អាជ្ញាធរអូស្រ្តាលី បានប្រាប់ប្រជាជន រាប់ម៉ឺននាក់ដែលរស់នៅភាគនិរតីនៃប្រទេស ឱ្យធ្វើការជម្លៀសខ្លួននៅថ្ងៃពុធនេះ ដោយសារតែរលកកម្ដៅខ្លាំងក្លា ដែលអាចបង្កឱ្យភ្លើងឆេះព្រៃក្នុងរដ្ឋវិចតូរីយ៉ា កាន់តែរាលដាលសាហាវទៅៗ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការព្រមាននេះ ធ្វើឡើងចំពេលដែលការវាយតម្លៃស្ដីពីភ្លើងឆេះព្រៃខ្លាំង ត្រូវបានប្រកាសឡើងសម្រាប់តំបន់ធំៗជាច្រើននៃរដ្ឋវិចតូរីយ៉ា ក្នុងនោះរួមមានតំបន់ Wimmera ដែលស្ថិតនៅភាគខាងលិចរបស់រដ្ឋ ជាប់ក្នុងចំណាត់ថ្នាក់គ្រោះមហន្តរាយ ដែលជាកម្រិតព្រមានកំពូល។
ការិយាល័យឧតុនិយមបាននិយាយថានៅទីក្រុង Mildura ដែលជាទីក្រុងជនបទមានប្រជាជនរស់នៅប្រហែល ៥៦ ០០០នាក់ រលកកម្ដៅអាចធ្វើឱ្យសីតុណ្ហភាពហក់ឡើងរហូតដល់ ៤៥ អង្សាសេ។
តំបន់ដែលអាចរងផលប៉ះពាល់ដោយសារភ្លើងឆេះ ដែលគ្របដណ្តប់លើទីក្រុងជនបទជាច្រើន ត្រូវបានកំណត់ឡើង ខណៈក្រុមមន្ត្រីអូស្រ្តាលីបានជំរុញឱ្យប្រជាជនប្រហែល ៣០ ០០០ នាក់ រស់នៅក្រុងទាំងនោះ ចាកចេញពីផ្ទះរបស់ខ្លួនត្រឹមព្រឹកថ្ងៃពុធនេះ។
លោក Jason Heffernan ប្រធានផ្នែកពន្លត់អគ្គិភ័យរដ្ឋ វិចតូរីយ៉ា បានប្រាប់ទូរទស្សន៍អូស្រ្តាលី ABC ថា៖ «ថ្ងៃនេះ នឹងក្លាយជាថ្ងៃដ៏លំបាកសម្រាប់អ្នកពន្លត់អគ្គិភ័យ។ ថ្ងៃនេះជាថ្ងៃមួយក្នុងចំណោមថ្ងៃ ដែលសហគមន៍នានា អាចនឹងត្រូវចាត់វិធានការជាបន្ទាន់ ដោយមានការជូនដំណឹងភ្លាមៗ»។
អ្នកពន្លត់អគ្គិភ័យរាប់រយនាក់ នៅតែកំពុងប្រយុទ្ធនឹងភ្លើងឆាបឆេះដ៏ធំមួយនៅជិតទីក្រុង Ballarat ចម្ងាយ ៩៥ គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុងមែលប៊ន។ ភ្លើងដែលឆេះតាំងពីថ្ងៃព្រហស្បតិ៍មុនមកនោះ បានបំផ្លាញផ្ទះ៦ខ្នង សម្លាប់សត្វពាហនៈ និងរាលដាលលើផ្ទៃដីជាង ២០ ០០០ ហិកតា រួចហើយ។
នាពេលនេះ រលកកម្ដៅរំពឹងថា នឹងបោកបក់ចេញពីតំបន់ខាងក្នុងរបស់ប្រទេសអូស្ត្រាលី ដោយរំកិលឆ្លងកាត់រដ្ឋវិចតូរីយ៉ា ហើយអាចនឹងផ្លាស់ប្តូរទិសវាយប្រហារទៅកាន់រដ្ឋ ញូវសៅថ៍វែល នៅថ្ងៃព្រហស្បតិ៍។ បម្រាមកុំឱ្យដុតភ្លើងក្រៅផ្ទះដាច់ខាត ត្រូវបានប្រកាសឡើងនៅតាមទីក្រុងមួយចំនួន រួមទាំងទីក្រុងមែលប៊ន ផងដែរ៕