ប្រទេសថៃ និងស្រីលង្កា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយកាលពីថ្ងៃសៅរ៍ ក្នុងជំហានមួយដែលស្រីលង្កាសង្ឃឹមថា នឹងជួយប្រទេសរបស់ខ្លួនឱ្យរួចផុតពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍។
បើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កិច្ចព្រមព្រៀងដែលគេហៅថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) មានគោលបំណងបង្កើនឱកាសទីផ្សារ ដោយមានការចរចាគ្របដណ្តប់លើផ្នែកផ្សេងៗដូចជា ពាណិជ្ជកម្មទំនិញ ការវិនិយោគ នីតិវិធីគយ និងសិទ្ធិកម្មសិទ្ធិបញ្ញា។
កិច្ចព្រមព្រៀងនេះ សម្រេចឡើងអំឡុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូដែលដឹកនាំដោយនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ទៅកាន់ទីក្រុងកូឡុំបូ កាលពីថ្ងៃសៅរ៍។
លោកថាវីស៊ីន បានថ្លែងប្រាប់សន្និសីទសារព័ត៌មានរួមមួយបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះថា៖«វានឹងផ្តល់ឱកាសអាជីវកម្មយ៉ាងច្រើនសម្រាប់ភាគីទាំង២។ យើងលើកទឹកចិត្តឱ្យវិស័យឯកជនរបស់យើង ស្វែងរកសក្តានុពលនៃពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី»។
ទិន្នន័យរបស់ធនាគារកណ្តាលស្រីលង្កាបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីស្រីលង្កា និងថៃ មានតម្លៃប្រហែល ៤៦០លានដុល្លារក្នុងឆ្នាំ២០២១។ ស្រីលង្កានាំចេញជាចម្បងនូវតែ និងត្បូងមានតម្លៃ ទៅកាន់ប្រទេសថៃ ហើយនាំចូលមកវិញនូវឧបករណ៍អេឡិចត្រូនិក អាហារ កៅស៊ូ ប្លាស្ទិក និងឱសថ។
កិច្ចព្រមព្រៀងរវាងប្រទេសទាំង២ ធ្វើឡើងខណៈស្រីលង្កាកំពុងបន្តការផ្តោតអារម្មណ៍លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងជួយដល់សេដ្ឋកិច្ចដុនដាបរបស់ខ្លួន ដែលធនាគារពិភពលោកបានប៉ាន់ប្រមាណថាបានធ្លាក់ចុះរហូតដល់ ៣,៨ ភាគរយកាលពីឆ្នាំមុន ដោយសារវិបត្តិនយោបាយធ្ងន់ធ្ងរ។
ក្រៅពី FTA ថៃ និងស្រីលង្កា ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មផ្លូវអាកាសទ្វេភាគីថ្មីមួយ ដោយផ្តល់សេវាកម្មផ្លូវអាកាសសេរីរវាងប្រទេសទាំង២៕