មន្ត្រីរដ្ឋាភិបាលម៉ុងហ្គោលី នៅថ្ងៃទី ២៦ ខែកុម្ភៈ បាននិយាយថាសត្វជាង ២ លានក្បាលហើយបានងាប់ គិតត្រឹមពេលនេះដោយសារតែ ប្រទេសនេះប្រឈមនឹងស្ថានភាពអាកាសធាតុត្រជាក់ខ្លាំង លាយឡំជាមួយនឹងព្រិលធ្លាក់។
ចំពោះអាកាសធាតុធ្ងន់ធ្ងរចាប់ពីខែធ្នូដល់ខែមីនាខាងមុខនេះ មិនមែនជារឿងចម្លែកទេសម្រាប់ប្រទេសម៉ុងហ្គោលី ខណៈដែលសីតុណ្ហភាពនៅតំបន់ខ្លះធ្លាក់ចុះរហូតដល់ក្រោម ៥០ អង្សាសេឯណោះ។ តែទោះយ៉ាងណាអង្គការសហប្រជាជាតិ (UN) បាននិយាយនៅក្នុងរបាយការណ៍ថ្មីៗនេះថារដូវរងារលើកនេះមានសភាពធ្ងន់ធ្ងរជាងធម្មតា ជាមួយនឹងសីតុណ្ហភាពទាបជាងធម្មតា និងមានព្រិលធ្លាក់ខ្លាំងបំផុត។
លោក Gantulga Batsaikhan មន្ត្រីនៃក្រសួងកសិកម្មម៉ុងហ្គោលីបាននិយាយថា គិតត្រឹមថ្ងៃទី ២៦ ខែកុម្ភៈ សត្វពាហនៈចំនួន ២,១ លានក្បាលបានងាប់ដោយសារការអត់ឃ្លាន និងហត់នឿយ។ បើតាមស្ថិតិផ្លូវការនៅចុងឆ្នាំ ២០២៣ បានបង្ហាញថា ប្រទេសម៉ុងហ្គោលីមានសត្វសរុបចំនួន ៦៤,៧ លានក្បាល រួមទាំងចៀម ពពែ សេះ និងគោ។
អាកាសធាតុត្រជាក់ខ្លាំងបែបនេះត្រូវបានគេស្គាល់ថាជា «dzud» ដែលជាធម្មតាបង្កឱ្យ ចំនួនសត្វដ៏ច្រើនសន្ធឹកសន្ធាប់ងាប់។
ប្រទេសម៉ុងហ្គោលីបានជួបប្រទះនឹងបាតុភូត dzuds ចំនួន ៦ ដង នៅក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ដោយបូកទាំងរដូវរងាឆ្នាំ ២០២២-២០២៣ ជាពេលដែលសត្វពាហនៈចំនួន ៤,៤ លានក្បាលបានងាប់។ សម្រាប់ dzud នៅឆ្នាំ ២០២៣-២០២៤ នេះមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងដោយគ្រោះរាំងស្ងួតកាលពីរដូវក្តៅ ដែលរារាំងសត្វមិនឱ្យបង្កើតជាតិខ្លាញ់គ្រប់គ្រាន់ដើម្បីរស់រានមានជីវិតក្នុងរដូវរងាដ៏អាក្រក់នេះ។
បើតាម UN បាននិយាយថា ៧០ ភាគរយនៃប្រទេសម៉ុងហ្គោលី កំពុងជួបប្រទះលក្ខខណ្ឌ «dzud ឬក្បែរ dzud» ដោយវាកើន ១៧ ភាគរយ បើប្រៀបធៀបនឹងពេលដូចគ្នាកាលពីរដូវរងារលើកមុន។
អ្នកចិញ្ចឹមួយរូបដែលមានឈ្មោះថា Tuvshinbayar Byambaa បានប្រាប់ AFP ថា ដូវរងារបានចាប់ផ្តើមដោយមានព្រិលធ្លាក់ខ្លាំង ប៉ុន្តែភ្លាមៗនោះសីតុណ្ហភាពខ្យល់បានកើនឡើង ហើយព្រិលបានរលាយ ប៉ុន្តែមិនយូរប៉ុន្មានសីតុណ្ហភាពធ្លាក់ចុះម្តងទៀត ប្រែក្លាយព្រិលរលាយទៅជាទឹកកកវិញ។
អ្នកចិញ្ចឹមចៀមរូបនេះបាននិយាយថាទឹកកកនោះធ្វើឱ្យសត្វពាហនៈពិបាកទម្លុះស្មៅខាងក្រោម ដោយរារាំងពួកគេមិនឱ្យស៊ីស្មៅ និងបង្ខំអ្នកចិញ្ចឹមសត្វជាច្រើនត្រូវបង្ខំចិនខ្ចីលុយពីខាងក្រៅដើម្បីចិញ្ចឹមពួកវា។
បាតុភូត dzud ដ៏សាហាវបំផុតដែលបានកត់ត្រាគឺរដូវរងាឆ្នាំ ២០១០-២០១១ ដោយវាបានសម្លាប់សត្វជាង ១០លានក្បាល ឬស្ទើរតែមួយភាគបួននៃសត្វចិញ្ចឹមសរុបរបស់ប្រទេសនៅពេលនោះ។
ដោយឡែកការធ្លាក់ព្រិលនៅឆ្នាំ ២០២៤ នេះជាការធ្លាក់ខ្លាំងបំផុតចាប់តាំងពីឆ្នាំ ១៩៧៥ មក ដោយបង្កជាផលវិបាកសម្រាប់អ្នកចិញ្ចឹមសត្វ ដោយធ្វើឱ្យពួកគេស្ថិតនៅតំបន់ត្រជាក់ខ្លាំង និងមិនអាចទិញអាហារ និងស្មៅសម្រាប់សត្វរបស់ពួកគេពីទីក្រុងក្បែរនោះ។
យ៉ាងណា រដ្ឋាភិបាលម៉ុងហ្គោលី បានសន្យាថានឹងជួយ ដោយចាប់ផ្តើមយុទ្ធនាការផ្តល់ចំណី ចំបើងដល់ហ្វូងសត្វក្នុងគោលបំណងទប់ស្កាត់ការបាត់បង់បន្ថែមទៀត ដើម្បីការពារទំនិញសំខាន់ៗដូចជាសាច់ និងរោមសត្វ ដែលជាទំនិញនាំចេញកំពូលមួយរបស់ប្រទេស៕