១ ថ្ងៃ បន្ទាប់ពីប្រធានាធិបតីបារាំង អេមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បង្ហើបពីលទ្ធភាពបញ្ជួនកងកម្លាំងអឺរ៉ុបទៅអ៊ុយក្រែន ដើម្បីចូលរួមប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី សម្ព័ន្ធមិត្តក្នុងអង្គការប្រដាប់អាវុធណាតូ មានសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបខ្លះ បានចេញមុខបដិសេធភ្លាមៗក្នុងការបញ្ជួនទ័ពទៅកាន់អ៊ុយក្រែន។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានផ្សាយថា សហរដ្ឋអាមេរិកដែលដឹកនាំសម្ព័ន្ធមិត្តណាតូ និងសម្ព័ន្ធមិត្តសំខាន់ៗរបស់អឺរ៉ុបបាននិយាយកាលពីថ្ងៃទី២៧ខែកុម្ភៈថា ពួកគេមិនមានគម្រោងបញ្ជូនកងទ័ពជើងគោកទៅកាន់អ៊ុយក្រែនទេ។
ការចុះផ្សាយជាច្រើនបានលើកឡើងថា ប្រធានាធិបតីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុង បាននិយាយកាលពីថ្ងៃទី ២៦ ខែកុម្ភៈថា សម្ព័ន្ធមិត្តលោកខាងលិចមិនគួរច្រានចោលជម្រើសណាមួយក្នុងការស្វែងរកដើម្បីបញ្ចៀសការទទួលជ័យជម្នះរបស់រុស្ស៊ីនៅអ៊ុយក្រែន ទោះបីជា លោកបានសង្កត់ធ្ងន់ថាមិនមានការឯកភាពគ្នាក្នុងដំណាក់កាលនេះក៏ដោយ។
ការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំងដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំដែលបានកោះប្រជុំយ៉ាងប្រញាប់ប្រញាល់របស់មេដឹកនាំអឺរ៉ុបនៅទីក្រុងប៉ារីសស្តីពីវិធីជំរុញការគាំទ្រដ៏សំខាន់សម្រាប់ទីក្រុងកៀវកើតឡើង ចំពេលដែលសមរភូមិទទួលបានផ្លែផ្កាដោយកងកម្លាំងរបស់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin)នៅភាគខាងកើតអ៊ុយក្រែន ក៏ដូចជាការកើនឡើងនៃកង្វះគ្រាប់រំសេវ និងកម្លាំងនៅខាងអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអាល្លឺម៉ង់ អង់គ្លេស អេស្បាញ ប៉ូឡូញ និងសាធារណរដ្ឋឆេក ដកខ្លួនឆ្ងាយពីការស្នើឡើងណាមួយ ដែលពួកគេអាចនឹងដាក់ទ័ពជើងគោកក្នុងសង្គ្រាមអ៊ុយក្រែន ដែលឥឡូវនេះឈានចូលក្នុងឆ្នាំទី៣ ទៅហើយ។
អធិការបតីអាល្លឺម៉ង់ Olaf Scholzបាននិយាយកាលពីថ្ងៃទី ២៧ ខែកុម្ភៈថា៖«... នឹងមិនមានកងទ័ពជើងគោក គ្មានទាហាននៅលើទឹកដីអ៊ុយក្រែនដែលត្រូវបានបញ្ជូនទៅកាន់ទីនោះដោយបណ្តាប្រទេសអឺរ៉ុប ឬរដ្ឋណាតូ ទេ»។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ក៏មានការអត់ធ្មត់ដូចគ្នា។
លោក Pistorius បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងវីយែនប្រទេសអូទ្រីសថា៖ «ទាហានថ្មើជើងមិនមែនជាជម្រើសសម្រាប់ប្រទេសអាល្លឺម៉ង់ទេ»។
បន្ទាប់ពីការលើកឡើងរបស់លោក ម៉ាក្រុង សេតវិមានបានរំឭកឡើងវិញថា ខ្លួនក៏មិនមានគម្រោងបញ្ជូនកងទ័ពជើងគោកដែរ ផ្ទុយទៅវិញជំរុញឱ្យសមាជិកសភាអាមេរិកអនុម័តច្បាប់ជំនួយសន្តិសុខដែលជាប់គាំង ដែលនឹងធានាឱ្យកងទ័ពអ៊ុយក្រែនទទួលបានអាវុធ និងគ្រាប់រំសេវដែលត្រូវការដើម្បីបន្តការប្រយុទ្ធរបស់ពួកគេ។
ក្នុងការស្វែងរកការបញ្ជាក់ពីការលើកឡើងរបស់លោក ម៉ាក្រុង រដ្ឋមន្ត្រីការបរទេសបារាំងលោក Stephane Sejourne បាននិយាយកាលពីថ្ងៃទី ២៧ ខែកុម្ភៈថា លោកប្រធានាធិបតីមានគំនិតក្នុងការបញ្ជូនកងទ័ពសម្រាប់កិច្ចការជាក់លាក់ដូចជាការជួយលើការបោសសម្អាតមីន ការផលិតអាវុធនៅនឹងកន្លែង និងការការពារតាមអ៊ីនធឺណិត។
រដ្ឋមន្ត្រីមហាផ្ទៃបារាំង បានប្រាប់សមាជិកសភាបារាំងថា៖« [នេះ] អាចទាមទារឱ្យមាន [វត្តមានយោធា] នៅលើទឹកដីអ៊ុយក្រែន ដោយមិនចាំបាច់ឆ្លងកាត់កម្រិតនៃការប្រយុទ្ធគ្នា»។
អធិការបតីអាល្លឺម៉ង់ ពិតជាបាននិយាយថា មេដឹកនាំអឺរ៉ុបឥឡូវនេះហាក់ដូចជាមានឆន្ទៈបន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃទី២៦ខែកុម្ភៈ ដើម្បីទិញអាវុធពីបណ្តាប្រទេសនៅក្រៅទ្វីបអឺរ៉ុបដែលជាមធ្យោបាយនៃការពន្លឿនជំនួយយោធាដល់អ៊ុយក្រែន។
ប្រទេសអាល្លឺម៉ង់ បានក្លាយជាប្រទេសផ្គត់ផ្គង់ជំនួយយោធាដ៏ធំបំផុតទី២ ដល់ទីក្រុងកៀវ ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយយ៉ាងពេញលេញលើអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្តែមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះជំហានដែលនឹងទាញសម្ព័ន្ធភាពណាតូចូលទៅក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី៕