បទឈប់បាញ់លើកទី ២ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ប៉ាឡេស្ទីន អាចចូលជាធរមាននៅសប្ដាហ៍ក្រោយ បន្ទាប់ពីការចរចាដ៏តានតឹងដោយសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តអ៊ីស្រាអែល និងប្រទេសកាតាដែលជាអ្នកផ្តល់ជំនួយដ៏ធំដល់ក្រុមហាម៉ាស់ដើម្បីនាំភាគីទាំង ២ អនុវត្តបទឈប់បាញ់ បើកផ្លូវឱ្យមានការដោះដូរចំណាប់ខ្មាំង ការផ្តល់ជំនួយមនុស្សធម៌ដែលមានវិបត្តិធ្ងន់ធ្ងរមិនធ្លាប់មាន។
ប្រធានាធិបតីអាមេរិក លោកចូ បៃដិន បានទម្លាយពីលទ្ធភាពកើតមានបទឈប់បាញ់ថ្មីនេះ នៅថ្ងៃចន្ទ ទី ២៦ កុម្ភៈ ដោយលោករំពឹងថា តាមរយៈបទឈប់បាញ់នេះ ចំណាប់ខ្មាំងកាន់តែច្រើននឹងត្រូវបានដោះលែងហើយស្ថានការណ៍សង្គ្រាមក៏ទំនងជាធូរស្រាលបន្តិច។
នៅក្នុងបទអត្ថាធិប្បាយរបស់ទូរទស្សន៍ NBC «Late Night With Seth Meyers» លោកបៃដិនបាននិយាយថា៖«បទឈប់បាញ់អាចនឹងលេចរូបរាងឡើងនៅចុងសប្ដាហ៍នេះ ព្រោះបើតាមការបញ្ជាក់ពីទីប្រឹក្សាសន្តិសុខជាតិរបស់ខ្ញុំ គឺការចរចាលើកនេះមានសង្ឃឹមខ្ពស់។ ប៉ុន្តែយ៉ាងណាក៏ដោយកិច្ចព្រមព្រៀងនេះនៅមិនទាន់ចូលជាធរមាននៅឡើយទេ»។
ដោយឡែកការចរចាយកបទឈប់បាញ់រយៈពេលជាច្រើនសប្ដាហ៍រវាងអ៊ីស្រាអែល និងហាម៉ាស់នេះនឹងអាចអនុញ្ញាតឱ្យភាគីទាំង ២ បន្តដោះដូរចំណាប់ខ្មាំងបន្ថែមទៀត។ ជាទូទៅចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលត្រឹមតែប៉ុន្មាននាក់ ក៏អាចដោះដូរជាមួយចំណាប់ខ្មាំងជនជាតិប៉ាឡេស្ទីនរាប់រយនាក់ដែរ។
ប្រសិនបើបទឈប់បាញ់ទទួលបានជោគជ័យមែននោះ ការផ្អាកធ្វើសង្គ្រាមជាច្រើនសប្ដាហ៍ក៏នឹងអនុញ្ញាតឱ្យអង្គការមនុស្សធម៌អាចដឹកជំនួយចូលទៅក្នុងតំបន់ហ្គាហ្សាឡើងវិញដើម្បីស្រោចស្រង់ប្រជាជនជាច្រើននាក់ដែលកំពុងតែរស់នៅជាមួយភាពស្រេកឃ្លាន និងកំពុងត្រូវការការព្យាបាល។
ប៉ុន្តែភាគីដែលចូលរួមចរចាបទឈប់បាញ់នេះទំនងជាមិនមានពេលវេលាច្រើនទេ ខណៈដែលពិធីបុណ្យសាសានាអ៊ិស្លាមរ៉ាម៉ាដានកំពុងខិតចូលមកដល់។ជាទម្លាប់នៅរាល់ពេលដែលប្រារព្ធពិធីនេះម្ដងៗគេតែងសង្កេតឃើញមានភាពតានតឹងកើតឡើងរវាងប្រទេសកាន់សាសនាអ៊ិស្លាមជាមួយនឹងប្រទេសអ៊ីស្រាអែល។
ជាមួយគ្នានេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលបានបរាជ័យក្នុងការអនុលោមតាមបញ្ជារបស់តុលាការកំពូលនៃអង្គការសហប្រជាជាតិក្នុងការផ្តល់ជំនួយដែលចាំបាច់ ដល់ប្រជាជនដែលកំពុងរង់ចាំជំនួយនៅតំបន់ហ្គាហ្សា។
នៅក្នុងការឆ្លើយតបជាបឋមចំពោះញត្តិរបស់អ្រាហ្វិកខាងត្បូងដែលចោទប្រកាន់អ៊ីស្រាអែលថា កំពុងធ្វើអំពើប្រល័យពូជសាសន៍ តុលាការកំពូលរបស់អង្គការសហប្រជាជាតិ ឬហៅថា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានបញ្ជាឱ្យអ៊ីស្រាអែល ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីគេចមិនឱ្យមានការស្លាប់បាត់បង់ជីវិតនៃប្រជាជន ជាពិសេសគឺប្រជាជនប៉ាឡេស្ទីនដែលស្ទើរតែគ្មានកន្លែងជ្រកកោនទៅហើយ។
ជុំវិញការចោទប្រកាន់នេះអ៊ីស្រាអែលតែងតែបដិសេធចំពោះការចោទប្រកាន់ទាំងឡាយរបស់អង្គការអន្តរជាតិនិងថាអ្វីដែលខ្លួនកំពុងធ្វើនេះគឺជាការការពារបូរណភាពនៃទឹកដីរបស់ខ្លួន និងអាយុជីវិតរបស់ប្រជាជនខ្លួនតែប៉ុណ្ណោះ។
ខណៈដែលសង្គ្រាមឈានចូលដល់រយៈពេលជិត ៥ ខែទៅហើយគេហាក់មិនទាន់រកឃើញចំណុចបញ្ចប់នៅឡើយទេ។មិនត្រឹមតែមិនទាន់មើលឃើញទីបញ្ចប់ អ៊ីស្រាអែលបច្ចុប្បន្នថែមទាំងកំពុងត្រៀមខ្លួនវាយលុកចូលតំបន់រ៉ាហ្វាដែលជាតំបន់ជាប់ព្រំដែនជាមួយនឹងប្រទេសអេហ្ស៊ីប។
ផែនការវាយលុកចូលតំបន់រ៉ាហ្វាដែលអាចជាសមរភូមិចុងក្រោយនៅតំបន់ហ្គាហ្សានេះ បាននាំឱ្យអ៊ីស្រាអែលទទួលរងការរិះគន់យ៉ាងចាស់ដៃពីអន្តរជាតិរួមទាំងប្រទេសជាសម្ព័ន្ធមិត្តអាមេរិក និងអឺរ៉ុបដោយហេតុថា ការវាយប្រហារនេះនឹងនាំមកនូវមហន្ដរាយយ៉ាងធំសម្បើមសម្រាប់ប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួនម្តងហើយម្តងទៀតទៅក្នុងជំរំរ៉ាហ្វាដែលមានប្រមាណជាង ១ លាននាក់៕