អ្នកញៀនគ្រឿងញៀនចំនួន ១៩១ នាក់ ដែលត្រូវសម្រាកព្យាបាលដោយកំហិតក្នុងមណ្ឌលកែប្រែ បាននាំគ្នារត់គេចខ្លួនចេញពីមជ្ឈមណ្ឌលស្តារនីតិសម្បទាក្រុង Soc Trang នៅតំបន់ដីសណ្តទន្លេមេគង្គ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាដោយហិង្សាជាមួយបុគ្គលិកសន្តិសុខ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃអាទិត្យ។
លោក Nguyen Thanh Binh ប្រធានមជ្ឈមណ្ឌល បានរាយការណ៍ថា គិតត្រឹមថ្ងៃអាទិត្យ អាជ្ញាធរវៀតណាមបានចាប់ខ្លួនអ្នករត់គេចខ្លួនប្រហែល ៨០ នាក់មកវិញ ខណៈ ៤ នាក់ ផ្សេងទៀត ត្រូវបានក្រុមគ្រួសារបញ្ជូនត្រឡប់ពីផ្ទះ។ នៅសល់ជាង ១០០នាក់ទៀត អាជ្ញាធរវៀតណាមកំពុងតាមចាប់ខ្លួនជាបន្ត។
ប៉ុន្តែសារព័ត៌មានអនឡាញវៀតណាម Tuoi Tre News បានរាយការណ៍នៅព្រឹកថ្ងៃចន្ទនេះថា អ្នកញៀនថ្នាំចំនួន ១២០ នាក់ នុងចំណោមអ្នកដែលរត់គេចខ្លួនទាំងនោះ បាន «ស្ម័គ្រចិត្ត» វិលត្រឡប់ទៅកាន់មណ្ឌលកែប្រែវិញកាលពីអាទិត្យ។
ការរត់គេចខ្លួន បានកើតឡើងកាលពីរសៀលថ្ងៃសៅរ៍ បន្ទាប់ពីមានជម្លោះរវាងបុគ្គលជាង ២០នាក់ ដែលរួមបញ្ចូលទាំងបុគ្គលិកសន្ដិសុខ និងអ្នកញៀនគ្រឿងញៀន។ ជម្លោះបានកើនឡើងកាន់តែធំ ហើយលុះដល់ម៉ោង ៥ល្ងាច ក្រុមអ្នកញៀនថ្នាំបានវាយកម្ទេចខ្លោងទ្វារធំ ហើយបានចែកផ្លូវគ្នារត់គេច។ ភាពចលាចល បានធ្វើឱ្យអ្នកនៅក្នុងមណ្ឌលកែប្រែផ្សេងទៀត រត់គេចខ្លួនដែរ។
នៅពេលនោះ មជ្ឈមណ្ឌលកែប្រែដដែល មានអ្នកត្រូវកែប្រែចំនួន ៤១៩ នាក់ ដែលភាគច្រើនជាបុរស។ ដោយសារតែការចលាចល ឆ្មាំ និងបុគ្គលិកសន្ដិសុខមណ្ឌលជាង២០នាក់ មិនអាចទប់ស្កាត់ស្ថានការណ៍បានឡើយ រហូតដល់បង្កជាស្នាមរបួសដល់បុគ្គលិកមណ្ឌលមួយចំនួនទៀតផង៕