសចិន ឥណ្ឌា និងអូស្ត្រាលី គឺជាប្រភពនៃអ្នកទេសចរដ៏ធំបំផុត៕