​​​សារព័ត៌មាន The Straits Times  បាន​ផ្សាយ​ថា ​យោង​​ទិន្នន័យ​ផ្លូវការ​មាន​អ្នក​ស្លាប់​​ជាង​ ៧​ លាន​​នាក់ ​ដែល​ត្រូវបាន​កត់ត្រា​ដោយសារតែកូវីដ ​១៩​ ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​រហូត​ដល់​​ចុង​ឆ្នាំ ២០២៣​ ប៉ុន្តែ​​មន្ត្រី​​​អង្គការ​សុខភាព​ពិភពលោក​ថា ចំនួន​អ្នកស្លាប់​ពិត​ប្រាកដ​​ដោយសារ​ជំងឺ​នេះ​អាច​​ជិត​​ដល់ ២១ លាន​នាក់ ។

​ខណៈពេលដែល​មេរោគ​កូរ៉ូណា ​(Coronavirus) ប្រហែលជា​លែង​​ជា​​ក្តី​កង្វល់​​ ​​ចំពោះ​​មនុស្ស​ភាគច្រើន​ទៀតហើយ ក៏មាន​អ្នក​ដែល​បន្ត​រង​ទុក្ខ​ដោយ​ស្ងៀម​ស្ងាត់​​​ពី​ផលប៉ះពាល់​រយៈពេល​វែង។

អង្គការសុខភាព​ពិភពលោក កំពុង​ស្ថិត​​ក្នុង​​ដំណើរការ​​នៃ​ការវិភាគ​លើ​ការ​ស្លាប់​​លើស​​ចំនួន​​អំឡុងពេល​ជំងឺ​រាតត្បាត ក៏ដូចជា​បន្ទាប់ពី​ជំងឺ​នេះ​​បាន​​បញ្ចប់​​​ជា​គ្រាអាសន្ន​សុខភាព​ពិភព​លោក​​។

ការ​ស្លាប់​​លើសចំនួន​​​ត្រូវបាន​គណនា​ដោយ​ផ្អែកលើ​ភាពខុសគ្នា​រវាង​ការស្លាប់​ដែល​បាន​សង្កេតឃើញ​នៅក្នុង​ពេលវេលា​ជាក់លាក់​មួយ និង​ចំនួន​នៃ​ការ​ស្លាប់​​ដែល​​រំពឹងទុក​សម្រាប់​រយៈពេល​ដូចគ្នា​នោះ។

លោកស្រី វេជ្ជបណ្ឌិត Maria Van Kerkhove នាយក​ផ្នែក​បច្ចេកទេស​កូវីដ​ ១៩ ​របស់​អង្គការ​​សុខភាព​ពិភពលោក និង​ជាប្រធាន​​បណ្តោះអាសន្ន​សម្រាប់​ការ​រាតត្បាត និង​ការត្រៀម​លក្ខណៈ​រាតត្បាត បាន​និយាយថា៖​ «យើង​​កំពុង​ធ្វើ​ការ​​ប៉ាន់​ស្មានថា ​នេះ​ជា​អ្វី? យើង​មាន​ការ​​​​ប៉ាន់ប្រមាណ​រហូត​ដល់​​ចុង​ឆ្នាំ​ ២០២១​​​ ហើយ​​ទាំងនេះ​កំពុង​ត្រូវបាន​កែសម្រួល​ដើម្បី​ពិនិត្យ​មើល​ការ​ស្លាប់​​លើស​​សម្រាប់​ឆ្នាំ ២០២២ ហើយនឹង​ត្រូវធ្វើឡើង ​សម្រាប់​ឆ្នាំ ២០២៣ ផងដែរ»។

វេជ្ជបណ្ឌិត Maria Van Kerkhove បន្ថែមថា៖​ «យើង​រំពឹងថា​ចំនួន​ពិត​ពិត​ប្រាកដ​​គឺ​​ខ្ពស់​ជាង​​នេះ​​យ៉ាង​ហោចណាស់​៣ដង»។

នៅ​​​ចំណុច​រីករាល​ដាល​ខ្ពស់​នៃ​​ជំងឺ​រាតត្បាត បណ្តា​ប្រទេស​មួយ​ចំនួន​​ដូចជា​ឥណ្ឌា និង​ចិន ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ក្លែងបន្លំ​ទិន្នន័យ​កូវីដ​​១៩​ដែល​ទំនង​ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​អន្តរជាតិ​របស់​ពួកគេ។

របាយការណ៍​នៃ​ការបញ្ចុះសាក​​សព​លើស​ចំណុះ និង​ក្នុងករណី​ប្រទេស​ឥណ្ឌា សាកសព​ត្រូវបាន​ដុត​ក្នុង​ចំណតរថយន្ត​របស់​ម​ន្ទីរ​ពេទ្យ និង​នៅ​ច្រាំងទន្លេ Ganges បានធ្វើឱ្យ​មានការ​ងឿងឆ្ងល់​អំពី​ចំនួន​អ្នកស្លាប់​ពិតប្រាកដ។

ចំនួន​ពិតប្រាកដ​នៃ​ការឆ្លង​ដែល​បង្កឡើង​ដោយ​វីរុស​នេះ ក៏​ជា​កម្មវត្ថុ​នៃ​ការ​ប៉ាន់​ស្មាន​​ផងដែរ។ នៅលើ​​របាយការណ៍​ យ៉ាង​ហោចណាស់ ពិភពលោក​បាន​ឃើញ​​ក​រ​ណី​កូវីដ​ ១៩​ ជាង ៧១២​ លាន​ករណី ចាប់តាំងពី​ការផ្ទុះ​ឡើង​ដំបូង​នៅ​ទីក្រុង Wuhan ប្រទេស​ចិន​ក្នុង​ខែធ្នូ ឆ្នាំ ២០១៩​​​។

​អង្គការ​សុខភាព​ពិភពលោក​​​បានចាប់ផ្តើម​​កត់​ត្រា​នៃ​ករណី​កូវីដ​​ ១៩ ​និង​អ្នកស្លាប់​ចាប់ពី​ខែមករា​ឆ្នាំ ២០២០។

ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត Van Kerkhoveបាន​និយាយថា តួលេខ​ដែល​បាន​រាយការណ៍​ទំនងជា​គ្រាន់តែ​​​ជា​ជ្រុង​មួយ​ប៉ុណ្ណោះ​​។

«ទិន្នន័យ​ផ្អែកលើ​ករណី ដូចដែល​បាន​រាយការណ៍​ទៅ WHO មិនមែនជា​សូចនាករ​ដែល​អាច​ទុកចិត្តបាន​នោះទេ។ វា​មិនមែនជា​សូចនាករ​ដែល​អាច​ទុក​ចិត្ត​បាន​សម្រាប់ ​២-៣ ឆ្នាំ​ ឥឡូវនេះ។ ដូច្នេះហើយ ប្រសិនបើ​អ្នក​ក្រឡេក​មើល​​ខ្សែកោង ​​EPI វា​ហាក់ដូចជា​មេរោគ​បាន​បាត់ទៅហើយ ហើយ​វា​មិនមែន​ទេ»។

ខ្សែកោង​ EPI- ឬ​ខ្សែកោង​រាតត្បាត គឺជា​តារាង​របារ​ដែល​បង្ហាញ​ពី​ការចែក​ចាយ​ករណី​តាម​ពេលវេលា។

វេជ្ជបណ្ឌិត Van Kerkhove បាន​បន្ថែមថា «យោងទៅតាម​ការប៉ាន់ប្រមាណ​ទឹក​សំណល់​​ដែល​​យើង​ទទួលបាន​ពី​ប្រទេស​មួយចំនួន ចរាចរ​ពិតប្រាកដ​នៃ Sars-CoV-2 គឺ​​​ចន្លោះ​ពី​ ២ ​ទៅ​​ ១៩ ដង ខ្ពស់ជាង​អ្វីដែល​កំពុង​រាយការណ៍​»។

គិត​ត្រឹម​ថ្ងៃទី១៤ ខែមករា ប្រទេស​រុស្ស៊ី សិង្ហ​បុរី និង​អ៊ីតាលី គឺជា​ប្រទេស​ដែល​រាយការណ៍​អំពី​ចំនួន​អ្នក​ឆ្លង​កូវីដ​ ១៩ ​ខ្ពស់បំផុត​ក្នុង​រយៈពេល ២៨ ថ្ងៃមុន។ នៅ​ទូទាំង​ពិភពលោក ករណី​សរុប​ចំនួន ៩៤១ ២៦៥ ត្រូវបាន​រាយការណ៍​ក្នុងអំឡុង​ពេលនេះ។

ប៉ុន្តែ​សហរដ្ឋអាមេរិក ដែលជា​កន្លែង​មនុស្ស ៦ ១០០ នាក់ ​បាន​ស្លាប់​ដោយសារកូវីដ ១៩ ក្នុង​រយៈពេល ២៨ ថ្ងៃ ​​​ឈាន​ទៅ​​ដល់​​ថ្ងៃទី ១៤​ ខែ​មករា មិន​ទាន់​មាន​​តួលេខ​​នៅ​ក្នុង​ប្រទេស​កំពូល​ទាំង ១០ ដែល​រាយការណ៍​ករណី​ច្រើន​ជាង​គេ​​នោះ​ទេ។

នៅ​ទូទាំង​ពិភពលោក មាន​អ្នកស្លាប់​ចំនួន ១០ ០០០ នាក់​ ដោយសារ​ជំងឺ​កូវីដ​ ១៩ ត្រូវបាន​រាយការណ៍​នៅក្នុង​ខែធ្នូ ឆ្នាំ ២០២៣៕