ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានអ៊ុយក្រែនប្រមាណ ៣១ ០០០ នាក់ ត្រូវបានសម្លាប់ រាប់ចាប់តាំងពីរុស្ស៊ី បើកការឈ្លានពានទូទាំងប្រទេសតាំងពី ២ ឆ្នាំមុនមក។
លោក ហ្សេលេនស្គី បានថ្លែងប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងកៀវថា លោកមិនអាចបង្ហាញពីចំនួនទាហានរងរបួសបានទេ ព្រោះវានឹងជួយដល់ផែនការយោធារបស់រុស្ស៊ី។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ទាហានអ៊ុយក្រែន ៣១ ០០០ នាក់ ត្រូវបានសម្លាប់ក្នុងសង្រ្គាមនេះ។ មិនមែន ៣០០ ០០០ នាក់ ឬ ១៥០ ០០០ នាក់ ដូច [ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ] ពូទីន និយាយកុហកនោះទេ។ តែទោះយ៉ាងណាក៏ដោយ តួលេខនេះ គឺជាការខាតបង់ដ៏ធំមួយសម្រាប់ពួកយើង»។
អ៊ុយក្រែន មិនបានបង្ហាញចំនួននៃការខាតបង់ផ្នែកយោធារបស់ខ្លួន ចាប់តាំងពីចុងឆ្នាំ ២០២២ មក ពោលគឺនៅពេលដែលជំនួយការប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បាននិយាយកាលនោះថា ទាហានអ៊ុយក្រែន ១៣ ០០០ នាក់ ត្រូវបានសម្លាប់ រាប់តាំងពីការឈ្លានពានចាប់ផ្ដើមនៅថ្ងៃទី ២៤ ខែកុម្ភៈ។
ការស្លាប់ និងរបួសនៅសមរភូមិ គឺជាប្រធានបទដ៏រសើបមួយក្នុងប្រទេស ដែលព្យាយាមធ្វើកំណែទម្រង់ពីរបៀបដែលខ្លួនប្រមូលជនស៊ីវិល ឱ្យចូលទៅបម្រើទ័ព។ កាលពីខែសីហា ឆ្នាំមុន កាសែត ញូវយ៉កថែមស៍ បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីសហរដ្ឋអាមេរិកថា ចំនួនទាហានអ៊ុយក្រែនដែលត្រូវបានសម្លាប់ មានរហូតដល់ ៧០ ០០០ នាក់។
របាយការណ៍ដដែលថា ទាហានរុស្ស៊ីច្រើនដល់ទៅ ១២០ ០០០ នាក់ បានស្លាប់ក្នុងអំឡុងសង្គ្រាមដដែល។ ជាថ្មីម្ដងទៀតកាលពីថ្ងៃអាទិត្យ លោក ហ្សេលេនស្គី បានអះអាងថា ទាហានរុស្ស៊ី ប្រមាណ ១៨០ ០០០ នាក់ ត្រូវបានសម្លាប់។
រុស្ស៊ីមិនបានបង្ហាញពីការខាតបង់ខាងយោធារបស់ខ្លួននោះទេ ដោយចាត់ទុកវាថាជាការសម្ងាត់។ ភាគីទាំង ២ តែងតែអះអាងឱ្យគ្នាទៅវិញទៅមក ពីចំនួនទាហានបាត់បង់ដ៏ច្រើន៕