រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក Biden កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​ ១ ខែកុម្ភៈ ឆ្នាំ​ ២០២៤ កន្លងទៅ បានសម្រេច​អនុម័ត​ការលក់​យន្តហោះ​គ្មាន​មនុស្ស​បើក និង​ឧបករណ៍​យោធា ក្នុង​រង្វង់​ទឹកប្រាក់ ប្រមាណ ៤ ​ពាន់​លាន​ដុល្លារ​ទៅឱ្យ​ប្រទេស​ឥណ្ឌា ដែល​មានបំណង​ប្រើប្រាស់​ដើម្បី​បង្កើន​សុវត្ថិភាព និង​ការឃ្លាំមើល​ដែនសមុទ្រ​របស់ខ្លួន​។

ការអនុម័ត​នេះ​កើតឡើង​នៅពេលដែល​ក្រុង​វ៉ាស៊ីនតោន ទាក់ទង​ទៅកាន់​ទីក្រុង​ញូវដែលី ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន​សម្រាប់​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋ​អាមេរិក ដែល​ផ្តោត​សំខាន់​លើ​ការប្រឆាំង​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​។

ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​ជូនដំណឹង​ដល់​សភា​អំពី​ការលក់​អាវុធ​តម្លៃ ៣,៩៩ ពាន់​លាន​ដុល្លារ​ ដែល​នឹង​រួមបញ្ចូល​យន្តហោះ​គ្មាន​មនុស្ស​បើក Sky Guardian ចំនួន ៣១ គ្រឿង កាំជ្រួច មី​ស៊ី​ល Hellfire ១៧០ គ្រាប់ គ្រាប់បែក​បំពាក់​លើ​យន្តហោះ​ចម្បាំង ៣១០​ គ្រាប់ និង​សម្ភារ​ជំនួយ​ដែល​ពាក់ព័ន្ធ​។

ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​ការលក់​ដែល​បានស្នើ​ឡើង​នេះ នឹង​គាំទ្រ​ដល់​គោលនយោបាយ​ការបរទេស និង​គោលបំណង​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក ដោយ​ជួយ​ពង្រឹង​ទំនាក់ទំនង​យុទ្ធសាស្ត្រ​រវាង​សហរដ្ឋអាមេរិក និង​ឥណ្ឌា ហើយ​វា​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សន្តិសុខ​នៃ​ដៃគូ ការពារជាតិ​ដ៏​សំខាន់​មួយ​របស់ខ្លួន ដែល​នៅតែ​បន្ត​ជា​កម្លាំង​ដ៏​សំខាន់​សម្រាប់​ស្ថិរភាព​នយោបាយ សន្តិភាព និង​វឌ្ឍនភាព​សេដ្ឋកិច្ច​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​អាស៊ី​ខាងត្បូង​»​។

សេចក្តីថ្លែងការណ៍​ដដែល​នេះ​ក៏បាន​បញ្ជាក់ថា​៖ «​វា​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​របស់​ប្រទេស​ឥណ្ឌា​ក្នុងការ​ទប់ទល់​នឹង​ការគំរាមកំហែង​នាពេល​បច្ចុប្បន្ន និង​អនាគត​ដោយ​អនុញ្ញាតឱ្យ​ប្រទេសមួយ​នេះ​មាន​សមត្ថភាព​ក្នុងការ​ឃ្លាំមើល តាមរយៈ​យន្តហោះ​គ្មាន​មនុស្ស​បើក និង​ការ​ល្បាត​ឈ្លបយកការណ៍​នៅក្នុង​ប្រតិបត្តិការ​នៃ​ផ្លូវ​សមុទ្រ​»​។

​ក្រសួង​ថែមទាំង​បាន​លើកឡើងថា ឥណ្ឌាបានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើ​ទំនើបកម្ម​យោធា​របស់ខ្លួន ហើយនឹង​មិនមាន​ការ​ពិបាក​ក្នុងការ​ស្រូបយក​បច្ចេកវិទ្យា និង​សេវាកម្ម​ទាំងនេះ​ដាក់ចូល​ទៅក្នុង​កងកម្លាំង​ប្រដាប់អាវុធ​របស់គេ​ឡើយ​៕