​យ៉ាងហោចណាស់​មនុស្ស​ជិត ៤០ នាក់ បាន​ស្លាប់បាត់​បង់ជីវិត​ក្នុងអំឡុង​នៃ​ការបើក​ប្រតិបត្តិ​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​ស​ហ​រដ្ឋ​អាមេរិក​នៅក្នុង​ទឹកដី​ប្រទេស​អ៊ីរ៉ា​ក់ និង​ស៊ី​រី​ប្រឆាំងនឹង​ក្រុម​កង​ឆ្មាំ​បដិវត្តន៍អ៊ី​រ៉ង់ (Iran's Revolutionary Guard) គាំទ្រ​ដោយ​រដ្ឋាភិបាល​ប្រទេស​អ៊ីរ៉ង់​។ តាម​ការផ្សាយ​របស់​រ៉​យ​ទ័​រ​នៅ​យប់​ថ្ងៃទី​ ៣ ខែកុម្ភៈ​។​

​តាម​សេចក្តីរាយការណ៍​នោះ ការ​វាយ​ប្រហារ​តាមផ្លូវ​អាកាស​របស់​ស​ហរ​ដ្ឋ​អាមេរិក​នេះ​គឺជា​ការសង​សឹក​របស់​ទី​ក្រុង​វ៉ាស៊ីនតោន​លើ​ក្រុម​កង​ឆ្មាំ​បដិវត្តន៍​​អ៊ី​រ៉ង់ (IRGC)​ គាំទ្រ​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ង់ ចំពោះ​ការវាយប្រហារ​លើ​ទាហាន​អាមេរិក​កាលពីពេល​ថ្មីៗ​នេះ​។  

​ការវាយប្រហារ​តាមផ្លូវ​អាកាស​នៅ​ប្រទេស​ទាំង​ ២​ នេះ​គឺជា​លើក​ទី​ ១​ ហើយ​ដែលមាន​មនុស្ស​ស្លាប់​ច្រើន​បែបនេះ​ក្នុងអំឡុង​ដឹកនាំ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក្រោម​រដ្ឋបាល​របស់លោក ចូ បៃ​ដិ​ន ចាប់តាំងពី​កាន់តំណែង​មក​។​

​ប្រភព​ដដែល​ក៏បាន​ឱ្យដឹង​ដែរ​ថា​នៅក្នុង​ការវាយប្រហារ​នេះ ទីក្រុង​វ៉ាស៊ីនតោន​ក្រោម​រដ្ឋបាល​របស់លោក បៃ​ដិ​ន បាន​ប្រើប្រាស់​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1 រយៈ​វែង​ប្រឆាំងនឹង​សត្រូវ​របស់ខ្លួន​។ លើសពីនេះទៅទៀត​មានការ​រំពឹងទុក​ថា ប្រតិបត្តិការ​យោ​ធា​អាមេរិក​បន្ថែមទៀត​នឹង​កើតឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ហើយ​ស្ថាន​ការ​ណ៍​នឹង​បន្ត​តានតឹង ចំនួន​មនុស្ស​ស្លាប់​ក៏​បន្ត​កើនឡើង​ផងដែរ​។​

​លោក Lloyd Austin រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិក​លើកឡើង​កាល​​ពីថ្ងៃ​ទី ​៣ ខែកុម្ភៈ​ថា ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​ស​ហ​រដ្ឋ​អាមេរិក​ទៅលើ​ក្រុម​កង​ឆ្មាំ​បដិវត្តន៍អ៊ីរ៉ង់ (IRGC) ដែល​នេះ​ជា​ធម៌​ក្តៅ​ព្រមាន​ក្រុម​ជ្រុល​និយម​អស់ទាំង​នេះ​ដែល​ត្រូវបាន​គាំទ្រ​ដោយ​ទីក្រុង Tehran របស់​អ៊ីរ៉ង់ និង​ព្រមាន​ភាគី​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​មកលើ​អាមេរិក ហើយ​លទ្ធផល​នៃ​ការវាយប្រហារ​នេះ​ជាការ​ឆ្លើយតប​របស់​ទីក្រុង​វ៉ាស៊ីនតោន​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​រូបនេះ បាន​លើកឡើងថា​៖«​សហរដ្ឋអាមេរិក​មិន​ចង់​បន្ថែម​ជម្លោះ និង​បន្ថែម​ស្ថាន​ការ​ណ៍​កាន់តែ​តានតឹង​ណាមួយ​នៅ​មជ្ឈិម​បូព៌ា​ទៀត​នោះទេ ក៏ប៉ុន្តែ​ប្រធានាធិបតី​សហរដ្ឋ​មេ​រិ​ក ​(​លោក ចូ បៃ​ដិ​ន​) ក៏​ដូច​ជា​ខ្ញុំ ​(Lloy Austin) នឹងមិន​ឈរ​ឱបដៃ​មើល​ការបំពាន​ណាមួយ​មកលើ​សហរដ្ឋអាមេរិក​ដែរ​»​។​

​លោក Nasser Kanaani មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ី​រ៉ង់ បាន​ប្រតិកម្ម​ខ្លាំងៗ​តប​ទៅ​សហរដ្ឋ​​អាមេរិក​វិញ​ថា ទីក្រុង​ Tehran សូម​ថ្កោលទោស​យ៉ាង​ដាច់​ណាត់​ទៅលើ​ការវាយប្រហារ​តាមផ្លូវ​អាកាស​ពី​សំ​ណាក់​ទីក្រុង​វ៉ាស៊ីនតោន ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋបាល​លោក ចូ បៃ​ដិ​ន​។​

​មន្ត្រី​នាំពាក្យ​ក្រសួងការបរទេសអ៊ី​រ៉ង់​បន្ថែមថា ការវាយប្រហារ​របស់​សហរដ្ឋ​អាមេរិក​តំណាងឱ្យ​«​កំហុស និង​ជា​យុទ្ធ​សាស្ត្រ​មួយ​អាច​បង្ក​ភាព​តានតឹង​ដែល​កំពុងមាន​ស្រាប់​នៅក្នុង​តំបន់​» ក្នុងនោះ​មាន​មនុស្ស​ ១៦ ​នាក់​រួមទាំង​ជន​ស៊ីវិល ត្រូវបាន​សម្លាប់​។ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ស៊ី​រី និង​ជា​អង្គការ​តាមដាន​សង្គ្រាម​នៅ​ទីនោះ បានឱ្យដឹងថា ការ​វាយប្រហារ​បានសម្លាប់​មនុស្ស ២៣ ​នាក់ ដែលជា​អ្នកយាម​៕

វង្ស ដា​រា​វ៉ា​ឌី​