សភានៃប្រទេសហុងគ្រី កាលពីថ្ងៃចន្ទ បានបោះឆ្នោតអនុម័តលើការផ្ដល់សច្ចាប័នដល់ស៊ុយអែត ដើម្បីបើកផ្លូវឱ្យប្រទេសមួយនេះបញ្ចប់គោលនយោបាយអព្យាក្រឹតរបស់ខ្លួន ហើយចូលក្លាយជាសមាជិកនៃអង្គការណាតូ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការបោះឆ្នោតរបស់សភាហុងគ្រី ធ្វើឡើងក្រោយពីបានពន្យារពេលជាច្រើនខែ ខណៈហុងគ្រី ជាប្រទេសណាតូចុងក្រោយគេ ធ្វើការបោះឆ្នោតផ្ដល់សច្ចាប័នលើសេចក្ដីសម្រេចនេះ។ ការណ៍នេះ កើតឡើងក្រោយដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson ទៅកាន់ហុងគ្រីកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដែលប្រទេសទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាវុធមួយ។
លោក Kristersson បានប្រាប់សន្និសីទសារព័ត៌មានថា៖«ស៊ុយអែត នឹងទុកចោលគោលនយោបាយអព្យាក្រឹតដែលមានអាយុកាល ២០០ឆ្នាំ និងការមិនចូលបក្សសម្ព័ន្ធខាងយោធា មួយឡែកសិន»។
លោកបន្តថា៖«យើងនឹងចូលរួមជាមួយអង្គការណាតូ ដើម្បីការពារនូវអ្វីដែលយើងមាន និងអ្វីគ្រប់យ៉ាងដែលយើងជឿជាក់ ឱ្យកាន់តែប្រសើរឡើង។ យើងកំពុងការពារសេរីភាពរបស់យើង លទ្ធិប្រជាធិបតេយ្យ និងតម្លៃរបស់យើង រួមជាមួយនឹងប្រទេសដទៃ»។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលស្និទ្ធនឹងរុស្ស៊ី កន្លងមក បានប្រឈមមុខនឹងសម្ពាធពីសម្ព័ន្ធមិត្តណាតូ ឱ្យផ្ដល់សច្ចាប័នឱ្យស៊ុយអែត ដែលរត់រកណាតូ ក្រោយរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន។
ការអនុម័តរបស់សភាហុងគ្រី ទទួលបានការសាទរពីសម្ព័ន្ធមិត្តក្នុងណាតូ រួមមានសហរដ្ឋអាមេរិក ខណៈអគ្គលេខាធិការណាតូ លោក ជេនស៍ ស្តូលធេនប៊ើក (Jens Stoltenberg) និយាយថា វត្តមានរបស់ស៊ុយអែតក្នុងប្លុក នឹងជួយពង្រឹងណាតូឱ្យកាន់តែរឹងមាំ។
ការផ្តល់សច្ចាប័នរបស់ហុងគ្រី ដែលគាំទ្រដោយសមាជិកសភាភាគច្រើននោះ ពេលនេះនឹងរង់ចាំតែការចុះហត្ថលេខាពីប្រធានសភា និងប្រធានាធិបតីរបស់ប្រទេស ក្នុងរយៈពេល ២-៣ ថ្ងៃ ទៀតប៉ុណ្ណោះ។ បន្ទាប់ពីនោះ ទម្រង់បែបបទដែលនៅសេសសល់ ដូចជាការដាក់ឯកសារចូលជាសមាជិកនៅក្រុងវ៉ាស៊ីនតោន ទំនងជាត្រូវបញ្ចប់យ៉ាងឆាប់រហ័ស៕