ស្ថាប័នអង្គការសហប្រជាជាតិដែលកំពុងធ្វើការងារមនុស្សធម៌នៅតំបន់ហ្គាហ្សា និងប្រទេសខ្លះទៀតនៅមជ្ឈិមបូព៌ា បានព្រមានអំពីលទ្ធភាពបិទទ្វារនៅចុងខែនេះ ដរាបណា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសផ្តល់ជំនួយដទៃទៀតមិនស្តារកញ្ចប់ជំនួយដែលពួកគេបានផ្អាកនោះឡើងវិញ។
អស់រយៈពេលប្រហែល ១ សប្តាហ៍ប៉ុណ្ណោះ ក្រោយប្រទេសផ្តល់ជំនួយធំៗបានប្រកាសផ្អាកកញ្ចប់ថវិកាជំនួយ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននិងការងារប៉ាឡេស្ទីន ដែលហៅកាត់ថា (UNRWA) បានព្រមានពីផលពិបាកច្រើនរាប់មិនអស់នៅតំបន់ហ្គាហ្សាដែលមានជនភៀសសឹកជិត ២ លាននាក់ ។
The Guardian បានរាយការណ៍ថាការផ្គត់ផ្គង់ឥន្ធនៈ និងម្សៅសម្រាប់ផលិតនំប៉័ងសំខាន់ៗសម្រាប់តំបន់ហ្គាហ្សាមានហានិភ័យខ្លាំងណាស់ឈានទៅរក «អស់» រីឯសាលារៀន មន្ទីរពេទ្យ និងសូម្បីតែការប្រមូលសំរាមនៅតំបន់ West Bank និងប្រទេសចំនួន ៣ នៅទូទាំងមជ្ឈិមបូព៌ាអាចឈប់ដំណើរការនៅចុងខែនេះ។
ប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារ UNRWA ចាប់តាំងពីថ្ងៃទី ២៨ ខែមករា បន្ទាប់ពីអ៊ីស្រាអែលបានបង្ហាញឯកសារចោទប្រកាន់ថា បុគ្គលិករបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះចំនួន ១២ នាក់បានចូលរួមក្នុងការវាយប្រហារនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាស់លើអ៊ីស្រាអែល។
កាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារនេះបានព្រមានថា ប្រតិបត្តិការទាំងមូលរបស់ខ្លួននៅមជ្ឈិមបូព៌ា មិនត្រឹមតែនៅក្នុងតំបន់ហ្គាហ្សាប៉ុណ្ណោះទេ ទំនងជានឹងត្រូវបង្ខំឱ្យបិទនៅចុងខែកុម្ភៈ បើជំនួយបន្តផ្អាក។
នៅតំបន់ហ្គាហ្សា ជាកន្លែងដែលអង្គការសហប្រជាជាតិបានព្រមានអំពីគ្រោះទុរភិក្សដែលជិតកើតមានដល់មនុស្ស ២ លាននាក់ ទីភ្នាក់ងារ UNRWA ផ្តល់ម្សៅដើម្បីធ្វើនំប៉័ង និងប្រេងឥន្ធនៈសម្រាប់រោងចក្រចម្រោះទឹក ហើយដំណើរការបណ្តាញឃ្លាំង និងឡានដឹកទំនិញសម្រាប់ជំនួយ។ សាលារៀនដែលគ្រប់គ្រងដោយ UNWRA បានផ្លាស់ប្តូរទៅជាជម្រកសម្រាប់មនុស្សរាប់ម៉ឺននាក់។
UNRWA ក៏ដំណើរការសាលារៀនរាប់រយនៅ West Bank, ហ្ស៊កដានី លីបង់ និងនៅប្រទេសស៊ីរី។ ប្រសិនបើទីភ្នាក់ងារនេះឈប់ដំណើរការទាំងស្រុង សាលារៀនទាំងនេះនឹងបិទ ដែលធ្វើឱ្យកុមារប្រមាណ ៥០ ម៉ឺននាក់គ្មានការអប់រំ។
អ្នកស្រី Juliette Touma នាយកផ្នែកទំនាក់ទំនងរបស់ UNRWA បាននិយាយថា៖«ផលប៉ះពាល់នឹងធ្លាក់ទៅលើតំបន់ទាំងមូល។ ទោះជាយ៉ាងនេះក្តី វានឹងមានសភាពធ្ងន់ធ្ងរបំផុតនៅក្នុងតំបន់ហ្គាហ្សា។ ឥឡូវនេះយើង គឺជាអ្នកផ្តល់មនុស្សធម៌ដ៏ធំបំផុតនៅទីនោះ។ មិនចាំបាច់ឆ្ងល់ទេ វាពិតជាលំបាកណាស់ក្នុងការស្រមៃមើលប្រជាជននៅហ្គាហ្សាដែលនៅរស់ដោយគ្មាន UNRWA ជាមួយនឹងអ្វីគ្រប់យ៉ាងដែលពួកគេកំពុងឆ្លងកាត់ឥឡូវនេះ»។
UNRWA បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីចុងសប្តាហ៍ថា រដ្ឋម្ចាស់ជំនួយចំនួន ១៦ បានផ្អាកជំនួយ។ ក្នុងចំណោមនោះ សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងស៊ុយអែត បានបូកសរុបជំនួយមានទឹកប្រាក់ចំនួន ៦០៧ លានដុល្លារ ក្នុងឆ្នាំ ២០២២។ អង្គភាពផ្តល់ជំនួយផ្សេងទៀត រួមទាំងសហភាពអឺរ៉ុប បាននិយាយថា ពួកគេនឹងធ្វើការសម្រេចចិត្តថាតើត្រូវបន្តផ្តល់មូលនិធិបន្ទាប់ពីដឹងពីលទ្ធផលនៃការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិលើការចោទប្រកាន់នេះ។ អូស្ត្រាលីក៏ប្រកាសដូចអឺរ៉ុបដែរ។
ទីភ្នាក់ងារនេះប៉ាន់ស្មានថា ការផ្អាកម្ចាស់ជំនួយបានចំណាយយ៉ាងហោចណាស់ ៤៤០ លានដុល្លារ៕