ប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) បានសន្យាថានឹងលើកទឹកចិត្តក្រុមហ៊ុនចិនឱ្យវិនិយោគនៅប្រទេសសៀរ៉ាឡេអូន (Sierra Leone) នៅតំបន់អាហ្វ្រិកខាងលិច ដែលសម្បូរដោយធនធានរ៉ែ។
ការជំរុញការវិនិយោគរបស់ទីក្រុងប៉េកាំងទៅកាន់តំបន់អាហ្រិ្វកនេះ គឺធ្វើឡើងដើម្បីពង្រឹកនិងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយកាន់តែស៊ីជម្រៅរវាងមហាយក្សអាស៊ី ដែលរីកចម្រើនទាំងសេដ្ឋកិច្ចនិងឥទ្ធិពលនយោបាយជាមួយអាហ្វ្រិក។
តាមសេចក្តីរាយការណ៍របស់រ៉យទ័រ ប្រធានាធិបតីចិន ស៊ី ជីនភីង បានប្រាប់លោក Julius Maada Bio ប្រធានាធិបតីសៀរ៉ាឡេអូន ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធថា ប្រទេសចិនតែងតែចាត់ទុកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅអាហ្វ្រិកជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់ខ្លួន។
តាមការចុះផ្សាយនោះ លោក ស៊ី បាននិយាយថា ទំនាក់ទំនងរបស់ចិនជាមួយប្រទេសសៀរ៉ាឡេអូន គឺជា «គំរូនៃការរួបរួម និងកិច្ចសហប្រតិបត្តិការ» សម្រាប់រដ្ឋអាហ្វ្រិកដទៃទៀត។
ប្រធានាធិបតីសៀរ៉ាឡេអូន បានសរសេរនៅលើបណ្តាញសង្គម X ថា៖«យើងទន្ទឹងរង់ចាំការប្រើប្រាស់ឱកាសយុទ្ធសាស្ត្រសម្រាប់ផលប្រយោជន៍នៃប្រទេសទាំងពីរ» ដោយបន្ថែមថាលោកអរគុណប្រធានាធិបតី ស៊ី «ចំពោះភាពជាដៃគូនិងការគាំទ្រដែលមិនអាចកាត់ថ្លៃបាន ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសសៀរ៉ាឡេអូន»។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ប្រទេសចិនបានប្រកាសផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច និងបច្ចេកទេសចំនួន ៥០លានយន់ (ជិត៧លានដុល្លារ) ការលុបចោលបំណុលចំនួន ២០លានយន់ និងជំនួយស្បៀងអាហារចំនួន ១៥០០តោនសម្រាប់ប្រទេសសៀរ៉ាឡេអូន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីផ្ទះរដ្ឋរបស់ប្រទេសសៀរ៉ាឡេអូន៕