យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ បានឱ្យដឹងថា គ្រាប់​រ៉ុក្កែត ​របស់​ចិន​ប្រភេទ​ Long March 12 ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​បាញ់​បង្ហោះ​ផ្កាយ រណប​ធំ និង​ទំនើប​ជាង​មុន ទៅកាន់​គន្លង​តារាវិថី គ្រោង​នឹង​ហោះហើរ​ជា​លើកដំបូង​នៅ​ឆ្នាំ ២០២៤។ ការបាញ់​បង្ហោះ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កាលវិភាគ​ដ៏​មមាញឹក​របស់​ប្រទេស​ចិន ក្នុង​បេសកកម្ម​បំបែក​កំណត់ត្រា​រុករក​អវកាស​ពិភពលោក​សម្រាប់​ឆ្នាំ ២០២៤។

យោងតាម​ទីភ្នាក់ងារ​អវកាស​ចិន​ដែលមាន​ឈ្មោះថា បណ្ឌិត្យសភា​បច្ចេកវិទ្យា​យានអវកាស​សៀង​ហៃ (Shanghai Academy of Spaceflight Technology) បានឱ្យដឹងថា រ៉ុក្កែត Long March 12 នេះ​នឹង​ដំណើរការ​ដោយ​ម៉ាស៊ីន​អុក​ស៊ី​ហ្ស៊ែ​ន​រាវ​ចំនួន ៦ អាច​ផ្ទុក​ទម្ងន់​បាន ១ ម៉ឺន​គីឡូក្រាម ហើយនឹង​ហោះ​ទៅកាន់​គន្លង​ផែនដី​កម្រិត​ទាប។

ដូច្នេះ​មានន័យថា ក្នុង​មួយ​បេសកកម្ម រ៉ុក្កែត Long March 12 នឹង​អាច​ផ្ទុក​បណ្ដុំ​ផ្កាយរណប​ទំនាក់ទំនងធំៗចំនួន ៦ ហោះចូល​ទៅក្នុង​គន្លង​ផែនដី ដែល​លក្ខណៈ​របស់​វា​គឺ​ស្រដៀង​គ្នា​នឹង​រ៉ុក្កែត Long March 3 ដែល​បាន​បាញ់​បង្ហោះ​ផ្កាយរណប​ប្រព័ន្ធ​រុករក​ប៉ី​ទូ (BeiDou)របស់​ប្រទេស​ចិន​កន្លងមក។

ជាទូទៅ រ៉ុក្កែត​ធុន​តូច​អាច​ផ្ទុក​ទម្ងន់​បាន​ដល់​ទៅ ២ពាន់​គីឡូក្រាម រ៉ុក្កែត​ធុន​មធ្យម​អាច​ផ្ទុក​បាន​ដល់​ទៅ ២ម៉ឺន​គីឡូក្រាម ហើយ​គ្រាប់​រ៉ុក្កែត​ធុន​ធ្ងន់​អាច​ផ្ទុក​បាន​លើសពី ២ម៉ឺន​គីឡូក្រាម ពោល​គឺមាន​សមត្ថភាព​អាច​បញ្ជូន​យាន​រុករក​ទៅធ្វើ​ការស៊ើបអង្កេត​នៅ​ភព​ផ្សេងទៀត​បាន។

គិត​មកទល់ពេលនេះ ប្រទេស​ចិន​បាន​បង្កើត និង​បាញ់​បង្ហោះ​រ៉ុក្កែត​ប្រភេទ​Long March ផ្សេងៗជាង ២០គ្រាប់​មកហើយ។ គ្រាប់​រ៉ុក្កែត​នេះ​មាន​សារៈសំខាន់​ណាស់​ចំពោះ​បេសកកម្ម​អវកាស​របស់​ប្រទេស​ចិន។ បើ​គិត​ចាប់ពី​ឆ្នាំ ១៩៧០ ចិន​បានបញ្ចប់​បេសកកម្ម​បាញ់​បង្ហោះ​ជាង៥០០លើក​មកហើយ។

ក្រុមហ៊ុន​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​អវកាស​ចិន (China Aerospace Science and Technology Corp)ដែលជា​ក្រុមហ៊ុន​ម៉ៅការ​អវកាស​ចម្បង​របស់​ប្រទេស​ចិន គ្រោង​នឹង​អនុវត្ត​បេសកកម្ម​បាញ់​បង្ហោះ​ចំនួន ១០០ដង​បន្ថែមទៀត​ក្នុង​ឆ្នាំ២០២៤នេះ។

លោក ​ចឹ​ង វេន​ហួ (ZengWenhua) អ្នក​រចនា​សាងសង់​គ្រោងឆ្អឹង​រ៉ុក្កែត​នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​យានអវកាស​សៀង​ហៃ​បាន​រៀបរាប់ថា ការហោះហើរ​លើកដំបូង​នៃ​គ្រាប់​រ៉ុក្កែត​Long March 12 គ្រោង​នឹងធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​បង្ហោះ​យានអវកាស​ពាណិជ្ជកម្ម​អន្តរជាតិ​ហៃ​ណាន(Hainan)ដែល​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅក្នុង​ខែមិថុនា​ខាងមុខនេះ។

រ៉ុក្កែត Long March 12 មាន​កម្ពស់​ជាង ៦០ម៉ែត្រ ហើយ​វា​នឹង​ក្លាយជា​គ្រាប់​រ៉ុក្កែត​ចិន​ដំបូង​គេ​ដែលមាន​អង្កត់ផ្ចិត ៣,៨ម៉ែត្រ ធំ​ជាង​គ្រាប់​រ៉ុក្កែត​ចិន​ភាគច្រើន​ដែល​ធម្មតា​មាន​ទំហំ​ត្រឹមតែ ៣,៣៥ម៉ែត្រ៕