ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ថា ប្រទេសកូរ៉េខាងជើង បានបញ្ជូនគ្រឿងសព្វាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់ប្រទេសរុស្ស៊ី ប្រមាណជា ៦ ៧០០ កុងតឺន័រ រាប់ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២៣ មក។
សកម្មភាពដឹកជញ្ជូនអាវុធជាបន្តបន្ទាប់នេះ ត្រូវបានគេមើលឃើញថា ជាការគាំទ្រឱ្យរុស្ស៊ីធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនបន្ត។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងដែលតែងតែតាមដានសកម្មភាពយោធារបស់កូរ៉េខាងជើងដោយសារការប្រុងប្រយ័ត្នអំពីសន្តិសុខក្នុងតំបន់។
ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានក្នុងស្រុកនៅដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ស៊ីន វ៉ុនស៊ិក (Shin Wonsik) បានលើកឡើងថា កុងតឺន័ររបស់កូរ៉េខាងជើងទាំងអស់នោះ អាចផ្ទុកគ្រាប់កាំភ្លើងធំទំហំ ១៥២ មិល្លីម៉ែត្រ បានជាង ៣ លានគ្រាប់ ឬ ៥០ ម៉ឺនដុំនៃគ្រាប់ទំហំ ១២២ មិល្លីម៉ែត្រ។ លោកបានបញ្ជាក់ថា កុងតឺន័រទាំងអស់នោះអាចនឹងមានគ្រាប់ទាំង ២ ប្រភេទនេះលាយគ្នា ដែលចំនួនសរុបអាចមានរហូតរាប់លានគ្រាប់ឯណោះ។
រោងចក្រផលិតគ្រាប់កាំភ្លើងរបស់កូរ៉េខាងជើងជាច្រើនកំពុងផលិតគ្រាប់ត្រឹមតែ ៣០ ភាគរយនៃសមត្ថភាពរបស់ពួកគេប៉ុណ្ណោះ ដោយសារតែកូរ៉េខាងជើងមានការខ្វះខាតវត្ថុធាតុដើម និងភ្លើងអគ្គិសនី។ យ៉ាងណាក៏ដោយ រោងចក្រផលិតគ្រាប់កាំភ្លើងធំសម្រាប់រុស្ស៊ីកំពុងដំណើរការយ៉ាងពេញទំហឹងតែម្ដង។ នេះបើយោងតាមរដ្ឋមន្ត្រី ស៊ីន ប៉ុន្តែលោកមិនបានបញ្ជាក់ពីប្រភពនៃព័ត៌មាននោះទេ។
កន្លងមក ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន តែងតែចោទប្រកាន់ទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូថា បានដោះដូរអាវុធជាមួយគ្នា និងបានរិះគន់កូរ៉េខាងជើងចំពោះការផ្តល់អាវុធឱ្យរុស្ស៊ីដើម្បីប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ ប៉ុន្តែរុស្ស៊ី និងកូរ៉េខាងជើងបានបដិសេធការចោទប្រកាន់នេះ ហើយសន្យាថា ពួកគេនឹងបង្កើនកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។
យោងតាមរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកដែលបានចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍មុន កូរ៉េខាងជើងបានបញ្ជូនកុងតឺន័រជាង ១ ម៉ឺនគ្រឿងដែលផ្ទុកទៅដោយគ្រឿងសព្វាវុធទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២៣ ពេលដែលមេដឹកនាំទាំង ២ ជួបគ្នា។ រីឯប្រទេសកូរ៉េខាងជើងវិញបានទទួលកុងតឺន័រពីរុស្ស៊ីវិញប្រហែល ៩ ពាន់គ្រឿង ដែលភាគច្រើនមានផ្ទុកទៅដោយស្បៀងអាហារ ដើម្បីយកទៅផ្គត់ផ្គង់ក្នុងប្រទេស ដើម្បីអាចរក្សាស្ថិរភាពតម្លៃអាហារក្នុងប្រទេស។ នេះបើតាមលោកស៊ីន។
មន្ត្រីម្នាក់មកពីក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល មិនបានបញ្ជាក់ថា តួលេខខាងលើពិតឬក៏យ៉ាងណានោះទេ ប៉ុន្តែបានលើកឡើងពីសម្ដីរបស់លោក ស៊ីនថា ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២៣ រុស្ស៊ីបានបញ្ជូនកុងតឺន័រទៅកាន់កូរ៉េខាងជើងច្រើនជាង ៣០ ភាគរយនៃកុងតឺន័រដែលកូរ៉េខាងជើងបានបញ្ជូនទៅប្រទេសរុស្ស៊ី។
លោក ស៊ីន បាននិយាយថា កូរ៉េខាងជើងអាចនឹងបាញ់បង្ហោះផ្កាយរណបមួយទៀតនៅខែក្រោយ ដោយមានការគាំទ្រផ្នែកបច្ចេកទេសជាបន្តបន្ទាប់ពីទីក្រុងម៉ូស្គូ។ បន្ថែមលើនេះ ទីក្រុងព្យុងយ៉ាងបានស្នើសុំជំនួយពីរុស្ស៊ី ពាក់ព័ន្ធនឹងយន្តហោះ និងបច្ចេកវិទ្យាឧបករណ៍ចល័តលើដីផងដែរ។
សារព័ត៌មានយុនហាប់ (Yonhap) បានរាយការណ៍ថា គេមិនប្រាកដទេថា តើរុស្ស៊ីនឹងផ្តល់ជំនួយប៉ុន្មានទៅឱ្យកូរ៉េខាងជើង ប៉ុន្តែប្រសិនបើរុស្ស៊ីពឹងផ្អែកទៅលើគ្រាប់កាំភ្លើងធំរបស់កូរ៉េខាងជើងកាន់តែច្រើន នោះការផ្លាស់ប្តូរបច្ចេកវិទ្យារវាងប្រទេសទាំង ២ ក៏កាន់តែកើនឡើងស្របគ្នា៕