សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ព្រមាន​​​បណ្ដា​ប្រទេស​​ប៉ាស៊ីហ្វិក ​កុំ​ឱ្យ​ទទួល​​ជំនួយ​ពី​កង​កម្លាំង​សន្តិសុ​ខ​ចិន​ បន្ទាប់​ពី​ទីភ្នាក់ងារ​សារព័ត័មាន​រ៉យទ័រ​ បាន​រាយការណ៍​ថា​ ប៉ូលិស​ចិន ​កំពុង​ធ្វើ​ការ​នៅ​លើ​កោះ​គីរីបាទី​ ដែល​ជា​​ប្រទេស​កោះ​ជិត​ខាងក្បែរ​រដ្ឋ​​ហាវ៉ៃ​ សហរដ្ឋ​​អាមេរិក​។  ​

កាល​ពី​សប្ដាហ៍​មុន ស្នង​ការ​ប៉ូលិស​ស្តី​ទី​នៃ​កោះ​គីរីបាទី​ លោក​ ​Eeri Aritiera ​បាន​ប្រាប់​រ៉យទ័រ​​ថា​ មន្រ្តី​ចិន​ស្លៀក​ពាក់​ឯក​សណ្ធាន​ កំពុង​ធ្វើ​ការ​​ជាមួយ​ប៉ូលិស​​គីរីបាទី​ ​ក្នុង​​ការ​ល្បាត​សហគមន៍​ និង​​កម្មវិធី​មូលដ្ឋាន​ទិន្នន័យ​ឧក្រិដ្ឋកម្ម​។​

ឆ្លើយ​តប​នឹង​របាយការណ៍​នេះ​​ ​​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិកម្នាក់​​ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា​៖ «​យើង​មិន​ជឿ​ថា​ ការ​នាំ​ចូល​កង​កម្លាំង​សន្តិសុខ​ពី​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន (PRC)​​នឹង​ជួ​យ​ដល់​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​ណា​មួយ​ឡើយ។​ ផ្ទុយ​ទៅ​វិញ​ ការ​ធ្វើ​បែប​នេះ ​​បង្កើន​ហានិភ័យ​នៃ​​ភាព​តា​ន​តឹង​ក្នុង​តំបន់​ និង​អន្តរជាតិ​»​។ 

អ្នក​​​នាំ​ពាក្យ​​រូបនោះ បាន​បន្ថែម​ថា​ ក្រុង​វ៉ាស៊ីនតោន​ មិន​អត់​ឱន​ចំពោះ​ «​កិច្ច​ខិត​ខំ​ប្រឹ​ង​ប្រែង​គាប​សង្កត់​ឆ្លង​ដែន​» របស់​ចិន​ រួម​ទាំង​ការ​ប៉ុន​ប៉ង​​បង្កើត​ប៉ុស្តិ៍​ប៉ូលិស​ជុំ​វិញ​ពិភព​លោក​នេះ​ទេ​។​

មន្រ្តីដដែល​​បន្ត​ថា​៖«​​យើង​មាន​ការ​ព្រួយ​បារម្ភ​ អំពី​ផល​ប៉ះ​ពាល់​ដែល​អាច​កើត​មាន​​ ក្រោម​កិច្ច​ព្រម​ព្រៀង​សន្តិសុខ​ និង​កិច្ច​សហប្រ​តិបត្តិការ​​​លើ​​អ៊ិនធឺណិត​ទាក់​ទ​ង​នឹង​សន្តិសុខ​ជាមួយ​ PRC ចំពោះ​​ស្វ័យភាព​របស់​​​​កោះ​ប៉ាស៊ីហ្វិក​ណា​មួយ​»​។ 

គីរីបាទី​ ដែល​ជា​ប្រទេស​​កោះ​ក្នុង​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ និង​មាន​ប្រជាជន​ជាង​ ១,១សែន​នាក់​រស់​នៅ​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ទីតាំង​ភូមិសាស្រ្តន​យោបាយ​យុទ្ធ​សាស្រ្ត​មួយ​​។ ប្រជុំ​កោះ​ដែល​នៅ​ភា​គ​ខាង​ត្បូង​នៃ​រដ្ឋ​ហាវ៉ៃ​មួយ​នេះ​​ គ្រប​ដណ្តប់​​លើ​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​ទំហំ​ ៣,៥លាន​គីឡូម៉ែត្រ​ក្រ​ឡា​ និង​ជា​កន្លែង​ដាក់​​ស្ថានីយ​តាម​ដាន​ផ្កាយ​រណបរបស់​ជប៉ុន​។​

ព័ត៌មាន​ស្ដី​ពី​វត្តមាន​ប៉ូលិស​នៅ​លើ​កោះ​គីរីបាទី​ ផុស​ចេញ​ឡើង​ចំ​ពេល​ដែល​ទីក្រុង​ប៉េកាំង​បន្ត​ការ​ជំរុញ​ដើម្បី​ពង្រីក​ទំនាក់​ទំនង​សន្តិសុខ​​ក្នុង​ប្រជុំ​កោះ​ប៉ាស៊ីហ្វិក​ផ្សេង​ៗ​ ដើម្បី​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើ​ង​​ជាមួយ​សហរដ្ឋ​អាមេរិក​។​

ស្នង​ការ​ប៉ូលិស​ស្តី​ទី​គីរីបាទី​ លោក​ Aritiera​ បាន​និយាយ​ថា​ កោះ​គីរីបាទី​ ​បាន​ស្នើ​សុំ​ជំនួយ​ប៉ូលិស​របស់​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០២២​ ​ប៉ុន្តែ​កោះ​នេះ​មិន​បើក​ឱ្យ​មាន​​ប៉ុស្តិ៍​ចិន​នោះ​ទេ​។ ​ហើយ​ប៉ូលិស​​​ស្លៀក​ពាក់​​ឯ​ក​​សណ្ឋាន​ចិន​ ​រាប់​សិប​​នាក់​​បាន​មក​ធ្វើ​ការ​នៅ​លើ​កោះ​​​​កាល​ពី​​​ឆ្នាំ​មុន​ ​ក្នុង​ប្រតិបត្តិការ​វិល​ជុំ​រយៈ​ពេល​ ៦ ខែ​។ រ៉យទ័រ​បាន​រាយការណ៍​ថា​ ​​ប្រភព​ស្ថាន​ទូត​ចិន​ បាន​បញ្ជាក់អំពី​ការណ៍​នេះ៕​