ក្រសួងការបរទេសចិន នៅថ្ងៃពុធនេះ បានផ្សាយសម្ដីមន្រ្តីការទូតជាន់ខ្ពស់របស់ខ្លួន ដែលនិយាយថា ប្រទេសចិន និងរុស្ស៊ី គួរតែចាប់ដៃគ្នាពង្រឹងទំនាក់ទំនង និងការសម្របសម្រួលលើកិច្ចការនានានៅអាស៊ីប៉ាស៊ីហ្វិក ហើយរួមគ្នាការពារសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
អនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong ដែលធ្វើដំណើរទស្សនកិច្ចទៅក្រុងម៉ូស្គូ នៅថ្ងៃចន្ទ-អង្គារសម្រាប់កិច្ចពិភាក្សាស្តីពីទំនាក់ទំនងទ្វេភាគី បាននិយាយថា ប្រទេសចិន និងរុស្ស៊ីគួរតែដើរតួនាទីកាន់តែល្អប្រសើរជា «យុថ្កា» នៃស្ថិរភាពក្នុងកាលៈទេសៈផ្លាស់ប្តូរប្រចាំសតវត្សរ៍។នេះបើយោតាមក្រសួងដដែល។
លោក Sun បាននិយាយនៅក្រុងមូស្គូថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ក្នុងការបន្តពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រ រវាងភាគីទាំង២ក្នុងវេទិកាពហុភាគីអន្តរជាតិ។
បើតាមរ៉យទ័រ កិច្ចពិភាក្សានៅទីក្រុងម៉ូស្គូរបស់លោក Sun រួមមានទាំងការពិភាក្សាគ្នាអំពីអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលជាអង្គការនយោបាយ សេដ្ឋកិច្ច សន្តិសុខអន្តរជាតិ និងការពារជាតិអឺរ៉ាស៊ី ដែលបង្កើតឡើងដោយចិន និងរុស្ស៊ីក្នុងឆ្នាំ ២០០១។
លោក Sun ក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ផងដែរ។ ក្រៅពីនេះ ប្រទេសទាំង២ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីវិបត្តិអ៊ុយក្រែន និងស្ថានភាពនៅឧបទ្វីបកូរ៉េ លើបញ្ហាអន្តរជាតិ និងតំបន់ផ្សេងទៀត ប៉ុន្តែសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន មិនបានផ្តល់ព័ត៌មានលម្អិតអំពីការពិភាក្សាទាំងនោះទេ។
ចិន និងរុស្ស៊ីបានពង្រឹងទំនាក់ទំនងគ្នាកាន់តែស្អិតរមួតទៅៗ ទាំងផ្នែកសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការយោធា ដែលការណ៍នេះបង្កជាការព្រួយបារម្ភពីសំណាក់សហរដ្ឋអាមេរិក ដែលជាគូប្រជែងដ៏ធំ។ ទំនាក់ទំនងចិន និងរុស្ស៊ីលើកិច្ចការនៅអាស៊ីប៉ាស៊ីហ្វិក គឺជាបញ្ហាផលប្រយោជន៍រសើបមួយសម្រាប់លោកខាងលិច ក៏ដូចជាសម្ព័ន្ធមិត្តក្នុងតំបន់៕