ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ បាន​រាយការណ៍​ដោយ​ស្រង់​សម្ដី​មន្រ្តី​ការទូត​នៃ​បណ្ដា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​មក​ថា​ ពួក​គេ​រំពឹង​ថា​នឹង​​បើក​ដំណើរ​ការ​ស្ថានទូត​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើងឡើងវិញ​ ក្រោយ​បិទអស់រយៈពេលច្រើនឆ្នាំ​ដោយ​សារ​តែ​វិបត្តិ​កូវីដ​ ១៩​។ 

អ្នក​នាំ​ពាក្យ​ការិយាល័យ​បរទេស​អាល្លឺម៉ង់​ បាន​ប្រាប់​រ៉យទ័រ​ថា​ ក្រុម​ការងារ​មក​ពី​ការិយាល័យ​ការ​បរទេស​សហព័ន្ធ​អាល្លឺម៉ង់​ បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ ​ក្នុង​ដំណើរ​​ទស្សនកិច្ច​​​ត្រួត​ពិនិត្យ​បច្ចេក​ទេស​។​ ​

អ្នក​​​នាំ​ពាក្យ​​ដដែល​បាន​បន្ត​ថា​៖ «​​ក្រុម​ការងារ​​កំពុង​​ត្រួត​​ពិនិត្យ​​ទីតាំង​​ស្ថាន​ទូត​​អាល្លឺម៉ង់​​ក្នុង​​រយៈ​ពេល​​​ ២-៣​​ ថ្ងៃ​​មក​​ហើយ​​​»​ ប៉ុន្តែមិន​ទាន់​បាន​សម្រេច​ចិត្ត​ថា​នឹង​បើក​ស្ថាន​ទូត​ឡើង​វិញ​នៅ​ពេល​ណា​នៅ​ឡើយ​ទេ​ ក្រោយ​បិទ​នៅ​ខែ​មីនា​ ឆ្នាំ​ ២០២០​។ ​​

ស្ថានទូត​​ជា​ច្រើន​បាន​បិទ​នៅ​ទីក្រុង​ព្យុងយ៉ាង​ ដោយ​សារ​តែ​ពួក​គេ​មិន​អាច​បង្វិល​បុគ្គលិក​ ឬដឹក​ជញ្ជូន​​​​ការ​ផ្គត់​ផ្គង់​ផ្សេង​ៗ​ ​ក្នុង​អំឡុង​​វិបត្តិ​កូវីដ ១៩​។ ​​​ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​ដាក់​ចេញ​​វិធាន​ការ​ទប់​ស្កាត់​ការ​រាត​​ត្បាត​​កូវីដ​ ១៩​ ដ៏​តឹង​រ៉ឹង​បំផុត​ ​​រួម​ទាំង​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរស្ទើ​រតែ​ទាំង​ស្រុង​​ហើយ​ថ្មី​ៗ​នេះ​ទើប​តែ​​បាន​ចាប់​ផ្តើម​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​​​​ផ្សេង​ៗឡើងវិញ​។ 

អង់គ្លេស​ដែល​បាន​បិទ​ស្ថាន​ទូត​របស់​ខ្លួន​ និង​​ដក​បុគ្គលិក​ការ​ទូត​ទាំង​អស់​ពី​​កូរ៉េ​ខាង​ជើង​​ក្នុង​ខែ​ឧសភា​ ឆ្នាំ​ ២០២០​ ​ពេល​នេះ​ក៏​​កំពុង​ស្វែង​រក​ការ​បញ្ជូន​ក្រុម​ការងារ​ ដើម្បី​ត្រួត​ពិនិត្យ​ស្ថាន​ទូត​ មុន​ពេល​បើក​ជា​ថ្មី​ផង​ដែរ​។​ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ការិយាល័យ​ការបរទេសអង់គ្លេស​ ដែល​​​បាន​ប្រាប់​រ៉យទ័រ​។

អ្នក​នាំ​ពាក្យ​​​បាន​បន្ថែម​ថា​ ចក្រភព​អង់គ្លេស​បាន​អំពាវ​នាវ​ឱ្យ​កូរ៉េ​ខាង​ជើង​ អនុញ្ញាត​ឱ្យ​សហគមន៍​អន្តរជាតិ​ រួម​ទាំង​អ្នក​ការ​ទូត​ និង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ និង​អង្គការ​មនុស្ស​ធម៌​ទាំង​អស់​អាច​ចូល​ប្រទេស​របស់​ខ្លួន​បាន​។

លោក ​Peter Semneby​ បេសកជន​ពិសេស​របស់​​ស៊ុយអែត​សម្រាប់​ឧបទ្វីប​កូរ៉េ​ បាន​ប្រាប់​រ៉យទ័រ​ថា​ មាន​វឌ្ឍនភាព​ខ្លះ​ៗ​ពាក់​ព័ន្ធ​នឹង​ការ​វិល​ត្រឡប់​ទៅ​ក្រុង​ព្យុងយ៉ាង​វិញ​របស់​អ្នក​ការ​ទូត​ស៊ុយអែត​ ​ប៉ុន្តែ​បាន​បដិសេធ​មិន​បញ្ជាក់​លម្អិត​ ដោយ​លើក​ឡើង​ពី​ភាព​រសើប​នៃ​កិច្ច​ពិភាក្សា​​​លើ​បញ្ហា​​​នេះ​​។​​
អ្នក​ការ​ទូត​ម្នាក់​ ដែល​សុំ​និយាយ​ជា​អនាមិ​ក​ បាន​​​កត់​សម្គាល់​ថា​ គ្រប់​ស្ថាន​ទូត​ដែល​បិទ​ទ្វារ​ នឹង​ត្រូវ​ការ​​រក​មើល​ និង​ការ​សម្អាត​​ឧបករណ៍​លួច​ស្តាប់​ ក៏​ដូច​ជា​ការ​​សម្អាត​សត្វ​ល្អិត​ និងការ​​ជួស​ជុល​ផ្សេង​​ ក្រោយ​បិទ​ទ្វា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។​

​គេហទំព័រ​​ NK Pro ដែលធ្វើ​ការ​​តាម​ដាន​កូរ៉េខាង​ជើង​ បាន​និយាយ​ថា​​ ​គិត​ត្រឹម​ខែ​មករា​ ឆ្នាំ​ ២០២៣​ ប្រទេស​ចំនួន​​ ៩ ​មាន​ស្ថានទូត​ដំណើរការ​នៅ​ទីក្រុង​ព្យុងយ៉ាង​ ប៉ុន្តែ​មាន​តែ​​​ចិន ​រុស្ស៊ី ​ម៉ុងហ្គោលី​ និង​គុយបា​ ប៉ុណ្ណោះ​ ដែ​ល​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​បង្វិល​បុគ្គលិក​ធ្វើ​ការ​នៅ​ស្ថានទូត​របស់​ខ្លួន​ចូល​វិញ​ ចាប់​តាំង​ពី​ឆ្នាំ​មុន​៕​