សមាជិកសភាចិនបានធ្វើបច្ចុប្បន្នភាពច្បាប់ស្ដីពីការសម្ងាត់របស់រដ្ឋ ជាលើកដំបូងរាប់ចាប់តាំងពីឆ្នាំ ២០១០ ដោយបានពង្រីកវិសាលភាពនៃខ្លឹមសារព័ត៌មានរសើបដែលត្រូវបានហាមឃាត់ តាមរយៈការបន្ថែមពាក្យថា «ការសម្ងាត់របស់ការងារ» ខណៈស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ចិន បានអនុម័តការកែប្រែច្បាប់នេះហើយនឹងចូលជាធរមាននៅថ្ងៃទី ១ ខែឧសភា ខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មានចិន ស៊ីនហួ (Xinhua)។
ក្រុមអ្នកវិភាគមួយចំនួនបានលើកឡើងថាការពង្រីកវិសាលភាពច្បាប់នេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រធានាធិបតីចិនលោក ស៊ី ជិនភីង (Xi Jinping)ទៅលើបញ្ហាសន្តិសុខជាតិ។ជាការកត់សម្គាល់ ការកែប្រែនេះធ្វើឡើងបន្ទាប់ពីចិនបានធ្វើវិសោធនកម្មច្បាប់ប្រឆាំងចារកម្មរបស់ខ្លួនកាលពីខែមេសា ឆ្នាំ២០២។ប្រទេសមួយចំនួនបានបង្ហាញការព្រួយបារម្ភថា ចិនអាចនឹងប្រើប្រាស់ច្បាប់ទាំងនេះដើម្បីដាក់ទណ្ឌកម្មទៅលើអាជីវកម្មនៅក្នុងស្រុកចិន។
កាលពីឆ្នាំមុនប៉ូលិសចិនបានចុះត្រួតពិនិត្យទីប្រឹក្សាគ្រប់គ្រងរបស់ក្រុមហ៊ុនមួយចំនួនដូចជាក្រុមហ៊ុន Mintz Group និងក្រុមហ៊ុនBain & Co ជាដើម។លើសពីនេះនាយកប្រតិបត្តិរបស់ក្រុមហ៊ុនលក់ឱសថជប៉ុនម្នាក់ត្រូវបានឃុំខ្លួននៅទីក្រុងប៉េកាំងចាប់តាំងពីខែមីនា ឆ្នាំ២០២៣ក្រោមការចោទប្រកាន់ពីបទចារកម្ម។
ការសម្ងាត់របស់រដ្ឋចិនគឺសំដៅទៅលើផ្នែកផ្សេងៗដូចជាការសម្រេចចិត្តរបស់រដ្ឋាភិបាលនិងបក្សកុម្មុយនីស្តចិនកិច្ចការយោធានិងការទូតក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
ឥឡូវច្បាប់នេះការពារព័ត៌មានលើសពីការសម្ងាត់របស់រដ្ឋដែលបានចែង ពោលគឺរាប់បញ្ចូលទាំងព័ត៌មានដែលមិនមែនជាការសម្ងាត់ផ្លូវការប៉ុន្តែជាព័ត៌មានដែលអាចបង្កការខូចខាតប្រសិនបើលេចធ្លាយ។សម្រាប់ការគ្រប់គ្រងព័ត៌មានជាក់លាក់អំពីការសម្ងាត់របស់ការងារនឹងត្រូវចេញផ្សាយនៅពេលក្រោយ។
លោក រ៉ាយអិន មិតឆេល (Ryan Mitchell)សាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យហុងកុងបានកត់សម្គាល់ថាការដាក់បញ្ចូលពាក្យ "ការសម្ងាត់របស់ការងារ" ហាក់ដូចជាពង្រីកការអនុវត្តច្បាប់ឱ្យកាន់តែទូលំទូលាយជាងមុន។
លោកបានស្នើថាការផ្លាស់ប្តូរនេះអាចមានគោលបំណងរារាំងការបញ្ចេញព័ត៌មានទាក់ទងនឹងរចនាសម្ព័ន្ធស្ថាប័ននិងដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់ស្ថាប័នរដ្ឋ។
យោងតាមមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះម្នាក់មកពីការិយាល័យសម្ងាត់របស់រដ្ឋចិន បានលើកឡើងថា ច្បាប់ដែលបានធ្វើបច្ចុប្បន្នភាពហើយនេះ នឹងធ្វើឱ្យមានភាពប្រសើរឡើងជុំវិញការរៀបចំប្រព័ន្ធ និងភាពគ្រប់ជ្រុងជ្រោយនៃច្បាប់ទាក់ទងនឹងសន្តិសុខជាតិនិងការសម្ងាត់របស់រដ្ឋ។
មន្ត្រីរូបនេះបានបញ្ជាក់ថាការកែប្រែច្បាប់នេះមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីគណបក្សកុម្មុយនីស្ត។ លោកបានសង្កត់ធ្ងន់ថាប្រតិបត្តិករអ៊ីនធឺណិតទាំងអស់ ត្រូវតែសហការជាមួយអាជ្ញាធរចិនក្នុងការស៊ើបអង្កេតនិងដោះស្រាយករណីពាក់ព័ន្ធនឹងការលេចធ្លាយព័ត៌មានសម្ងាត់របស់រដ្ឋ។
មន្ត្រីដដែលរូបនេះបានលើកឡើងថាច្បាប់នេះនឹងបង្កើនការសម្របសម្រួលជាមួយនឹងច្បាប់ស្ដីពីសុវត្ថិភាពទិន្នន័យរបស់ប្រទេសចិនសម្រាប់ការគ្រប់គ្រងទិន្នន័យសម្ងាត់។លើសពីនេះទៀតចាប់តាំងពីឆ្នាំ ២០២៣ មកក្រសួងសន្តិសុខរដ្ឋចិនបានប្រើប្រាស់គណនីវីឆាត (WeChat) ផ្លូវការរបស់ខ្លួនកាន់តែញឹកញាប់ដើម្បីជូនដំណឹងដល់សាធារណជនអំពីតម្រូវការក្នុងការរក្សាការប្រុងប្រយ័ត្នចំពោះសកម្មភាពចារកម្មបរទេស៕