មេដឹកនាំគណបក្សប្រឆាំងរបស់ប្រទេសថៃ ដែលជាអតីតបេក្ខជននាយករដ្ឋមន្ត្រី នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បាននិយាយថា គណបក្សឆ្ពោះទៅមុខ (Move Forward Party) ប្តេជ្ញាការពារភាពរស់រានរបស់គណបក្សនេះយ៉ាងប្តូរផ្តាច់ពីការប្រឈមផ្នែកច្បាប់ដែលអាចឈានដល់ការរំលាយគណបក្សដ៏មានប្រជាប្រិយមួយនេះ។
មេដឹកនាំគណបក្សប្រឆាំងរូបនេះបានបន្តថា លោកនឹងព្យាយាមធ្វើយ៉ាងណា ចៀសឱ្យផុតពីការហាមឃាត់បណ្ដាថ្នាក់ដឹកនាំគណបក្ស មិនឱ្យចូលរួមក្នុងវិស័យនយោបាយ។
គណបក្សឆ្ពោះទៅមុខ ជាគណបក្សដែលតែងតែចង់ធ្វើកំណែទម្រង់ប្រទេសថៃ ដែលជាហេតុធ្វើឱ្យមានការទាក់ទាញការបោះឆ្នោតគាំទ្រពីបណ្ដាពលរដ្ឋថៃវ័យក្មេងនិងប្រជាជនក្នុងទីក្រុងយ៉ាងច្រើន។
វត្តមានរបស់គណបក្សនេះ ត្រូវបានគេយល់ឃើញថា ជាការគំរាមកំហែងដល់ស្ថានភាពបច្ចុប្បន្នរបស់ប្រទេសថៃ ជាពិសេសគឺការប៉ះទង្គិចជាមួយផលប្រយោជន៍របស់ក្រុមអភិរក្សនិយម និងក្រុមយោធាដែលស្មោះត្រង់នឹងរាជាធិបតេយ្យ។
ក្រុមអភិរក្សនិយម និងយោធានេះហើយដែលបានរារាំងគណបក្សឈានទៅមុខ ពីការបង្កើតរដ្ឋាភិបាលកាលពីឆ្នាំមុន។
លោក ភិថា លីមចារើនរ៉ាត់ (Pita Limjaroenrat) បានដឹកនាំគណបក្សឈានទៅមុខ ឱ្យឈ្នះការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ ២០២៣ ប៉ុន្តែលោកមិនអាចដឹកនាំបង្កើតរដ្ឋាភិបាលថ្មីបាន។ ពលរដ្ឋថៃភាគច្រើនបានលើកឡើងថា គណបក្សនេះអាចធ្វើជាស្ពានសម្រាប់នាំប្រទេសថៃទៅរកបរិបទនយោបាយថ្មីមួយ។
លោកបានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានរ៉យទ័រថា៖ «ជាជាងមើលយើងជាសត្រូវរបស់សភា សូមមើលយើងជាស្ពានសម្រាប់ឆ្លងមួយ»។
យ៉ាងណាក៏ដោយ គណបក្សនេះអាចនឹងត្រូវរំលាយ ហើយថ្នាក់ដឹកនាំរបស់បក្សអាចនឹងត្រូវហាមមិនឱ្យចូលធ្វើនយោបាយ។ នេះបើយោងតាមការសម្រេចរបស់តុលាការធម្មនុញ្ញកាលពីពេលថ្មីៗនេះ ដោយបានចាត់ទុកសំណើរបស់ពួកគេដែលចង់ធ្វើវិសោធនកម្មច្បាប់ទាក់ទងនឹងការរិះគន់របបរាជានិយមថាជាការគំរាមកំហែងដល់រាជាធិបតេយ្យ។
លោក ភិថា បាននិយាយថា៖ «យើងនឹងព្យាយាមទប់ទល់ឱ្យអស់ពីសមត្ថភាព ដើម្បីការពារសេណារីយោដែលអាចកើតមានឡើងដ៏អាក្រក់បំផុតនេះ»។ គួរដឹងដែរថា គណបក្សឆ្ពោះទៅមុខមានគោលនយោបាយដោះស្រាយភាពផ្តាច់មុខនៃការធ្វើអាជីវកម្ម លុបចោលការចុះបញ្ជីកេណ្ឌកងទ័ព និងធានាថាយោធាត្រូវនៅដាច់ដោយឡែកពីឆាកនយោបាយ។
គោលដៅ និងមហិច្ឆតារបស់គណបក្សនេះបានបណ្តាលឱ្យមានបញ្ហាផ្លូវច្បាប់រហូតមកដល់បច្ចុប្បន្ន ពោលគឺត្រង់ចំណុចធ្វើវិសោធនកម្មច្បាប់ទាក់ទងនឹងការប្រមាថរាជវង្សរបស់ព្រះមហាក្សត្រ ដែលត្រូវបានគេស្គាល់ថាជាមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ។
ច្បាប់នេះត្រូវបានអាជ្ញាធរថៃប្រើប្រាស់ដើម្បីកាត់ទោសបុគ្គលជាច្រើននាក់ពីបទប្រមាថព្រះមហាក្សត្រ ហើយក៏ជាបទល្មើសដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ទៅ ១៥ ឆ្នាំ។
លោក ភិថាតែងតែចាត់ទុកប្រជាប្រិយភាពរបស់គណបក្សឆ្ពោះទៅមុខថាបានមកពីការតស៊ូមតិផ្លាស់ប្តូរសង្គម និងឆន្ទៈសហការជាមួយកម្លាំងនយោបាយផ្សេងទៀត តាមបែបប្រជាធិបតេយ្យ។
លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធ្វើការក្នុងក្របខ័ណ្ឌសភា ដោយទទួលស្គាល់ភាពចាំបាច់ឱ្យមានការត្រួតពិនិត្យច្បាស់លាស់ និងតុល្យភាពអំណាច។
លោក ភិថា បានបញ្ជាក់បន្ថែមថា៖ «គោលដៅរបស់យើងគឺធានាឱ្យប្រទេសថៃនៅតែជាប្រទេសរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញឱ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន»។
លោកបានបង្ហាញពីគោលបំណងចង់កសាងសេដ្ឋកិច្ចដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់រូប និងបង្កើតបរិយាកាសនយោបាយដែលពលរដ្ឋអាចបញ្ចេញមតិចម្រុះផ្សេងៗគ្នាដោយសុវត្ថិភាព។ លោកបានរំលេចថា គណបក្សឈានទៅមុខមានផែនការច្បាស់លាស់ក្នុងការបន្តគោលនយោបាយរបស់ខ្លួនបើទោះជាត្រូវរំលាយក៏ដោយ៕