ដោយការខឹងសម្បាកើតចេញពីការតវ៉ាជាច្រើនសប្តាហ៍ កសិករបារាំង ១ ក្រុមបាននាំគ្នាសម្រុកយ៉ាងកំរោលចូលក្នុងពិព័រណ៍កសិកម្មមួយក្នុងទីក្រុងប៉ារីសនៅថ្ងៃទី២៤ ខែកុម្ភៈ ពេលដែលលោកប្រធានាធិបតី អេម៉ានុយអែលម៉ាក្រុង ចូលរួមជាគណៈអធិបតីក្នុងពិធីបើកពិព័រណ៍កសិកម្មនោះ។
ទីភ្នាក់ងារព័ត៌មានអន្តរជាតិជាច្រើនបានរាយការណ៍ថា បើទោះបីជាមានការរារាំងដោយក្រុមប៉ូលិសក្ដី ក្រុមកសិករនាំគ្នាស្រែកដោយស្ដីបន្ទោសទៅកាន់លោកប្រធានាធិបតីបារាំង ថាមិនបានចេញសកម្មភាពឆ្លើយតបគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាជូនកសិករនៅទូទាំងប្រទេស។ ពួកគេថែមទាំងបណ្ដេញលោកម៉ាក្រុង ចេញពីតំណែង និងស្ដីបន្ទោសទៅលើមន្ត្រីរាជការបារាំងដែលមានជាប់ពាក់ព័ន្ធទៀតផង។
ការតវ៉ានោះផងដែរ ក៏បានឈានដល់ការប៉ះទង្គិចបន្តិចបន្តួចផងដែរ រវាងក្រុមកសិករ និងប៉ូលិសការពារសណ្ដាប់ធ្នាប់ ហើយអ្នកតវ៉ាម្នាក់ត្រូវចាប់ខ្លួន។
ជាមួយគ្នានេះ លោក Pascal Beteille ដែលជាបាតុករម្នាក់ក្នុងចំណោមកសិករជាច្រើននាក់ទៀតបាននិយាយថា គាត់មិនរំពឹងអ្វីពីវត្តមានរបស់លោក ម៉ាក្រុង នៅក្នុងពិព័រណ៍នេះទេ។ លោកបន្តថា លោកម៉ាក្រុងមិនត្រឹមតែមិនដោះស្រាយបញ្ហាឱ្យក្រុមកសិករប៉ុណ្ណោះទេ ថែមទាំងស្វាគមន៍ពួកគេដោយឱ្យក្រុមប៉ូលិសធ្វើសកម្មភាពបង្ក្រាបការតវ៉ាថែមទៀតផង។
ប៉ុន្តែយ៉ាងណា ក្នុងការចូលរួមបើកពិព័រណ៍ដដែលនេះ លោកម៉ាក្រុងក៏បានជួបជជែកជាមួយប្រធានសហជីពកសិករ និងបាននិយាយដោយផ្ដែផ្ដាំទៅកាន់កសិករនៅទូទាំងប្រទេសថា៖«អ្នកនឹងមិនអាចជួយអ្វីបានតាមរយៈការបំផ្លិចបំផ្លាញស្តង់របស់កសិករផ្សេងទៀតទេ អ្នកក៏មិនអាចជួយអ្វីបានតាមរយៈការបង្អាក់ដំណើរការនៃកម្មវិធីពិព័រណ៍នេះដែរ ផ្ទុយទៅវិញអ្នកទាំងអស់គ្នាបានធ្វើឱ្យសាធារណជនមានការភ័យខ្លាច ដោយមិនហ៊ានចូលមកទស្សនាស្តង់របស់យើងទៀតផង»។
បើទោះបីជាយ៉ាងនេះក្ដី បច្ចុប្បន្នការតវ៉ាមិនមែនមានតែនៅក្នុងប្រទេសបារាំងតែមួយនោះទេ ប៉ុន្តែវាកំពុងតែរីករាលដាលទៅទ្វីបអឺរ៉ុបតែម្ដង ហើយចង់ឬមិនចង់ប្រធានាធិបតីបារាំងត្រូវតែដោះស្រាយបញ្ហានេះ ដើម្បីលើកស្ទួយគោលនយោបាយរបស់ខ្លួនឡើងវិញនិងរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួនសម្រាប់ការបោះឆ្នោតសភាអឺរ៉ុបនៅខែមិថុនាខាងមុខ។
មូលហេតុចម្បងនាំឱ្យកសិករបារាំងនៅទូទាំងប្រទេស ក៏ដូចជាកសិករនៅក្នុងបណ្ដាប្រទេសនៃសហគមន៍អឺរ៉ុបមួយចំនួនផ្ទុះការតវ៉ា ព្រោះរដ្ឋាភិបាលរបស់ពួកគេបានដំឡើងតម្លៃប្រេងឥន្ធនៈនៅក្នុងវិស័យកសិកម្ម៕