ក្រុមស្រាវជ្រាវ India Hate Lab ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយនៅថ្ងៃចន្ទនេះថា ការបញ្ចេញមតិនាំឱ្យកើតការស្អប់ ប្រឆាំងនឹងអ្នកកាន់សាសនាអ៊ិស្លាមនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងរហូតដល់ ៦០ ភាគរយ ក្នុងឆមាសទី២ នៃឆ្នាំ ២០២៣ បើប្រៀបធៀបនឹងឆមាសទី ១ នៃឆ្នាំដដែល។ យោងសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
India Hate Lab បាននិយាយក្នុងរបាយការណ៍ថ្មីថា ខ្លួនបានកត់ត្រាលើការបញ្ចេញមតិស្អប់តាមអនឡាញចំនួន ៦៦៨ ករណី ដែលផ្ដោតលើមូស្លីមក្នុងឆ្នាំ ២០២៣ ដោយក្នុងនោះ ២៥៥ ករណីកើតឡើងនៅឆមាសទី១ ហើយ ៤១៣ ករណីទៀត កើតឡើងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំដដែល។
ប្រហែល ៧៥ ភាគរយនៃការបញ្ចេញមតិទាំងនោះ ធ្វើឡើងក្នុងរដ្ឋដែលគ្រប់គ្រងដោយគណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata (BJP) របស់លោកនាយករដ្ឋមន្ត្រី ណារិន ដ្រា ម៉ូឌី។ រដ្ឋ Maharashtra រដ្ឋ Uttar Pradesh និង Madhya Pradesh មានការបញ្ចេញមតិស្អប់មូស្លីមខ្លាំងជាងគេបំផុត។
របាយការណ៍បានបន្ថែមថា ចាប់តាំងពីថ្ងៃដែលក្រុមហាម៉ាស់វាយលុកចូលអ៊ីស្រាអែល ដែលបង្កឱ្យមានជម្លោះធ្ងន់ធ្ងរបច្ចុប្បន្ន ដោយចាប់ពីថ្ងៃទី ៧ ខែតុលា រហូតដល់ថ្ងៃទី ៣១ ខែធ្នូ មានការបញ្ចេញពាក្យសម្ដីស្អប់ខ្ពើមចំនួន ៤១ ប្រឆាំងនឹងមូស្លីមឥណ្ឌា ដែលបានលើកឡើងពីសង្គ្រាមហាម៉ាស់អ៊ីស្រាអែល។
India Hate Lab និយាយថា ខ្លួនបានប្រើនិយមន័យរបស់អង្គការសហប្រជាជាតិ ដើម្បីកំណត់ពាក្យសម្ដីស្អប់ ដែលរួមមានការប្រើប្រាស់ភាសាប្រកាន់ ឬរើសអើងចំពោះបុគ្គល ឬក្រុមណាមួយ ដោយផ្អែកលើគុណលក្ខណៈរួមទាំងសាសនា ជាតិសាសន៍ សញ្ជាតិ ពូជសាសន៍ ឬភេទទៀតផង។
ក្រុមសិទ្ធិមនុស្សនាពេលកន្លងមក បានចោទប្រកាន់ថា មូស្លីមក្នុងប្រទេសឥណ្ឌា បានរងការធ្វើទុក្ខបុកម្នេញ ក្រោមការដឹកនាំរបស់លោក ម៉ូឌី ដែលបានក្លាយជាមេដឹកនាំឥណ្ឌាក្នុងឆ្នាំ ២០១៤។
ក្រុមសិទ្ធិមនុស្ស បានចង្អុលទៅច្បាប់ស្តីពីសញ្ជាតិឆ្នាំ ២០១៩ ដែលការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិហៅថា «ការរើសអើងជាមូលដ្ឋាន»។ ច្បាប់នោះ ប្រឆាំងនឹងការប្ដូរសាសនា ដែលធ្វើឱ្យប្រឈមនឹងសិទ្ធិសេរីភាពខាងជំនឿ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។
ក្រុមសិទ្ធិមនុស្សក៏លើកឡើងផងដែរពីការដកងារថា តំបន់កាស្មៀរ លែងជាតំបន់ដែលមានប្រជាជនមូស្លីមរស់នៅភាគច្រើន។ ក្រៅពីនេះ គេក៏ឃើញមានផងដែរ នូវការរុះរើទ្រព្យសម្បត្តិមូស្លីមផងដែរ និងការហាមប្រាមពាក់ហ៊ីចាប (Hijab) ក្នុងចំណោមបញ្ហាចម្រូងចម្រាសផ្សេងៗ ជាច្រើនទៀតរបស់មូស្លីម។
ទោះបីបែបណាក៏ដោយ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ម៉ូឌី បានច្រានចោលការធ្វើទុក្ខបុកម្នេញលើក្រុមជនភាគតិចមូស្លីមហើយនិយាយថា គោលនយោបាយរបស់ខ្លួន មានគោលបំណងផ្តល់ផលប្រយោជន៍ដល់ប្រជាជនឥណ្ឌាទាំងអស់៕