មេដឹកនាំរុស្ស៊ី បានចំអកឱ្យមេដឹកនាំអឺរ៉ុប ជាពិសេសប្រធានាធិបតីបារាំង ដែលទើបបានបញ្ចេញយោបល់ឱ្យអឺរ៉ុប បញ្ជូនកងទ័ពថ្មើរជើងចូលទៅកាន់អ៊ុយក្រែន ដើម្បីកុំឱ្យរុស្ស៊ី យល់ថា ខ្លួនគេឈ្នះសង្គ្រាមដែលទើបឈានចូលឆ្នាំទី៣ នេះ។
ជម្លោះវោហារស័ព្ទរបស់ថ្នាក់ដឹកនាំមហាអំណាចនុយក្លេអ៊ែរទាំង ២ ក៏ដូចជាការផ្លែផ្កាដាក់គ្នារវាងមេដឹកនាំរុស្ស៊ី និងមេដឹកនាំបស្ចិមប្រទេស កើតឡើងក្រោយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃ ទី ២៦ ខែកុម្ភៈ បានលើកឡើងពីលទ្ធភាពបញ្ជូនកងទ័ពជើងគោកចូលទៅកាន់ប្រទេសអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់ថាដើម្បីជួយប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែនឬយ៉ាងណានោះទេ។
ដោយសារមានប្រតិកម្មខ្លាំងពេកពីសំណាក់មេដឹកនាំនៃរដ្ឋសមាជិកសហភាពអឺរ៉ុប នៅថ្ងៃទី ២៧ កុម្ភៈ រដ្ឋមន្ត្រីការបរទេសបារាំងលោក Stephane Sejourne បកស្រាយថា លោកប្រធានាធិបតីមានគំនិតបញ្ជូនកងទ័ពសម្រាប់កិច្ចការដូចជាការជួយលើការបោសសម្អាតមីន ការផលិតអាវុធនៅនឹងកន្លែង និងការការពារតាមអ៊ីនធឺណិត។
តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេយ ឡាវរ៉ូវ (Sergey Lavrov) ហាក់បានចំអកឱ្យលោកម៉ាក្រុងដែលរៀបចំសន្និសីទគិតគូររកជំនួយជួយដល់អ៊ុយក្រែនដែលហាក់ជាប់គាំងក្នុងការទទួលបានជំនួយយោធាពីបស្ចិមលោកជាពិសេសអាមេរិក ថា «កុំឱ្យភ្ជាប់សារៈសំខាន់ខ្លាំងពេក» នៅក្នុងសន្និសីទសហភាពអឺរ៉ុបស្តីពីអ៊ុយក្រែននៅទីក្រុងប៉ារីស។
លោក ឡាវរ៉ូវ ត្រូវបានស្រង់សម្តី ដូចនិយាយថា៖ «ចំនួនសន្និសីទលោកខាងលិចកំពុងកើនឡើងយ៉ាងច្រើន។ ពួកគេកំពុងព្យាយាមប៉ះប៉ូវការថយចុះការចាប់អារម្មណ៍ និងការធ្លាក់ចុះយ៉ាងខ្លាំងនៃសមត្ថភាពហិរញ្ញវត្ថុដើម្បីរក្សារបបហ្សេឡេនស្គី។ បារាំង និងប្រធានាធិបតីបារាំងមានសមានចិត្តអាណិតជ្រុលពេកអំពីកិច្ចប្រជុំគ្រប់បែបយ៉ាង ដោយខ្វល់ខ្វាយតិចតួចអំពីលទ្ធផលមានសក្តានុពលរបស់គេ។ ខ្ញុំនឹងមិនភ្ជាប់សារៈសំខាន់ខ្លាំងពេកចំពោះសន្និសីទដែលរៀបចំនៅប៉ារីសទេ»។
លោក ឡាវរ៉ូវ បានរំឭកថា ព្រឹត្តិការណ៍បែបនេះមិន ដែលផ្តល់លទ្ធផលជាក់ស្តែងទេ។ លោកបានលើកឧទាហរណ៍ថា សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងប៉ារីសក្នុងឆ្នាំ ២០១៥ បស្ចិមប្រទេសបានសន្យានឹងបែងចែកប្រាក់ ១០០ ពាន់លានដុល្លារ ១ ឆ្នាំ តែរកបានតែ ២០ ទៅ ៣០ ពាន់លានដុល្លារប៉ុណ្ណោះ៕