ស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម អ៊ីសកានដារ (Sultan Ibrahim Iskandar) នៃប្រទេសម៉ាឡេស៊ី ដែលទើបឡើងគ្រងរាជសម្បត្តិកាលពីខែមករា ឆ្នាំនេះសម្រាប់អាណត្តិ ៥ ឆ្នាំ បានមានរាជបន្ទូលថា ទ្រង់នឹងមិនទទួលយកសំណើណាមួយ ដែលអាចបំផ្លាញស្ថិរភាពនយោបាយរបស់ប្រទេសនេះ ក្នុងការជំរុញដល់រដ្ឋបាលរបស់នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម។
នៅក្នុងព្រះរាជសង្កថាដំបូងរបស់ព្រះអង្គទៅកាន់រដ្ឋសភានៅឯការបើកសម័យប្រជុំឆ្នាំ ២០២៤ នៅថ្ងៃទី ២៦ ខែកុម្ភៈថា សេ្តចស៊ុលតង់ អ៊ីប្រាហ៊ីម មានព្រះរាជបន្ទូលថា៖ «អ្នកណាមួយដែលចង់លេងនយោបាយគួរតែរង់ចាំការបោះឆ្នោតសកលបន្ទាប់»។
ព្រះអង្គមានព្រះរាជសង្កថាបន្ថែមថា៖ «គ្រប់ភាគីត្រូវតែទទួលយកបទបញ្ជាដែលមានស្រាប់ និងគោរពរដ្ឋាភិបាលរួបរួមដែលត្រូវបានបង្កើតឡើង»។
ប្រទេសម៉ាឡេស៊ីនឹងរៀបចំការបោះឆ្នោតសកលបន្ទាប់មុនឆ្នាំ ២០២៨។ ប៉ុន្តែបញ្ហានយោបាយរបស់ប្រទេសម៉ាឡេស៊ី ហាក់រង្គោះរង្គើខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ដោយសារតែការបង្ក្រាបអំពើពុករលួយរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលតស៊ូអស់រយៈពេលជាង ៣០ ឆ្នាំមុនបានកាន់អំណាច។
ការគាស់កកាយអំពើពុករលួយរបស់រដ្ឋាភិបាលរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានឈានដល់ការចោទប្រកាន់រដ្ឋមន្ត្រីកំពូលៗរបស់ម៉ាឡេស៊ីក្នុងរដ្ឋាភិបាលអាណត្តិមុនៗ ដែលធ្លាប់ធ្វើទុក្ខបុកម្នេញលោកអាន់វ៉ាក្នុងការប៉ុនប៉ងឡើងកាន់អំណាចតាមរយៈការបោះឆ្នោត។
ការថ្លែងរបស់ព្រះមហាក្សត្រម៉ាឡេស៊ីពេលនេះ ធ្វើឡើងនៅពេលដែលការព្រួយបារម្ភអំពីស្ថិរភាពនយោបាយរបស់ប្រទេសម៉ាឡេស៊ីបានលេចចេញជាថ្មីក្នុងប៉ុន្មានខែថ្មីៗនេះ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រុមប្រឆាំងបានព្យាយាមបញ្ចុះបញ្ចូលសមាជិកសភាក្នុងសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលឱ្យប្រឆាំង។
នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានច្រានចោលការប៉ុនប៉ងដើម្បីធ្វើឱ្យមានអស្ថិរភាពដល់រដ្ឋាភិបាលរបស់គាត់ថា «គ្មានប្រសិទ្ធភាព» ទេ ហើយក្រុមប្រឆាំងក៏បដិសេធការចោទប្រកាន់នោះ។
ស្តេច ស៊ុលតង់ អ៊ីប្រាហ៊ីម ដែលជាអ្នកគ្រប់គ្រងរដ្ឋ Johor ភាគខាងត្បូងបំផុត បានឡើងសោយរាជ្យជាស្តេចម៉ាឡេស៊ីក្នុងខែមករា ២០២៤ ចំពេលដែលប្រទេសម៉ាឡេស៊ីហាក់មានកលិយុគផ្នែកនយោបាយ ដោយរដ្ឋាភិបាលរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម តាមរយៈគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បានប្តឹងចោទប្រកាន់ថ្នាក់ដឹកនាំកំពូលៗរបស់ម៉ាឡេស៊ីពីបទពុករលួយ ខណៈដែលអ្នកវិភាគខ្លះថា ការចោទប្រកាន់ប្រឆាំងទាំងនេះ គឺជាការសងសឹកផ្នែកនយោបាយ របស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលតស៊ូក្នុងឆាកនយោបាយអស់រយៈពេលជិត ៤០ ឆ្នាំមុនការឡើងកាន់អំណាច ដោយរងការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងពីរដ្ឋាភិបាល។
អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី លោក ឌាម ហ្សានូឌីន (DaimZainuddin) ដែលរងការចោទប្រកាន់ពីការមិនប្រកាសទ្រព្យ ត្រូវតុលាការម៉ាឡេស៊ីនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ សម្រេចឱ្យ «មិនមានពិរុទ្ធភាព» ជុំវិញការខកខានប្រកាសទ្រព្យសម្បត្តិនៅក្រោមច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយនេះ។
សំណុំរឿងរបស់អតីតមន្ត្រីកំពូលក្រោមការដឹកនាំរបស់លោក ម៉ាហាធៀរ ម៉ូហាម៉ាដ (Mahathir Mohamad) បានក្លាយជារឿងក្តីដ៏ល្បីបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី ទាក់ទងនឹងការបង្ក្រាបអំពើពុករលួយដែលពាក់ព័ន្ធនឹងឥស្សរជនជាន់ខ្ពស់បែបនេះ៕