ប្រទេសហុងគ្រី ដែលជាឆ្អឺងទទឹងកចុងក្រោយរបស់ប្រទេសស៊ុយអែត ក្នុងការប៉ងក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការសម្ព័ន្ធមិត្តយោធាណាតូ ត្រូវបានគេរំពឹងថានឹងផ្តល់សច្ចាប័នលើការចូលជាសមាជិកណាតូរបស់ស៊ុយអែតនៅថ្ងៃចន្ទនេះ ដែលលទ្ធផលនឹងត្រូវប្រកាសនៅល្ងាចថ្ងៃចន្ទម៉ោងនៅអឺរ៉ុប។
អស់រយៈពេលជិត២ឆ្នាំមកហើយ ដេលប្រទេសស៊ុយអែត និងកាលនោះមានហ្វំាងឡង់ផង បានដាក់ពាក្យស្នើចូលជាសមាជិករបស់អង្គការណាតូដោយបោះបង់ជំហរអព្យាក្រឹតដែលប្រទេសទាំង២ប្រកាន់យកអស់ជាច្រើនទសវត្សរ៍ បន្ទាប់ពីមើលឃើញប្រទេសរុស្ស៊ីឈ្លានពានចូលអ៊ុយក្រែនក្បែរខាងខ្លួន។
ក្នុងចំណោមប្រទេសទាំង៣០របស់អង្គការណាតូ កាលដាក់ពាក្យចូលដំបូង ២៩ប្រទេសរួមទាំងតួកគីដ៏សែនរឹងត្អឹងជំទាស់បេក្ខភាពស៊ុយអែត បានផ្តល់សច្ចាប័នអស់ហើយ នៅឡើយតែហុងគ្រីមួយគត់រហូតដល់ពេលនេះ។
ការផ្តល់សច្ចាប័ននៅថ្ងៃចន្ទនេះអាចជាបំបាត់ឧបសគ្គចុងក្រោយ ហើយស៊ុយអែតអាចបោះជំហានជាប្រវត្តិសាស្ត្រចូលសម្ព័ន្ធមិត្តយោធាណាតូ ដែលបោះបង់ឋានៈជាប្រទេសអព្យាក្រឹតដែលខ្លួនបានឆ្លងកាត់សង្គ្រាមលោកលើកទី២ និងជម្លោះដែលកំពុងឆេះនៃសង្គ្រាមត្រជាក់។
ការបោះឆ្នោតរបស់សភាហុងគ្រី ដែលត្រូវបានរំពឹងថានឹងឆ្លងកាត់យ៉ាងរលូនបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson កាលពីថ្ងៃសុក្រមុនក្នុងអំឡុងពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាវុធនឹងបញ្ចប់ការពន្យារពេលជាច្រើនខែដើម្បីបញ្ចប់ការផ្លាស់ប្តូរគោលនយោបាយសន្តិសុខរបស់ប្រទេសស៊ុយអែត៕