អ្នកបើកបរយន្ដហោះ (Pilot) សញ្ជាតិអូស្ត្រាលីម្នាក់ និងអ្នកដំណើរសញ្ជាតិ Papua New Guinea ២ នាក់ទៀតដែលត្រូវបានចាប់ជំរិតដោយក្រុមខ្មាន់កាំភ្លើង ពេលនេះទទួលបានការដោះលែងវិញហើយ។
បើតាមមន្ត្រីអាជ្ញាធរក្នុងតំបន់ អ្នកទាំងបីត្រូវបានខ្មាន់កាំភ្លើងចាប់ជំរិតនៅតំបន់កោះ នៃប្រទេសដែនកោះ Papua New Guinea នាថ្ងៃទី ២៦កុម្ភៈនេះ ហើយត្រូវបានដោះលែងវិញនៅប៉ុន្មានម៉ោងក្រោយមក។
យោងតាមអាជ្ញាធរក្នុងតំបន់ដដែល មនុស្សទាំងបីនាក់នោះបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ហើយបានចុះចតនៅទីតាំងទូរគមនាគមន៍ដាច់ស្រយាលមួយកន្លែង នៅក្បែរតំបន់ Mount Sisa ស្ថិតក្នុងខេត្ត Hela នៃកោះ Papua New Guinea។ ក្រោយមកពួកគេត្រូវបានខ្មាន់កាំភ្លើងចាប់ជំរិតចេញឆ្ងាយពីតំបន់នោះតែម្ដង។
បន្ទាប់ពីបានចរចាអស់ជាច្រើនម៉ោងជាមួយក្រុមប្រដាប់អាវុធនោះ ចំណាប់ខ្មាំងទាំង៣នាក់ក៏ត្រូវបានដោះលែងមកវិញ ដោយសុវត្ថិភាព និងមិនមានរបួសស្នាមអ្វីនោះទេ។
បើទោះបីជាជនរងគ្រោះត្រូវបានដោះលែងមកវិញដោយមិនមានរបួសស្នាមអ្វីក៏ដោយ តែវាបានគម្រាម កំហែងដល់សុវត្ថិភាពអ្នកដំណើរដែលត្រូវឆ្លងកាត់តំបន់នោះ។ ម្លោះហើយ អាជ្ញាធរក្នុងតំបន់បាន និងកំពុង ដាក់ចេញនូវសកម្មភាពបន្ថែមទៀត ដើម្បីបង្ក្រាបក្រុមប្រដាប់អាវុធទាំងនោះ។
ដោយឡែក ករណីនេះក៏ធ្លាប់កើតឡើងម្ដងរួចមកហើយកាលពីឆ្នាំមុន ដោយមនុស្សបីនាក់ក៏ត្រូវបានចាប់ ជំរិតអស់រយៈពេលប្រមាណ១សប្ដាហ៍។ ក្នុងចំណោមអ្នកទាំងបីនោះ មានម្នាក់ជាបុរាណវិទូជនជាតិអូស្ត្រាលី និងពីរនាក់ទៀតជាអ្នកស្រាវជ្រាវនៃកោះ Papua New Guinea។
កាលណោះ ជនរងគ្រោះទាំងបីនាក់ត្រូវបានដោះលែងវិញ បន្ទាប់ពីអាជ្ញាធរបានប្រគល់ប្រាក់តាមការទាមទាររបស់ក្រុមខ្មាំងកាំភ្លើងទាំងនោះ។ ប៉ុន្តែសម្រាប់ករណីថ្មីនេះ គេនៅមិនទាន់កត់សម្គាល់ឃើញការស្រាវបំភ្លឺណាមួយពីក្រសួងការបរទេសអូស្ត្រាលី នៅឡើយទេ។
កោះ Papua New Guinea ស្ថិតនៅភាគនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វីក ស្ថិតនៅក្បែរបណ្ដុំ កោះរបស់ប្រទេសឥណ្ឌូនេស៊ី និងប្រទេសអូស្ត្រាលី។ ដែនកោះមួយនេះ សម្បូរទៅដោយជីវចម្រុះជាច្រើន ប្រភេទ និងជាប្រទេសដែលមានវប្បធម៌ចាក់ឬសជ្រៅផងដែរ។ កោះនេះត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ តាមរយៈឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ហើយក៏ជាកន្លែងគយគន់ផ្កាថ្មមួយដ៏ពេញនិយមផងដែរ៕