ឆ្មាំឆ្នេរសមុទ្ររបស់ចិនដីគោកបានដាក់ពង្រាយកងនាវាសម្រាប់ការល្បាតនៅជិតកោះ Kinmen ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរកោះតៃវ៉ាន់ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងនាវាល្បាតតៃវ៉ាន់ និងទូកនេសាទរបស់ចិនដីគោក។
សេចក្តីរាយការណ៍របស់ សារព័ត៌មានចិន The China Daily នៅថ្ងៃចន្ទ បានឱ្យដឹងថា អាជ្ញាធរចិន កាលពីថ្ងៃអាទិត្យ បានសម្រេចដាក់ពង្រាយកងល្បាតសមុទ្រនៅជិតកោះ Kinmen បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងររវាងទូកនេសាទចិនដីគោក និងនាវាល្បាតពីតៃវ៉ាន់កាលពីដើមខែនេះ។
ក្នុងឧប្បត្តិហេតុនាពេលនោះ មានអ្នកនេសាទ ៤ នាក់ត្រូវបានទម្លាក់ពីលើទូកកាលពីថ្ងៃទី ១៤ ខែកុម្ភៈ នៅពេលដែលទូកនេសាទរបស់ពួកគេត្រូវបានចោទប្រកាន់ថា បានបុកដោយទូកល្បាតរបស់តៃវ៉ាន់ ដែលបណ្តាលឱ្យមានអ្នកនេសាទ ២ នាក់ស្លាប់បាត់បង់ជីវិត។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាននោះ ឆ្មាំឆ្នេរសមុទ្ររបស់ចិនដីគោកបាននិយាយថា កប៉ាល់របស់ខ្លួនបានធ្វើកិច្ចការដូចជាការត្រួតពិនិត្យកប៉ាល់ ការការពារនាវានេសាទ និងការចេញការព្រមានក្នុងអំឡុងពេលល្បាត។ ប្រតិបត្តិការនេះមានគោលបំណងពង្រឹងការអនុវត្តច្បាប់ រក្សាសណ្តាប់ធ្នាប់ និងការពារសុវត្ថិភាពអ្នកនេសាទ។
ការដាក់ការល្បាតនេះទៀតសោត គឺនៅបន្ទាប់ពីមានការប្រកាសកាលពីថ្ងៃទី ១៨ ខែកុម្ភៈថា អាជ្ញាធរខេត្ត Fujian នឹងបង្កើនការល្បាតនៅជិត Xiamen និង Kinmen ដើម្បីរក្សាសណ្តាប់ធ្នាប់។ បន្ថែមពីលើនេះ នាវាអនុវត្តន៍ច្បាប់ជលផលចំនួន ២ មកពីខេត្ត Fujian ក៏បានធ្វើការល្បាតនៅក្នុងតំបន់នេះដែរកាលពីថ្ងៃអាទិត្យ។
ក្រសួងកសិកម្ម និងកិច្ចការជនបទ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការល្បាតក្នុងរដូវបិទនេសាទ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់អ្នកនេសាទ។
ឆ្មាំសមុទ្រចិនបាននិយាយកាលពីថ្ងៃអាទិត្យថា អាជ្ញាធរឆ្មាំឆ្នេរសមុទ្រក្នុងខេត្ត Fujian ក៏បានធ្វើសមយុទ្ធអនុវត្តន៍ច្បាប់ដ៏ទូលំទូលាយមួយនៅក្នុងដែនទឹកក្បែរ Xiamen និង Kinmen កាលពីរសៀលថ្ងៃអាទិត្យ ដើម្បីសាកល្បងការឆ្លើយតបយ៉ាងឆាប់រហ័ស និងសមត្ថភាពគ្រប់គ្រងគ្រាអាសន្នរបស់នាវាអនុវត្តន៍ច្បាប់។
អាជ្ញាធរតៃវ៉ាន់កត់សម្គាល់ឃើញថា ក្រោយការបោះឆ្នោតប្រធានាធិបតីនៅតៃវ៉ាន់ដែលជាប់គណបក្សដែលមិនរណបរដ្ឋាភិបាលចិនដីគោក សកម្មភាពឈ្លបយកការណ៍កើនឡើងខ្លាំង៕