លោក Nafe Singh Rathee ប្រធានគណបក្ស Indian National Lok Dal (INLD) ប្រចាំនៅរដ្ឋ Haryana និងសហការីម្នាក់ទៀត ឈ្មោះ Jaikishan ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់នៅក្នុងទីប្រជុំជន Jhajjar កាលពីល្ងាចថ្ងៃអាទិត្យ ខណៈដែលមនុស្ស ២ នាក់ ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ។
សារព័ត៌មាន The Statesman ដែលជាសមាជិករបស់បណ្តាញព័ត៌មានអាស៊ី ANN បានរាយការណ៍ថា លោក Rathee និងសមាជិកក្រុម ត្រូវបានគេរាយការណ៍ថា ធ្វើដំណើរក្នុងរថយន្ត SUV ពេលនោះខ្មាន់កាំភ្លើងក៏បើករថយន្ត បាញ់រះ ហើយរត់គេចខ្លួនបាត់។
បុរសទាំង៤នាក់ រួមទាំងប្រធានគណបក្សINLD Haryana លោក Nafe Singh Rathee ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Brahma Shakti Sanjeevani ដែលនៅជិតនោះ ដែលគ្រូពេទ្យបានប្រកាសថា ពួកគេទាំង ២ នាក់ បានស្លាប់បាត់បង់ជីវិតទៅហើយ។
លោកវេជ្ជបណ្ឌិត Manish Sharma មន្ទីរពេទ្យ Brahma Shakti Sanjeevani បាននិយាយថា Rathee និង Jaikishan ត្រូវបានបាញ់ចំក ខ្នង និងស្មា។ ចំណែកបុរស ២ នាក់ទៀត ដែលត្រូវបញ្ជូនទៅពិនិត្យដោយម៉ាស៊ីនICU មានរបួសដោយគ្រាប់កាំភ្លើងត្រង់ស្មា ភ្លៅ និងទ្រូងខាងឆ្វេង។
តាមសេចក្តីរាយការណ៍នោះ លោក វេជ្ជបណ្ឌិត បានលើកឡើងថា៖«នៅពេលល្ងាចមនុស្ស៤នាក់ដែលត្រូវបានបាញ់ត្រូវបាននាំយកទៅមន្ទីរពេទ្យ Brahma Shakti Sanjeevani។ ក្នុងចំណោមពួកគេ មាន ២នាក់បានហូរឈាមយ៉ាងខ្លាំង ហើយពេលបញ្ជូនទៅ ពួកគេបានស្លាប់ទៅហើយ»។
ប្រតិកម្មទៅនឹងឧបទ្ទវហេតុនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋ Haryana លោក Anil Vij បាននិយាយថា លោកបានបញ្ជាឱ្យមន្ត្រីចាត់វិធានការជាបន្ទាន់ និងស៊ើបអង្កេតឧប្បត្តិហេតុនេះ ដោយសារព័ត៌មានបានស្រង់សម្តីសរសេរថា៖«…ខ្ញុំបានស្នើឱ្យមន្ត្រីចាត់វិធានការជាបន្ទាន់ក្នុងរឿងនេះ»។
ជាមួយគ្នានេះ អគ្គលេខាធិការ INLD លោក Abhay Singh Chautala បានអះអាងថា លោក Rathee ថ្មីៗនេះបានទាមទារសន្តិសុខ ប៉ុន្តែមិនត្រូវបានផ្តល់ឱ្យដូចគ្នា។ គាត់បានចាត់ទុករដ្ឋាភិបាល BJP ដឹកនាំដោយ Manoharlal Khattar មានកំហុសស្មើគ្នាក្នុងការធ្វើឃាតរបស់គាត់។
លោក Abhay Singh Chautala បានលើកឡើងថា៖«ប្រធានរដ្ឋរបស់គណបក្ស INLD និងអតីត MLA Nafe Singh ji លែងមានទៀតហើយ។ គ្រួសារ INLD ទាំងមូលមានការភ្ញាក់ផ្អើលចំពោះការវាយប្រហារដ៏កំសាកមកលើគាត់។ លោក Nafe Singh ji មិនត្រឹមតែជាផ្នែកមួយនៃគណបក្សរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកនៃគ្រួសាររបស់យើងដែរ គាត់ដូចជាបងប្រុសរបស់ខ្ញុំ។ Nafe Singh ji ថ្មីៗនេះបានទាមទារសន្តិសុខពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ,អគ្គនាយកប៉ូលិស (DGP)និងស្នងការដោយភ័យខ្លាចការវាយប្រហារលើរូបគាត់។ នៅពេលនោះ រដ្ឋាភិបាលបានលេងនយោបាយ ហើយមិនបានផ្តល់សន្តិសុខតាមការស្នើឡើយ។ តើរដ្ឋាភិបាលមិនមានទោសស្មើគ្នាក្នុងរឿងនេះទេឬ?»៕