ក្រោយការត្រួតពិនិត្យសមរភូមិជួរមុខ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក រូស្ថាន យូម៉េរ៉ូវ (Rustan Umerov) កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ បានលើកឡើងថា ជំនួយយោធាលោកខាងលិចបានបញ្ជូនទៅដល់អ៊ុយក្រែនយឺតពេល ដែលជាហេតុធ្វើឱ្យបង្កការរាំងស្ទះដល់អ្នករៀបចំផែនការយោធា និងបណ្តាលឱ្យបាត់បង់ជីវិតទាហានអ៊ុយក្រែនជាច្រើននៅក្នុងសង្គ្រាមជាមួយរុស្ស៊ី។
លោក យូម៉េរ៉ូវ បានសង្កត់ធ្ងន់ថា កាលណាការបញ្ជូនជំនួយយោធាមានការពន្យារពេល នោះមានន័យថាកម្លាំងទាហានអ៊ុយក្រែននឹងធ្លាក់ចុះ។
នៅថ្ងៃខួបលើកទី២ នៃការឈ្លានពានរបស់រុស្ស៊ីទៅលើទឹកដីអ៊ុយក្រែន សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបានប្រកាសផ្តល់ការគាំទ្រជាថ្មីបន្ថែម រួមទាំងកិច្ចព្រមព្រៀងសន្តិសុខ និងជំនួយយោធា ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ដែលលោកខាងលិចត្រូវប្ដេជ្ញាដឹកជញ្ជូនជំនួយយោធាទាំងនោះឱ្យបានទាន់ពេលវេលាដើម្បីទប់ទល់នឹងកងកម្លាំងរុស្ស៊ី។
លោក យូម៉េរ៉ូវ បាននិយាយថា ៖«សេដ្ឋកិច្ចរបស់សត្រូវមានទំហំធំណាស់ហើយពួកគេប្រើប្រាស់ថវិកាចំនួន ១០០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំសម្រាប់ចំណាយក្នុងវិស័យយោធា។ ដូច្នេះ ការពន្យារពេលក្នុងការប្តេជ្ញាចិត្តផ្ដល់ជំនួយដល់អ៊ុយក្រែន នឹងធ្វើឱ្យបាត់បង់អាយុជីវិតពលរដ្ឋអ៊ុយក្រែននិងទឹកដីផងដែរ»។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីលោក យូម៉េរ៉ូវ និងប្រមុខយោធាអ៊ុយក្រែន លោក ស៊ីស្គី អូឡេសាន់ (Oleksandr Syrskyi)បានចុះទៅត្រួតពិនិត្យនៅទាហានជួរមុខ ហើយបានរកឃើញថា មានការខ្វះខាតគ្រឿងសព្វាវុធរីឯការវាយប្រហាររបស់រុស្ស៊ីនៅភាគខាងកើតនៅតែបន្ត។
លោក ស៊ីស្គី បានរាយការណ៍ថា លោកបានកត់សម្គាល់ឃើញថា ស្ថានភាពកងទ័ពអ៊ុយក្រែនមានការលំបាក ដែលទាមទារឲ្យមានការត្រួតពិនិត្យជាប្រចាំ ជាពិសេសនៅតំបន់ជួរមុខ។
ទន្ទឹមនឹងនេះ កងកម្លាំងរុស្ស៊ីបាននឹងកំពុងវាយរុលទៅមុខភាគខាងលិចនៃទីក្រុងអាវឌីវកា (Avdiivka) បន្ថែមទៀត បន្ទាប់ពីបានដណ្តើមកាន់កាប់ទីក្រុងនេះកាលពីប៉ុន្មានថ្ងៃមុន។
ឧត្តមសេនីយ៍ អូឡេសាន់ តាណាស្គី (Oleksandr Tarnavskyi) ដែលកំពុងដឹកនាំកងកម្លាំងអ៊ុយក្រែននៅតំបន់នោះ បានប្រកាសកាលពីថ្ងៃអាទិត្យថា កងទ័ពរបស់លោកបានដកថយចេញពីទីក្រុងឡាស្ថូគីន (Lastochkyne) ដែលស្ថិតនៅជាយក្រុងភាគខាងលិចនៃទីក្រុងអាវឌីវកា។ យ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនមួយចំនួនបានអះអាងថា កងកម្លាំងរុស្ស៊ីបានគ្រប់គ្រងទីក្រុងឡាស្ថូគីនកាលពីថ្ងៃសៅរ៍ទាំងស្រុងហើយប៉ុន្តែរដ្ឋាភិបាលទីក្រុងកៀវនៅមិនទាន់បានប្រកាសបញ្ជាក់ជាផ្លូវការនៅឡើយទេ។
គួររំឭកថា កាលពីដើមខែនេះ លោក ស៊ីស្គី បានឡើងកាន់តំណែងមេបញ្ជាការយោធាកំពូលរបស់អ៊ុយក្រែន ជំនួសលោក វ៉ាឡេរី ហ្សាលូនី (ValeriiZaluzhny) ដែលជាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងជួរថ្នាក់អ្នកដឹកនាំអ៊ុយក្រែន ខណៈដែលសង្គ្រាមនៅតែកំពុងបន្ត។
ការផ្លាស់ប្តូរនេះបានធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបានបើកការវាយបកទៅកាន់រុស្ស៊ីបរាជ័យកាលពីរដូវក្តៅ ខណៈដែលជំនួយយោធាពីសភាសហរដ្ឋអាមេរិកក៏មានភាពមិនច្បាស់លាស់ទៀត។ គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីនៅតែបន្តគ្រប់គ្រងប្រហែលមួយភាគបួននៃប្រទេសអ៊ុយក្រែនដដែល។
លោក យូម៉េរ៉ូវ បានសង្កត់ធ្ងន់ថាកងកម្លាំងអ៊ុយក្រែនកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលជាវិជ្ជមាននៅឆ្នាំនេះ ជាមួយនឹងផែនការយោធាដ៏រឹងមាំមួយដែលកំពុងដាក់ចេញឱ្យដំណើរការ។ គួរដឹងដែរថា ការវាយប្រហាររបស់រុស្ស៊ីនៅតែបន្តកើតមាននៅតំបន់ភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន ដែលបានបណ្តាលឲ្យជនស៊ីវិលស្លាប់បាត់បង់ជីវិតជាច្រើននាក់។
ជាក់ស្ដែង ថ្មីៗនេះ រុស្ស៊ីបានបាញ់គ្រាប់ផ្លោងទៅកាន់ទីក្រុងកូស្ទៀនទីនីវកា (Kostiantynivka) បណ្ដាលឱ្យស្ត្រីម្នាក់រងរបួសនិងបានបំផ្លាញស្ថានីយ៍រថភ្លើងមួយ។ យោងតាមប៉ូលិសក្នុងតំបន់ដែលដកស្រង់ដោយទូរទស្សន៍សាធារណៈរបស់អ៊ុយក្រែនមួយបានឱ្យដឹងថា ការវាយប្រហាររុស្ស៊ីបានបំផ្លាញព្រះវិហារគ្រិស្តអូស្សូដក់ អគារលំនៅដ្ឋាន ហាងលក់ទំនិញ ការិយាល័យប្រៃសណីយ៍ សាលារៀន និងការិយាល័យរដ្ឋាភិបាលទៀតផង។
រហូតមកទល់ពេលនេះ រុស្ស៊ី និងអ៊ុយក្រែនបានផ្លាស់ប្តូរវិធីសាស្ត្រវាយប្រហារដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដើម្បីវាយប្រហារនៅពេលយប់។ ថ្មីៗនេះ អ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករុស្ស៊ី ផលិតដោយអ៊ីរ៉ង់ចំនួន ១៦ គ្រឿងក្នុងចំណោម ១៨ គ្រឿង។
កាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា ពួកគេបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៧ គ្រឿង ប៉ុន្តែមិនបានបញ្ជាក់អំពីចំនួនអ្នកស្លាប់ ឬទំហំខូចខាតនោះទេ៕